បណ្តាញសង្គម

ឯកឧត្តម ពេជ្រ ប៊ុនធិន ប្រកាសតែងតាំង ប្រធានមន្ទីរ មុខងារសាធារណៈ ខេត្ដព្រៃវែង

ព្រៃវែង៖ ពិធីប្រកាស តែងតាំងមុខ តំណែងប្រធាន មន្ទីរមុខងារសាធារណៈ ខេត្ដ ព្រៃវែង ត្រូវបានធ្វើ ឡើងនៅវេលាម៉ោង២ និង៣០នាទីរសៀល ថ្ងៃទី៤ ខែមិថុនា ឆ្នាំ ២០១៤ ស្ថិតនៅសាលាខេត្ដព្រៃវែង ដែលមន្ទីរមុខងារសាធារណៈ គឺជាសេនាធិការ របស់ក្រសួងមុខងារសាធារណៈ ដែលត្រូវបាន រាជរដ្ឋាភិបាល ទើបង្កើតឡើង នៅក្នុងអាណត្ដិទី៥នេះ ។

ពិធីប្រកាសតែងតាំង មុខតំណែងប្រធាន មន្ទីរមុខងារសាធារណៈ ខាងលើនេះ បានប្រព្រឹត្ដធ្វើឡើងក្រោម អធិបតីភាពរបស់ ឯកឧត្តម ពេជ្រ ប៊ុនធិន រដ្ឋមន្ដ្រីក្រសួងមុខងារ សាធារណៈ និងអភិបាលខេត្ដព្រៃវែង ឯកឧត្តម ហាស់ សារ៉េត ព្រមទាំងមានការអញ្ជើញ ចូលរួមពីថ្នាក់ដឹកនាំ និងមន្ដ្រីពាក់ព័ន្ធមួយចំនួនទៀត ។

យោងតាមសេចក្ដីប្រកាស ចុះថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៤ របស់ក្រសួងមុខងារ សាធារណៈ បានសម្រេច តែងតាំងលោក ញ៉ែម សុខជា អតីតអនុប្រធានមន្ទីររៀបចំ ដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្ដ ជាប្រធានមន្ទីរ មុខងារសាធារណៈ ខេត្ដព្រៃវែង ។

នៅក្នុងពិធីប្រកាសតែងតាំងនេះ លោក យ៉ែម សុខជា បានធ្វើការប្ដេជ្ញាចិត្ដ ខិតខំអនុវត្ដការងារ ប្រកប ដោយឆន្ទៈខ្ពស់ ទទួលខុស ត្រូវ មានមនសិការ វិជ្ជាជីវៈ បម្រើសេវា សាធារណៈឱ្យបានល្អ គោរពច្បាប់និង លិខិត បទដ្ឋានគតិយុត្ដ របស់រាជរដ្ឋាភិបាល ពង្រឹង និងពង្រីកទំនាក់ទំនងល្អ បង្កើនសាមគ្គីភាព ផ្ទៃក្នុងការងារ សម្រេចបានដោយជោគជ័យ។

អភិបាលខេត្ដព្រៃវែង ឯកឧត្តម  ហាស់ សា រ៉េត បានថ្លែងនៅក្នុងពិធី ដោយលើកឡើងពី លទ្ធផលការងារនិង ការរីកចំរើនជាច្រើន របស់ខេត្ដព្រៃវែង ទាំងសេដ្ឋកិច្ច សង្គមកិច្ច ពាណិជ្ជកម្ម  ឧស្សាហកម្ម  សាសនា និង ហេដ្ឋារចនាសម្ព័ន្ធ ដែលការរីកចំរើនទាំងនេះ គឺដោយសារតែមានការចង្អុលបង្ហាញ ពីប្រមុខនៃរាជ រដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន ។

ឯកឧត្តម ពេជ្រ ប៊ុនធិន បានផ្ដាំផ្ញើដល់ប្រធានមន្ទីរថ្មី ត្រូវខិតខំយក ចិត្ដទុកដាក់ ប្រកបដោយសីលធម៌ មនសិការ វិជ្ជាជីវៈ លើការបំពេញការងារ និងមានឆន្ទៈទទួលខុសត្រូវ ផ្ដល់សេវាសាធារណៈឱ្យបានល្អ សម្រាប់កម្ម វិធីនយោបាយ និងកំណែទម្រង់ របស់រាជរដ្ឋាភិបាល ក្នុងអាណត្ដិទី៥នេះ។