បណ្តាញសង្គម

ប្រធានក្រុមការងារពិការភាពក្រសួងកិច្ចការនារី៖ ជនពិការនៅតែមានការរើសអើងពីមហាជន

(ភ្នំពេញ)៖ លោកស្រី ញ៉ែម មរកត អនុរដ្ឋលេខាធិការ ក្រសួងកិច្ចការនារី ប្រធានក្រុមការងារការងារពិការភាព ក្រសួងកិច្ចការនារី និងជាប្រធានកិត្តិយស សមាគមតន្រ្តីសំនៀងជនពិការ បានថ្លែងថា ជនពិការនៅតែមាន ការរើសអើង ពីមហាជននានា ជាពិសេស ពីវិស័យសុខាភិបាល។

លោកស្រីបានថ្លែងបែបនេះ ក្នុងឱកាសដែលលោកស្រី អញ្ជើញជាអធិបតី ក្នុងកម្មវិធី បញ្ចុះបឋមសិលាបុក គ្រឹះសាងសង់ មណ្ឌលស្នាក់នៅ និងបណ្តុះបណ្តាល ជំនាញជនពិការភ្នែក នៅព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៨នេះ នៅភូមិជំរៅ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដែលព្រះរាជទានដីសាងសង់ និងឧបត្ថម្ភដោយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ និងសម្តេចកកត្តិ ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។

លោកស្រី ញ៉ែម មរកត បានថ្លែងរំលឹកថា លោកស្រីធ្លាប់ទៅជួល ផ្ទះនៅស្ពានជ្រោយចង្វារ បាន២ល្វែងឲ្យជនពិការ ដើម្បីស្នាក់នៅ ហើយដោយសារខ្លាចគេ ពួកគាត់ (ជនពិការ) ឈរចាំលោកស្រីមកដល់ ដោយឈរលើផ្លូវទាំងយប់ មិនហ៊ានចូលផ្ទះគេឡើយ។

លោកស្រីថា ស្នាក់នៅមិនទាន់បាន១ឆ្នាំ ស្រួលបួលផង គេបណ្តេញចេញដោយ ម្ចាស់ផ្ទះអះអាំងថា នៅផ្ទះគេ ធ្វើឲ្យទឹកលិចដំបូលផ្ទះ និងបំផ្លាញទ្រព្យ សម្បត្តិគេជាដើម។

លោកស្រីបានបញ្ជាក់ ទាំងអួលដើមកថា «កូនខ្ញុំគ្នាពិការ មានឡើងទៅលើដំបូល ផ្ទះកើតឯណា? គ្រាន់តែបង្អួច ត្រូវខ្យល់បោកបាក់បែក ក៏ទូរស័ព្ទមកស្តីឲ្យដែរ គេថា បំផ្លាញផ្ទះគេ។

នៅពេលដែលក្មេងៗ ជួបប្រទះនូវការរើសអើង និងការប្រមាថអំពី មនុស្សមួយចំនួន ដែលអត់ដឹង អត់យល់អំពីច្បាប់ កូនៗខ្ញុំត្រូវបាន គេបណ្តេញជាញឹកញាប់ ពេលខ្លះទាំងកណ្តាលយប់កូនៗខ្ញុំ គេមិនព្រមជួលផ្ទះ សំណាក់ឲ្យស្នាក់នៅ។

ពេលខ្លះយប់ឡើង ខ្ញុំដឹកដៃកូនរកផ្ទះ ដើម្បីស្នាក់នៅ ពេលខ្លះខ្ញុំអង្គុយយំនៅក្នុងឡាន អត់ដឹងថាត្រូវធ្វើម៉េច»។

អនុរដ្ឋលេខធិការ ក្រសួងកិច្ចការនារីរូបនេះ បានបន្តថា «ខ្ញុំក៏មកជួលនៅខណ្ឌសែនសុខ មិនបានប៉ុន្មានផង ស្រាប់តែអ្នកជិតខាង គេគំរាមកំហែងរកបោកគ្រាប់បែក ហើយម្ចាស់ផ្ទះនៅទៀតសោត ពីដំបូងមិនអីទេ ដោយសារខ្ញុំជួល ឲ្យតម្លៃ១ខែ៤០០ដុល្លារអាមេរិក តែក្រោយមក ម្ចាស់ផ្ទះចេះតែរករឿងរហូត ហើយឈានដល់ការ បណ្តេញចេញទៀតផង»។

លោកស្រី ញ៉ែម មរកត បានថ្លែងដោយបន្តអួលដើមកថា «គ្នាកើតកូនកណ្តាលយប់ ក៏ខ្ញុំនាំទៅមន្ទីរពេទ្យ មន្ទីរពេទ្យស្តីឲ្យទៀត។

ទៅមន្ទីរពេទ្យមួយនោះ ទុកគ្នាចោល គេមកខ្សឹបប្រាប់ខ្ញុំថា កូនហ្នឹងកើតឥឡូវហើយ តែគេមិនមើលសោះ ទាល់តែខ្ញុំថា បើសិនជាមិនមើលទេ បើកូនហ្នឹងមានបញ្ហា ទទួលខុសត្រូវ ចំពោះមុខច្បាប់»។

ប្រធានក្រុមការងារការងារពិការភាព បន្តថា «មន្ទីរពេទ្យខ្លះ គាត់រើសអើងណាស់ កូនៗគ្នាចុកពោះ ស្រែករកនឹងកើតកូន ដោយស្រែកថា ម៉ែជួយកូនផងៗ។

នាងចុកពោះស្រែកទៅរកពេទ្យ ដោយបញ្ជាក់ថាគ្នាចង់ជួបខ្ញុំ។ គ្រាន់តែគ្នាថាសុំជួប គេថាចាំបាច់ជួបម៉ែណាធ្វើអី មានរឿងអីត្រូវជួប មានរឿងអីត្រូវនិយាយគ្នា ខ្ញុំស្តាប់លឺបែបនេះ។ ទាល់តែប្រាប់ថា ខ្ញុំជាអ្នកណា មានន័យថា យើងមានតួនាទីមួយនៅក្នុងរាជការ បានគេព្រមជួប ខ្ញុំទៅសំពះគេ ដើម្បីឲ្យជួយកូនខ្ញុំ»។

បើតាមលោកស្រី ញ៉ែម មរកត ជនពិការ ត្រូវបានរើសអើងគ្រប់ទម្រង់ មិនថាពីគ្រួសារគេ ឬតាមរមណីយដ្ឋានឡើយ។ ជនពិការម្នាក់ឈ្មោះ រតនា ត្រូវបានរើសអើងពីគ្រួសារ ដោយត្រូវគ្រួសារជះទឹកត្រីដាក់ភ្នែក និងលើខ្លួន ហើយនាងត្រូវបានគេចាប់រំលោភ ជាច្រើនសារពីមនុស្ស៥នាក់។

នាងក៏ធ្លាប់មានប្តី ហើយប្តីនោះ លក់តៗគ្នា ឬប្តីឲ្យដើរសុំទានគេ ដើម្បីបានលុយមកឲ្យប្តី។ ទង្វើនេះ ធ្វើឲ្យរតនា មានជំងឺប្រចាំកាយ ដែល១ថ្ងៃប្រកាច់៦ដងក៏មាន។ បើច្រៀងនៅតាមភោជនីយដ្ឋានវិញ គេមិនចង់ឲ្យច្រៀងទេ ទុកចោលទាល់តែយប់ជ្រៅ។

ហើយមានកន្លែងខ្លះទៀត ពេលគ្នាច្រៀងចប់ បែរជាឲ្យក្រដាសគ្នាទៅវិញ។ ដោយសារគ្នា មើលមិនឃើញ គ្នាក៏ចេះតែក្តាប់យក។ មិនតែប៉ុណ្ណោះ មានកន្លែងខ្លះ មុននឹងចូលច្រៀង ត្រូវសូកលុយឲ្យសន្តិសុខ ឲ្យអ្នកយាម។ បើមិនឲ្យគេ គេមិនឲ្យចូលច្រៀងជាដើម។

ជនពិការ ជួបប្រទះនូវបញ្ហា គ្រប់បែបយ៉ាងទាំងអស់ ហាក់បីដូចជាមិនចង់ឲ្យគ្នា មានឱកាសក្នុងការធ្វើការងារ រស់រានមានជីវិត។ នេះបើតាមការបន្ថែមពីលោកស្រី។ ទោះបីជាយ៉ាងនេះក្តី លោកស្រីសូមថ្លែងអំណរគុណ ពីសំណាក់ជនសប្បុរសនានា ដែលមានការយកចិត្តទុកដាក់ ជាពិសេសពីសម្តេចម៉ែ, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចតេជោ ហ៊ុនសែន ប្រមុខរាជរដ្ឋាភិបាល។ លោកស្រីថា សម្តេចបានយកចិត្តទុកដាក់ ខ្លាំងណាស់លើជនពិការ ហេតុអីបានជាមនុស្សមួយចំនួន បែរជាមិនយកចិត្តទុកដាក់ទៅ។

សម្តេចបានរៀបការ ឲ្យជនពិការជាច្រើននាក់ ព្រមទាំងខិតខំរកកន្លែង ឲ្យស្នាក់នៅទៀតផង តែបែរជាមានអ្នកធ្វើផ្ទុយ នឹងសម្តេចទៅវិញ។

ជាមួយគ្នានេះ លោកស្រី ញ៉ែម មរកត សូមអំពាវនាវដល់សប្បុរសជននានា សូមឲ្យជួយមណ្ឌល បណ្តុះបណ្តាលជនពិការភ្នែកនេះ ឲ្យក្លាយជារូបរាងជាក់ស្តែង នៅពេលខាងមុខនេះ ដ៏ខ្លីនេះ។

ហើយមណ្ឌលនេះ មិនមែនសម្រាប់ តែក្រុមជនពិការជាង ១០០នាក់នេះទេ តែមណ្ឌលនេះ គឺសម្រាប់ជនពិការទូទាំងប្រទេស។ លោកស្រីថា ជនពិការមកពីខេត្តណា ទីកន្លែងណា សមាគមណា ក៏អាចសុំស្នាក់នៅ និងរៀននៅទីនេះបានដែរ។

សូមជម្រាបថា មណ្ឌលស្នាក់នៅ និងបណ្តុះបណ្តាល ជំនាញជនពិការភ្នែក ទទួលបានព្រះរាជទ្រព្យពីសម្តេចម៉ែ ៣៥,០០០ដុល្លារអាមេរិក, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ៨០,០០០ដុល្លារអាមេរិក, លោកស្រី វណ្ណ លុយ អគ្គនាយកក្រុមហ៊ុនទឹកអេរ៉ូទិច ៣០០០ដុល្លារអាមេរិក និងលោកស្រី សៀង ចាន់ហេង ប្រធានក្រុមហ៊ុនហេងអភិវឌ្ឍន៍ ១៥០,០០០ដុល្លារអាមេរិកផងដែរ។

លោកស្រី សៀង ចាន់ហេង បញ្ជាក់ថា បើប្រាក់ដែលត្រូវចំណាយមិនគ្រប់នោះ លោកស្រីនឹងឧបត្ថម្ភបន្ថែមទៀត ដោយមិនកំណត់ឡើយ៕

ដកស្រង់ពី៖ Fresh News