Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

៦ខែឆ្នាំ២០១៨ រដ្ឋបាលគយ និងរដ្ឋាករ ប្រមូលចំណូលបានជាង ១ពាន់លានដុល្លារអាមេរិក, ពន្ធពីយានយន្តមានកំណើនខ្ពស់ជាងគេ

  • បោះពុម្ព

(ភ្នំពេញ)៖ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃអគ្គនាយដ្ឋានគយ និងរដ្ឋាករកម្ពុជា លោក គុណ ញឹម បានឲ្យដឹងថា ឆមាសទី១ (៦ខែ) ឆ្នាំ២០១៨នេះ ចំណូលពីការប្រមូលពន្ធដោយ អគ្គនាយកដ្ឋានគយ និងរដ្ឋាករ មានប្រមាណ ៤,៧៣៦ប៊ីលានរៀល ស្មើនឹងប្រមាណ ១,១៧២លានដុល្លារអាមេរិក។

តួលេខចំណូលនេះស្មើនឹងប្រមាណ ៥៦,៧% នៃផែនការកំណត់ដោយច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០១៨។ លោក គុណ ញឹម បានថ្លែងបញ្ជាក់ដូច្នេះក្នុងកិច្ចប្រជុំ បូកសរុបការងារគយ និងរដ្ឋាករប្រចាំឆមាសទី១ ឆ្នាំ២០១៨។

លោក គុណ ញឹម បានថ្លែងឲ្យដឹងថា បើធៀបឆមាសទី១ ឆ្នាំ២០១៧ ចំណូលពីការប្រមូលពន្ធគយ និងអាករផ្សេងៗក្នុងរយៈពេល៦ខែឆ្នាំ២០១៨នេះ កើនឡើងប្រមាណ ២៧,៨%។

ក្នុងនោះចំណូលពីមុខទំនិញ យានយន្តមានកំណើន ៤០,៥%, មុខទំនិញប្រេង និងថាមពលកើនឡើង ១០,៥%, គ្រឿងសំណង់កើនឡើង ២៦,៦% និងមុខទំនិញចម្រុះផ្សេងទៀត មានកំណើន២៧%។

ប្រតិភូរាជរដ្ឋាភិបាលរូបនេះ បានបន្ថែមថា ប្រភេទពន្ធ និងអាករសំខាន់ៗដែលប្រមូល ដោយគយមានពន្ធគយ (ពន្ធនាំចូល), អាករពិសេស និងអាករលើតម្លៃបន្ថែម (VAT)។ នៅក្នុងឆមាសទី១ ឆ្នាំ២០១៨នេះ បើប្រៀបធៀបនឹងឆមាសទី១ ឆ្នាំ២០១៧ ការប្រមូលពន្ធគយ មានកំណើនជិត ១៦%, អាករពិសេសមានកំណើន ៣៩,៤% ហើយ VAT មានកំណើន ២៧%។

ដោយឡែកតួលេខបណ្ដោះអាសន្ន នៃទំហំពាណិជ្ជកម្មអន្តរជាតិក្នុងឆមាសទី១ ឆ្នាំ២០១៨ ធៀបនឹងឆមាសទី១ ឆ្នាំ២០១៧ តម្លៃនាំចូលសរុបមានកំណើន ១៧%, តម្លៃនាំចេញសរុបមានកំណើនជាង ៧% ក្នុងនោះតម្លៃផលិតផលកាត់ ដេរនាំចេញកើនឡើងជិត ១៣% និងតម្លៃផលិតផលស្រូវ និងអង្ករកើនឡើង ៥៣%។

«កំណើនពាណិជ្ជកម្មអន្តរជាតិ និងកំណើនចំណូលពន្ធ និងអាករគយ ដែលសម្រេចបានក្នុងកម្រិត ខ្ពស់គួរឲ្យកត់សម្គាល់នេះ គឺដោយសារកត្តាមួយចំនួន ដែលក្នុងនោះកត្តាសំខាន់ គឺស្ថេរភាពនយោបាយក្នុងប្រទេស ដែលជាមូលដ្ឋានគ្រឹះគាំទ្រ និងធានាប្រក្រតីភាព នៃសកម្មភាពពាណិជ្ជកម្ម វិនិយោគ ផលិតកម្ម នសេវាកម្ម និងការប្រើប្រាស់ជាទូទៅ ដែលប្រការទាំងនេះ បានជំរុញឲ្យមានកំណើន ការនាំចូលមុខទំនិញផ្សេងៗ ឆ្លើយតបនឹងតម្រូវការ និងការផ្គត់ផ្គង់ក្នុងស្រុក»។

លោក គុណ ញឹម បានគូសបញ្ជាក់។ ក្នុងកិច្ចប្រជុំនោះ លោកអគ្គនាយកក៏បានលើក ឡើងអំពីលទ្ធផលល្អនៃការអនុវត្ត ការងារកំណែទម្រង់និងទំនើបកម្មគយនិង ផែនការសកម្មភាពឆ្នាំ២០១៨ ផងដែរ។

ក្នុងនោះ មានការពង្រឹងប្រសិទ្ធិភាព ការងារបច្ចេកទេសគយ, ការបង្ការ និងបង្ក្រាបអំពើរត់គេចពន្ធ និងការលើកកម្ពស់អភិបាល កិច្ចល្អទាំងក្នុងអង្គភាពគយ និងទាំងក្នុងវិស័យឯកជនជាដើម។

សម្រាប់ទិសដៅអនុវត្ត ការងារក្នុងឆមាសទី២ ឆ្នាំ២០១៨ ប្រតិភូរាជរដ្ឋាភិបាល បានរំលឹកឡើងវិញនូវ ការណែនាំទាំង៨ចំណុច របស់លោកទេសរដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានលើកឡើង នាកិច្ចប្រជុំបូកសរុបការងារគយ និងរដ្ឋាករប្រចាំឆ្នាំ២០១៧ កាលពីខែមករា កន្លងទៅនេះ។

ទន្ទឹមនឹងនោះលោកអគ្គនាយក ក៏បានដាក់ចេញវិធាន ការជាក់លាក់មួយចំនួន ដើម្បីឈានទៅសម្រេចឲ្យ បានតាមគោលដៅនានា ដែលបានកំណត់ ជាពិសេសគឺការ ប្រមូលចំណូលពន្ធ និងអាករចូលថវិកាជាតិ ឲ្យបានគ្រប់និងលើសផែនការ៕

ដកស្រង់ពី៖ Fresh News