បណ្តាញសង្គម

វេទិកាសម្ព័ន្ធសង្គមស៊ីវិល៖ ការចូលរួមសង្កេតការណ៍បោះឆ្នោត ឆ្លុះបញ្ចាំងពីការពង្រឹងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា

(ភ្នំពេញ)៖ លោក កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាល នៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស) បានលើកឡើងថា ការដែលវេទិកាសម្ព័ន្ធសង្គម ស៊ីវិលរបស់លោកបញ្ជូន សមាជិករហូតដល់ជាង ១ពាន់នាក់ចូលរួមសង្កេត ការណ៍ការបោះឆ្នោតនាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខ គឺជាការឆ្លុះបញ្ចាំងឲ្យ ឃើញនូវការគាំទ្រ និងពង្រឹងលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជាឲ្យកាន់តែរឹង មាំបន្ថែមទៀត។

ជាពិសេសដើម្បីធានាឲ្យបានថា ការបោះឆ្នោតនេះប្រព្រឹត្ត ទៅដោយអព្យាក្រឹត តម្លាភាព និងយុត្តិធម៌។

លោក កឹមរ័ត្ន វិសិដ្ឋ បានលើកឡើងបែបនេះ ក្នុងពេលរៀបចំវគ្គបណ្តុះបណ្តាល ដល់អ្នកសង្កេតការណ៍ សង្គមស៊ីវិល សម្រាប់ការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៨នេះ។

ប្រធានក្រុមប្រឹក្សាភិបាល វ.ស.ស បានបន្តថា ការចូលរួមសង្កេតការណ៍របស់ ក្រុមអង្គការសង្គមស៊ីវិល ជាការរួមចំណែកដោយផ្ទាល់ ក្នុងការធានាបាននូវ អធិបតេយ្យភាព និងភាពជាម្ចាស់ការនៃ ការបោះឆ្នោតនៅកម្ពុជា។

«ក្នុងនាមជារដ្ឋអធិបតេយ្យការ ចូលរួមសង្គេតការណ៍បោះឆ្នោត ពីសំណាក់អ្នកសង្កេតការណ៍ សង្គមស៊ីវិលជាតិ គឺជាការចាំបាច់ណាស់ ដើម្បីចូលរួមពិនិត្យដោយ ផ្ទាល់អំពីដំណើរការនៃ ការបោះឆ្នោត ប្រកបដោយតម្លាភាព សេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់ជាធរមានផ្សេងទៀត»។

លោក កឹមរ័ត្ន វិសិដ្ឋ បញ្ជាក់បន្ថែម។ លោក កឹមរ័ត្ន វិសិដ្ឋ បានលើកឡើងដែរថា ការចូលរួមសង្កេតការណ៍នេះ បានសបញ្ជាក់ឲ្យឃើញ ពីគោលបំណង និងឆន្ទៈ របស់អ្នកសង្កេតការណ៍មកពី អង្គការសង្គមស៊ីវិលក្នុងការរួម ចំណែកធ្វើឲ្យដំណើរ ការនៃការបោះឆ្នោតជ្រើស តាំងតំណាងរាស្ត្រនីតិកាលទី៦ ឆ្នាំ២០១៨នេះ ប្រព្រឹត្តទៅស្របតាមឆន្ទៈរបស់ ប្រជាពលរដ្ឋសំដៅចូលរួមលើក កម្ពស់លទ្ធិប្រជាធិបតេយ្យ និងថែរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រទេសជាតិ។

សូមបញ្ជាក់ថា អ្នកសង្កេតការណ៍ជាតិ ដែលត្រូវបានអញ្ជើញមកចូលរួម ក្នុងវគ្គបណ្តុះបណ្តាលនៅព្រឹកមិញនេះ រួមមាន៖ អង្គការ-សមាគម ចំនួន៩៤ ដែលមានអ្នកសង្កេតការណ៍ សរុបចំនួន១០៣៨នាក់ ក្នុងនោះមានស្ត្រីចំនួន៣៧៤នាក់ មកពី២៥រាជធានី-ខេត្ត និងបានចុះឈ្មោះជាអ្នកសង្កេតការណ៍ និងបានទទួលស្គាល់ដោយ គ.ជ.ប រួចហើយ។

ប្រធានក្រុមប្រឹក្សាភិបាលនៃ វេទិកាសម្ព័ន្ធសង្គមស៊ីវិល លោក កឹមរ័ត្ន វិសិដ្ឋ បានបញ្ជាក់ថា ការបណ្តុះបណ្តាលនេះ នឹងផ្តល់ជាពុទ្ធិថ្មីៗ ដល់អ្នកសង្កេតការណ៍ឲ្យបាន យល់ដឹងជាមូលដ្ឋានអំពីដំណើរការ និងតីនីតិវិធី នៃការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ និងក្រមសីលធម៌ របស់អ្នកសង្កេតការណ៍ ដែលអាចយកទៅប្រើប្រាស់ ប្រកបដោយមនសិការ និងទំនួលខុសត្រូវខ្ពស់ ក្នុងការចូលរួមសង្កេតការណ៍ បោះឆ្នោតឲ្យបានត្រឹមត្រូវ តាមច្បាប់ និងនីតិវិធី៕

ដកស្រង់ពី៖ Fresh News