បណ្តាញសង្គម

ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត តំណាងរាស្រ្តមណ្ឌលខេត្តព្រះវិហារ ចុះព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅស្រុកសង្គមថ្មី ខេត្តព្រះវិហារ

(ព្រះវិហារ)៖ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត របស់អ្នកតំណាងរាស្ត្រ គណបក្សប្រជាជនកម្ពុជា មណ្ឌលខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨នេះ បានចុះពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃនៅភូមិស្ទឹង ឃុំរអាង ស្រុកសង្គមថ្មី ខេត្តព្រះវិហារ។

នៅក្នុងនោះផងដែ លោកអ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ ក៏បានដឹកនាំ មន្ត្រីរាជការ និងក្រុមការងារចុះជួយ ស្រុកសង្គមថ្មី អញ្ជើញចុះជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋ  និងពិនិត្យមើលការព្យាបាល ជំងឺពីសំណាក់ក្រុមគ្រូពេទ្យ នោះផងដែរ។

លោក អ៊ុន ចាន់ដា បានថ្លែងថា សុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ គឺជាសុខទុក្ខរបស់ថ្នាក់ដឹកនាំ ដែលរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់គណបក្ស ប្រជាជនកម្ពុជា ដែលមានសម្តេចតេជោហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងជាប្រធានគណបក្ស បានចាត់ទុកជាករណីអាទិភាពបំផុត ក្នុងការកសាងប្រទេសជាតិឱ្យ មានការរីកចំរើន ប្រសិនបើសុខមាលភាពរបស់ បងប្អូនប្រជាពលរដ្ឋ មិនត្រូវបានលើក កម្ពស់ទេនោះ ការអភិវឌ្ឍន៍ប្រទេសមិន អាចមានការរីកចំរើន លូតលាស់ទៅមុខ បានដែរ ដូច្នេះមានតែគណបក្ស ប្រជាជនកម្ពុជាទេ ដែលយល់ពីទុក្ខប្រជាជន។

លោកបានបន្ថែមទៀតថា ជាក់ស្តែងថ្ងៃនេះ ក្រុមគ្រូពេទ្យស្មគ្រ័ចិត្ត របស់អ្នកតំណាងរាស្ត្រ គណបក្សប្រជាជនកម្ពុជា មណ្ឌលខេត្តព្រះវិហារ បានចុះពិនិត្យព្យាបាលជំងឺ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅភូមិស្ទឹង ឃុំរអាង ស្រុកសង្គមថ្មី ដែលការចុះពិនិត្យព្យាបាលជំងឺ របស់ក្រុមគ្រូពេទ្យ នៅពេលនេះគឺជាថ្ងៃទី៤ហើយ បន្ទាប់ពីក្រុមគ្រូពេទ្យ យើងបានចុះព្យាបាល ជំងឺជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ បាន៣ក្រុងស្រុកមកហើយ និងបន្តព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃនៅ តាមស្រុកផ្សេងៗ ជាបន្តបន្ទាប់ទៀតនៅ ក្នុងខេត្តព្រះវិហារ។

លោក អ៊ុន ចាន់ដា បានសំណូមពរឱ្យ បងប្អូនប្រជាពលរដ្ឋ ត្រូវមានការអត់ធ្មត់ក្នុងការមក ទទួលសេវាព្យាបាលជំងឺ ព្រោះដោយសារបងប្អូន យើងមកច្រើនពេក ដូច្នេះតែងមានការយឺតយ៉ាវ ដោយសារការរង់ចាំ តែទោះជាយ៉ាងណា ក្រុមគ្រូពេទ្យយើង និងខិតខំព្យាបាលជំងឺ រហូតបានគ្រប់ៗគ្នា។

ហើយលោកក៏បានធ្វើការអំពាវនាវ ឱ្យបងប្អូនប្រជាពលរដ្ឋ អញ្ជើញទៅបោះឆ្នោត ឱ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ បោះឆ្នោតជូនគណបក្ស ដែលបងប្អូនពេញចិត្ត គណបក្សដែលបំរើបងប្អូន ពិតប្រាកដ គណបក្សដែលនៅជាមួយ បងប្អូនរហូតមក កុំជឿតាមការញុះញុង របស់គណបក្សដែល ស្គាល់បងប្អូន តែរដូវបោះឆ្នោតនោះ៕

ដកស្រង់ពី៖ Fresh News