បណ្តាញសង្គម

លោក ប៉ាន សូរស័ក្តិ ស្នើប្រធានមន្ទីរពាណិជ្ជកម្មថ្មីនៅខេត្តព្រៃវែង ពង្រឹងការផ្តល់សេវាសាធារណៈជូនវិស័យឯកជន ឆ្លើយតបនឹងអភិបាលកិច្ចល្អ

(ក្រុងព្រៃវែង)៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ បានស្នើទៅកាន់ប្រធាន មន្ទីរពាណិជ្ជកម្មថ្មី ប្រចាំខេត្តព្រៃវែង បង្កើនការផ្តល់សេវាសាធារណៈ ឲ្យកាន់តែមានប្រសិទ្ធភាព និងតម្លាភាព ដើម្បីឆ្លើយតបសំណូម ពររបស់ប្រជាពលរដ្ឋ ព្រមទាំងកម្មវិធីអភិបាលកិច្ចល្អ ដែលជាស្នូលនៃយុទ្ធសាស្ត្រ ចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា។

«សូមមន្ត្រីទាំងអស់ បន្តកិច្ចសហការចុះត្រួតពិនិត្យ ទំនិញនៅតាមទីផ្សារ និងហាងលក់ទំនិញនានា និងចាត់វិធានការដកហូតរាល់ ទំនិញដែលខូចគុណភាព ឬផុតកាលបរិច្ឆេទប្រើប្រាស់ ធ្វើការដុតកំទេចចោល ដើម្បីការពារសុខមាលភាពប្រជាជន។

លើសពីនេះ ត្រូវខិតខំផ្តល់សេវាសារធាណៈ ឲ្យបានល្អ ជូនវិស័យឯកជន ដើម្បីធ្វើឲ្យវិស័យពាណិជ្ជកម្ម ខេត្តព្រៃវែង កាន់តែមានភាពរីកចម្រើន»។ លោករដ្ឋមន្ត្រីបញ្ជាក់បន្ថែម។

សំណើរបស់លោករដ្ឋមន្ត្រី បានធ្វើឡើងនាឱកាសអញ្ជើញ ជាគណៈអធិបតីភាពជាមួយលោក ជា សុមេធី អភិបាលនៃគណៈ អភិបាលខេត្តព្រៃវែង ក្នុងពិធីប្រកាសចូលកាន់មុខតំណែង ថ្មីរបស់ប្រធានមន្ទីរ ពាណិជ្ជកម្មខេត្តព្រៃវែង ដែលរៀបចំឡើងនៅសាលប្រជុំសាខាកាកបាទ ក្រហមខេត្តព្រៃវែង ក្រោមការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃ ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរខេត្ត និងតំណាងវិស័យឯកជនជាង ២០០នាក់។

លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានកោតសរសើរអតីត ប្រធានមន្ទីរពាណិជ្ជកម្ម ដែលលះបង់កម្លាំងកាយចិត្ត ក្នុងការដឹកនាំ និងបំពេញការងារប្រកប ដោយស្មារតីទទួលខុសត្រូវខ្ពស់ រហូតធ្វើឲ្យមន្ទីរពាណិជ្ជកម្ម ខេត្តព្រៃវែង ក្លាយទៅជាអង្គភាពមួយ ដែលទទួលបានការគាំទ្រ ពីវិស័យឯកជន និងគណៈអភិបាលខេត្ដ គ្រប់ជំនាន់ និងបានជម្រាបជូនអង្គពិធី អំពីសមិទ្ធផលការងារសង្ខេប របស់ក្រសួងពាណិជ្ជកម្ម ជាពិសេសការរៀប ចំលិខិតបទដ្ឋានគតិយុត្ត ដើម្បីបម្រើការអភិវឌ្ឍ វិស័យពាណិជ្ជកម្ម ការពារអត្ថប្រយោជន៍ ប្រជាពលរដ្ឋ និងធានាការលូតលាស់ នៃវិស័យឯកជន នៅក្នុងប្រទេសកម្ពុជា។

លើសពីនេះ លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ ក៏បានថ្លែងអំណរគុណដល់ អាជ្ញាធរខេត្តព្រៃវែង ដែលកន្លងមកបានផ្ដល់ នូវកិច្ចសហការល្អ និងតែងគាំទ្រសកម្មភាព អភិវឌ្ឍន៍វិស័យពាណិជ្ជកម្ម ដូចជា៖ ចូលរួមតាមដាន ស្ថានភាពថ្លៃទំនិញ និងត្រួតពិនិត្យគុណ ភាពទំនិញនៅតាមទីផ្សារ ចុះអប់រំ និងផ្សព្វផ្សាយពីច្បាប់ និងបទបញ្ញត្ដិទាក់ទងវិស័យ ពាណិជ្ជកម្ម ព្រមទាំងសហការរៀបចំ ព្រឹត្ដិការណ៍ពាណិជ្ជកម្មផ្សេងៗ ជាដើម៕

ដកស្រង់ពី៖ Fresh News