បណ្តាញសង្គម

មន្ត្រីជាន់ខ្ពស់ទេសចរណ៍៖ កម្ពុជាអាចនឹង មានការហោះហើរត្រង់ ពីឥណ្ឌូនេស៉ី នៅឆ្នាំ២០១៩

(ភ្នំពេញ)៖ លោកថុក សុខុម ប្រធាននាយកដ្ឋានសហ ប្រតិបត្តិការអន្តរជាតិ និងអាស៊ាន នៃក្រសួងទេសចរណ៍ បានថ្លែងថា ប្រទេសកម្ពុជាអាចនឹងមាន ការហោះហើរត្រង់ដោយផ្ទាល់ ពីប្រទេសឥណ្ឌូនេស៉ី នៅក្នុងឆ្នាំ២០១៩ ខាងមុខនេះ។

ការថ្លែងរបស់មន្ត្រីជាន់ខ្ពស់ ក្រសួងទេសចរណ៍រូបនេះ បានធ្វើឡើង បន្ទាប់ពីជំនួបពិភាក្សាការងារ ត្រូវបានបញ្ចប់ រវាងលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក Sudrirman Haseng ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៉ីថ្មី ប្រចាំនៅកម្ពុជា នៅរសៀលថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៨នេះ នៅទីស្តីការក្រសួងទេសចរណ៍។

លោកថុក សុខុម បានបញ្ជាក់យ៉ាងដូច្នេះថា «ឯកឧត្តមរដ្ឋមន្ត្រី និងឯកឧត្តម ឯកអគ្គរដ្ឋទូត បានពិភាក្សាគ្នា… គាត់ស្នើសុំទៅភាគីឥណ្ឌូនេស៉ី ឲ្យមានការ ហោះហើរត្រង់រវាងកម្ពុជា និងឥណ្ឌូនេស៉ី ហើយយើងអាច មានការហោះហើរត្រង់ នៅក្នុងឆ្នាំ២០១៩ ដោយឡាយអិនអ៊ែរ»។ ទន្ទឹមនឹងការជំរុញ ឲ្យមានការហោះហើរ ត្រង់នៅឆ្នាំ២០១៩នេះ លោកថុក សុខុម បានឲ្យដឹងទៀតថា លោករដ្ឋមន្រ្តីទេសចរណ៍ និងលោកឯកអគ្គរដ្ឋទូត ក៏បានពិភាក្សាគ្នា ដើម្បីរៀបចំ ពិធីបុណ្យប្រពៃណីបែប ពុទ្ធសាសនាផងដែរ។

លោកបានបញ្ជាក់បន្ថែមថា «ការរៀបចំបុណ្យបែប ប្រពៃណីពុទ្ធសាសនា យើងធ្លាប់បានរៀបចំនៅសៀមរាប កាលពីឆ្នាំ២០១៧ ហើយខាងឥណ្ឌូនេស៉ី ប្រាប់ថានឹងយកចំណុចនេះទៅពិភាក្សា ជាមួយក្រសួងទេសចរណ៍ ហើយចំពោះកិច្ចសហប្រតិបត្តិការរវាង ការតភ្ជាប់ដោយផ្ទាល់ ពីកម្ពុជាទៅឥណ្ឌូនេស៉ី អាចនឹងមានការហោះហើរត្រង់ នៅឆ្នាំ២០១៩ ដែលជាឆ្នាំប្រារព្ធខួបលើកទី៦០ ទំនាក់ទំនងការទូតកម្ពុជា និងឥណ្ឌូនេស៉ី»។

បើតាមប្រធាននាយកដ្ឋាន សហប្រតិបត្តិការអន្តរជាតិ និងអាស៊ានរូបនេះ អត្ថប្រយោជន៍ដែលទទួលបាន ពីការរៀបចំបុណ្យប្រពៃណី បែបពុទ្ធសាសនានេះ រួមមាន៖

ទី១៖ យើងបានផ្សព្វផ្សាយគោលដៅ ទេសចរណ៍របស់យើង។

ទី២៖ យើងបានជំរុញឲ្យគេស្គាល់ យើងបានកាន់តែច្រើន។

ទី៣៖ យើងជំរុញឲ្យប្រជាពល រដ្ឋទាំងអស់ កាន់តែមានជំនឿលើ ព្រះពុទ្ធសាសនា ប្រព្រឹត្តទង្វើមួយដែលល្អ៕

ដកស្រង់ពី៖ Fresh News