បណ្តាញសង្គម

អាជ្ញាធរខណ្ឌឬស្សីកែវ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌប្ញស្សីកែវ អាណត្តិទី២ ជាមួយពលរដ្ឋជិត៥០០នាក់ ដើម្បីដោះស្រាយបញ្ហាប្រឈម

(ភ្នំពេញ)៖ ប្រជាពលរដ្ឋប្រមាណជិត៥០០នាក់ មកពីតាមបណ្ដាសង្កាត់ទាំង៧ នៃមូលដ្ឋានខណ្ឌឬស្សីកែវ នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៨ បានចូលរួមក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុម ប្រឹក្សាខណ្ឌប្ញស្សីកែវ អាណត្តិទី២ ឆ្នាំ២០១៨ នៅមជ្ឈមណ្ឋលម៉ូឌែន៥ ក្រោមអធិបតីភាពលោក វ៉ាន់ សាលី ប្រធានក្រុមប្រឹក្សាខណ្ឌ លោក លីន ញ៉ក់ អភិបាលរងខណ្ឌ តំណាងលោក ជា ពិសី អភិបាលខណ្ឌ រួមនិងព្រះសង្ឃ សមាជិកក្រុមប្រឹក្សាខណ្ឌ សង្កាត់ មន្រ្តីរាជការ មន្ត្រីប៉ូលីស ប៉េអឹម យោធភូមិភាគពិសេសផងដែរ។

ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ ក្រុមប្រឹក្សាខណ្ឌប្ញស្សីកែវ អាណត្តិទី២ ឆ្នាំ២០១៨នេះដែរ ប្រជាពលរដ្ឋមានឱកាស បញ្ចេញមតិលើកឡើង ចំនួន១០សំនួរ និងសំនួរក្មុងប្រអប់ ចំនួន៣៥សំនួរ សរុប៤៥សំនួរ ក្នុងនោះទាក់ទងការផ្ដល់ ប័ណ្ណស្នាក់នៅ ការប្រព្រឹត្តល្បែងស៊ីសងជាដើម ដែលជាបញ្ហាប្រឈមអសន្តិសុខ ដើម្បីឲ្យថ្នាក់ដឹកនាំជួយមាន វិធានការរកដំណោះស្រាយជូន។

ជាមួយគ្នានោះ ដើម្បីដោះស្រាយបញ្ហាប្រឈម ទាំងឡាយជូនប្រជាពលរដ្ឋ លោក លីន ញ៉ក់ អភិបាលរងខណ្ឌឬស្សីកែវ បានជំរុញដល់មន្ត្រីជំនាញ អត្តសញ្ញាណកម្មពន្លឿន ការផ្ដល់ប័ណ្ណស្នាក់ ដែលនៅសេសសល់ជូនប្រជាពលរដ្ឋ ឲ្យបានឆាប់រហ័ស និងព្រមានចំពោះជនណាដែល ទទួលហិរញ្ញវត្ថុពីវង់ល្បែងស៊ីសង ប្រាកដជាត្រូវប្រឈម វិធានការផ្លូវច្បាប់។

លោក លីន ញ៉ក់ បន្តថា ក្រៅពីការងារខាងលើ មន្ត្រីជំនាញពាក់ព័ន្ធត្រូវដោះ ស្រាយទាំងបញ្ហាប្រព័ន្ធលូ និងសំរាម ដោយផ្ដើមចេញពីការពិភាក្សា ជាមួយអាជ្ញាធរសង្កាត់ ដើម្បីដោះស្រាយ ធ្វើការឆ្លើយតបជូនប្រជាពលរដ្ឋ ក្នុងនាមជាអ្នកបំរើរាស្ត្រ៕

ដកស្រង់ពី៖  Fresh News