Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កម្ពុជា-ចិន សហការគ្នាលើកិច្ចគាំពារបរិស្ថាន និងជីវៈចម្រុះនៅកម្ពុជា

  • បោះពុម្ព

(ភ្នំពេញ)៖ កម្ពុជា-ចិន បានសហការគ្នាលើកិច្ចគាំពារបរិស្ថាន តាមរយៈការពង្រីកវិសាលភាព និងសមត្ថភាពវិភាគ ទៅលើគុណភាពខ្យល់ ទឹក និងដី ដែលនឹងជួយធ្វើឱ្យបរិស្ថានក្នុងប្រទេសកម្ពុជា ពិសេសរាជធានីភ្នំពេញ កាន់តែមានភាពប្រសើរ។

 

ឯកសារ ស្តីពីកិច្ចព្រមព្រៀងលើកិច្ចសហប្រតិបត្តិការ ផ្នែកបរិស្ថានចំនួន៣ រួមមាន៖ ការបង្កើតមជ្ឈមណ្ឌល សហប្រតិបត្តិការបរិស្ថានកម្ពុជា-ចិន, កិច្ចសហប្រតិបត្តិការអភិរក្សជីវៈចម្រុះកម្ពុជា-ចិន និងគម្រោងឧបត្ថម្ភម៉ាស៊ីនសម្អាតទឹកកខ្វក់ ត្រូវបានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា ដោយមន្ត្រីជាន់ខ្ពស់របស់ក្រសួងបរិស្ថានកម្ពុជា និងក្រសួងបរិស្ថានចិន នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៨នេះ។

លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដែលចូលរួមជាសក្ខីភាព ក្នុងពិធីចុះហត្ថលេខា បានថ្លែងថា ឯកសារដែលចុះកិច្ចព្រមព្រៀងរួមគ្នានេះ នឹងកំណត់ទិសដៅច្បាស់លាស់ សម្រាប់កិច្ចគាំពារបរិស្ថាននៅកម្ពុជា តាមរយៈការជួយបណ្តុះបណ្តាលដល់មន្ត្រីកម្ពុជា ដើម្បីឱ្យមានសមត្ថភាព ក្នុងអនុវត្តការងារបរិស្ថាន ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល ព្រមទាំងផ្តល់នូវព័ត៌មានជាក់លាក់មួយ ដែលធ្វើឱ្យវិស័យបរិស្ថានឱ្យកាន់តែប្រសើរឡើង។

លោក ហ្សៅ យីងមីន (ZHAO Yingmin) អនុរដ្ឋមន្ត្រីក្រសួងអេកូឡូស៊ី និងបរិស្ថានប្រទេសចិន បានឱ្យដឹងថា កិច្ចសហការនេះ ផ្តោតលើការបំពុលខ្យល់អាកាស ការបំពុលទឹក និងការបំពុលដី ដោយក្នុងនោះភាគីចិន អាចចែករំលែកបទពិសោធន៍ និងផ្តល់ព័ត៌មានដែលអាចឆ្លើយតប ទៅតម្រូវការសម្រាប់ដោះស្រាយបញ្ហា ក្នុងវិស័យបរិស្ថានរបស់ប្រទេសកម្ពុជាបាន។

លោកបន្តថា នេះជាកិច្ចសហការដ៏ល្អមួយរបស់រាជរដ្ឋាភិបាល កម្ពុជា-ចិន ក្នុងការរួមគ្នាដោះស្រាយបញ្ហាបរិស្ថាន ប្រព័ន្ធអេកូឡូស៊ី និងជីវៈចម្រុះ ដែលបាននឹងកំពុងរងការបំពុលដោយការអភិវឌ្ឍ និងការប្រែប្រួលអាកាសធាតុ។

សូមបញ្ជាក់ថា នៅក្រោយពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ ភាគីទាំងពីរ ក៏បានដាក់ឱ្យប្រើប្រាស់នូវ «ការិយាល័យរៀបចំបង្កើតមជ្ឈមណ្ឌល សហប្រតិបត្តិការបរិស្ថានកម្ពុជា-ចិន» ដែលជាផ្នែកមួយនៃការបង្កើនកិច្ចសហប្រតិបត្តិការជាមួយគ្នា លើការលើកកម្ពស់កិច្ចគាំពារបរិស្ថាន និងគ្រប់គ្រងវិស័យបរិស្ថាននៅកម្ពុជាឱ្យមានប្រសិទ្ធភាពផងដែរ៕

 

ដកស្រង់ពី៖FRESH NEWS