បណ្តាញសង្គម

អបអរសាទរពិធីរុក្ខទិវា៩ កក្កដា! អាជ្ញាធរ មន្រ្តី និងប្រជាពលរដ្ឋ នាំយកកូនឈើជិត២ពាន់ដើម ទៅដាំនៅខេត្តស្ទឹងត្រែង

(ស្ទឹងត្រែង)៖ កូនឈើចម្រុះ និងឈើហូបផ្លែគ្រប់ ប្រភេទប្រមាណជិត២ពាន់ដើម ត្រូវបានអាជ្ញាធរខេត្តស្ទឹងត្រែង មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ ប្រជាពលរដ្ឋរួម និងសិស្សានុសិស្ស បានរៀបចំដាំនៅក្នុង បរិវេណមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង នៅព្រឹកថ្ងែទី៣ ខែកក្កដា ឆ្នាំ២០១៨ ដើម្បីជាការអបអរសាទរ ពិធីរុក្ខទិវា៩ កក្កដា ឆ្នាំ២០១៨។

លោក លៀង សេង ប្រធានមន្ទីរកសិកម្មរុក្ខា ប្រម៉ាញ់ និងនេសាទខេត្តស្ទឹងត្រែង បានឲ្យដឹងថា ទិវាហត្ថកម្មដាំដើម ឈើជាប្រពៃណីជាតិ ហៅថា បុណ្យរុក្ខទិវា ត្រូវបានប្រារព្ធធ្វើឡើងនៅទី៩ ខែកក្កដា ជារៀងរាល់ឆ្នាំទូទាំងប្រទេស សំដៅធានានូវការគ្រប់គ្រងព្រៃឈើ ប្រកបដោយនិរន្ដភាព និងមានផលប្រយោជន៍ សំរាប់សង្គម សេដ្ឋកិច្ច និងបរិស្ថាន រួមទាំងការអភិរក្សជីវៈចម្រុះ និងមរតកវប្បធម៌ ពិសេសអាចបង្កើតបាននូវម្លប់បៃតងឡើងវិញធ្វើឲ្យទីក្រុងស្អាត។

លោក លៀង សេង បានបញ្ជាក់ទៀតថា «ផែនការឆ្នាំ២០១៨នេះ យើងដាំកូនឈើនៅមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ហើយខណ្ឌរដ្ឋបាលព្រៃឈើ ធ្វើការបែងចែកកូនឈើហូបផ្លែ ជូនប្រជាពលរដ្ឋ និងស្ថាប័នផ្សេងៗទៀត យកទៅដាំតាមលំនៅដ្ឋាន រៀងៗខ្លួន ដើម្បីជាការបំផុសចលនាដល់ គូរស្រករថ្មីឲ្យដាំកូនឈើ ក្នុងម្នាក់មួយដើមក្នុងពេលប្រារព្វ អាពាហ៍ពិពាហ៍ដើម្បីទុក ជាអនុស្សាវរីយ៍ផងដែរ»។

លោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង បានថ្លែងថា «ការដាំដើមឈើពិតជាមាន ប្រយោជន៍ណាស់ ដូចនេះប្រជាពលរដ្ឋយើងទាំងអស់គ្នា សូមចូលរួមដាំដុះកូនឈើ រក្សាការពារ និងស្រឡាញ់ព្រៃឈើ ស្រឡាញ់ជីវចំរុះ សត្វព្រៃដើម្បីប្រែក្លាយតំបន់រស់នៅ ឲ្យមានគំរបពណ៌បៃតងស្រស់បំព្រង និងអភិរក្សធនធានព្រៃឈើ សម្រាប់ជាមូលដ្ឋានគ្រឹះនៃការ អភិវឌ្ឍសេដ្ឋកិច្ចជាតិ»។

លោកអភិបាលខេត្ត បានបញ្ជាក់បន្ថែមទៀតថា ការបាត់បង់ព្រៃឈើ និងគំរបព្រៃឈើបណ្តាលឲ្យ តំបន់យើងទទួលរងការគំរាមកំហែង ពីធម្មជាតិដូចនេះ យើងត្រូវនាំគ្នាបញ្ឈប់ការកាប់ រានដុតឈូសឆាយដីព្រៃឈើ ធ្វើជាកម្មសិទ្ធ ហើយនាំគ្នារក្សាការពារ និងដាំដើមឈើ ឡើងវិញឲ្យបានច្រើន រួមទាំងឈើហូបផ្លែផងដែរ៕

ដកស្រង់ពី៖ Fresh News