បណ្តាញសង្គម

ក្រសួងពាណិជ្ជកម្ម និងអាជ្ញាធរខេត្តបាត់ដំបង កំពុងស្វែងរកដំណោះស្រាយពាក់ព័ន្ធតម្លៃពោតធ្លាក់ចុះ នៅតាមជាយដែនកម្ពុជា-ថៃ

(បាត់ដំបង)៖ ក្រសួងពាណិជ្ជកម្ម, រដ្ឋបាលខេត្តបាត់ដំបង និងអាជីវករប្រមូលទិញពោត នៅរសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨នេះ បានចូលរួមប្រជុំរកដំណោះស្រាយ តម្លៃពោតគ្រាប់ធ្លាក់ថ្លៃ នៅតាមបណ្តាស្រុកជាយដែនកម្ពុជា-ថៃ។

ចំពោះបញ្ហានេះ សភាពាណិជ្ជកម្មធានារ៉ាប់រ៉ងខាងឡសម្ងួត ឯអាជីវករប្រមូលទិញគ្រាប់ពាត ជាអ្នកធានាទិញ រក្សាទុកលក់បន្ត ដើម្បីរកទីផ្សារឱ្យកសិករខ្មែរ លែងព្រួយបារម្ភ។

ពិធីប្រជុំពិភាក្សាគ្នានេះ ធ្វើឡើងក្រោមវត្តមានលោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង, លោក គិត ភារ៉ា ប្រធាននាយកដ្ឋានគោលនយោបាយ ពាណិជ្ជកម្ម និងលោកឧកញ៉ា ភូ ពុយ ប្រធានសភាពាណិជ្ជកម្មខេត្ត ដោយមានការចូលរួម ពីលោកប្រធានមន្ទីរពាណិជ្ជកម្មខេត្ត ម្ចាស់សៃឡូអាជីវករ ប្រមូលទិញកសិផលកសិកម្ម មកពីស្រុកសំពៅលូន ស្រុកភ្នំព្រឹក មួយចំនួនចូលរួមផង។

លោកស្រី រស់ ម៉ាន់មុយ សមាជិកសភាពាណិជ្ជកម្មខេត្ត ជាអនុប្រធានសមាគមដំឡូងមី ស្រុកសំពៅលូន បានរៀបរាប់ពីការលំបាក ក្នុងការប្រមូលទិញគ្រាប់ ពោតរបស់កសិករកន្លងមក ដោយពួកគាត់ខ្លះកាច់ពោតទុំហើយ ខ្លះទៀតបង្ខំកាច់ពោតនៅខ្ចី ស្ទើរចាស់ យកមកលក់ឱ្យសៃឡូ ដោយប្រញាប់ប្រញាល់បង្ខំយកលុយ ទៅដាំឱ្យបាន២ដងក្នុងឆ្នាំ។

លោស្រីបញ្ជាក់ទៀតថា ពេលខ្លះខាងអ្នកប្រមូលទិញ ជួបការលំបាកដោយសារពោតនៅខ្ចី ដែលជាមូលហេតុនាំឱ្យ ពោតនោះមានតម្លៃទាប លក់បាន៣.៦បាត ក្នុង១គីឡូក្រាម ហើយធ្វើឱ្យពួកគាត់មិនសប្បាយចិត្ត លក់បានក្នុងតម្លៃនេះ ចំពោះការនាំចេញរបស់ អាជីវករវិញត្រូវឈ្មួញថៃ បង្អាប់ឱ្យតម្លៃទាប នេះជាបញ្ហាដែលជួបប្រទះ។

លោកស្រីបានសំណូមពរ ឱ្យក្រសួងពាណិជ្ជកម្ម និងរដ្ឋបាលខេត្ត មន្រ្តីពាក់ព័ន្ធមេត្តាជួយរក ដំណោះស្រាយរឿងទីផ្សារ និងតម្លៃនេះ។ លោកឧកញ៉ា ភូ ពុយ បានឱ្យដឹងថា ដើម្បីពង្រឹងទីផ្សារពោតរបស់កសិករ នៅតាមស្រុកជាយដែនបានរឹងមាំ ទៅថ្ងៃអនាគត ជាដំបូងកសិករដាំពោត ទាំងអស់ត្រូវរៀប ចំចងក្រងជាសហគមន៍ ឱ្យបានច្បាស់លាស់ជាមុនសិន មានអ្នកទទួលខុសត្រូវ សម្រាប់សម្របសម្រួល ក្នុងការប្រមូលទិញពោត ពីកសិករបានងាយស្រួល ពិសេសមានឃ្លាំងស្តុក ឡសម្ងួត ពោតមានគុណភាព ដោយដាក់ថ្ងៃកំណត់ឱ្យច្បាស់លាស់ សហគមន៍ណាលក់មុន ឬក្រោយកុំឱ្យជាន់ថ្ងៃគ្នា និងមានសណ្តាប់ធ្នាប់ល្អ ធ្វើឱ្យកសិផល មានតម្លៃខ្ពស់ផងដែរ។

លោកបានបន្ថែមថា ចំពោះឃ្លាំងស្តុក ឡសម្ងួត និងលុយសម្រាប់ប្រមូលទិញ លែងជាបញ្ហាទៀតហើយ ដូច្នេះយើងធ្វើឃ្លាំងស្តុកស្រូវ ឡសម្ងួតស្រូវ ដែលយើងធ្វើបាននៅ បាត់ដំបងនាពេលថ្មីៗនេះ។ លោក គិត ភារ៉ា បានចូលរួមផ្តល់យោបល់ថា លោកបានឯកភាពទាំងស្រុង លើយោបល់របស់លោកឧកញ៉ ភូ ពុយ ដោយត្រូវរៀបចំចងក្រងកសិករ ជាសហគមន៍ បានច្បាស់លាស់ ដើម្បីគាំទ្រប្រមូលទិញ ពោតនេះទាន់ពេលវេលា ដើម្បីបម្រើឱ្យជីវភាពកសិករ យើងមិនជួបប្រទះ នូវបញ្ហាទីផ្សារពោត ទៅថ្ងៃក្រោយទៀតផង។

លោកបានបញ្ជាក់ថា ក្នុងកិច្ចប្រជុំនាថ្ងៃនេះ យើងមិនមែនជជែកគ្នា ពីកសិផលពោតតែប៉ុណ្ណោះទេ គឺមានដំឡូង សណ្តែក និងកសិផលដំណាំ ផ្សេងៗទៀតផងដែរ ។

លោក ងួន រតនៈ បានថ្លែងថា ក្រុមការងារដែលបានប្រជុំនាថ្ងៃនេះ នឹងត្រូវចុះទៅសិក្សាពី ទីផ្សារពោតរបស់កសិករ ព្រមទាំងធ្វើការរៀបចំចងក្រង ក្រុមកសិករយើង ជាសហគមន៍ និងបានសម្រេចនាំគ្នាចុះ ទៅផ្ទាល់នៅតាមចំណុច គោលដៅនាព្រឹកស្អែកតែម្តង ដើម្បីធ្វើការដោះស្រាយ ជាបន្ទាន់ចាប់ពីថ្ងៃនឹងទៅ គឺនាំគ្នាដោះស្រាយទីផ្សា រកសិផលជូនប្រជាពលរដ្ឋយើង ឱ្យបានទទួលជោគជ័យ នាពេលអនាគត់ផងដែរ។

សូមជម្រាបផងដែរថា កាលពីសប្តាហ៍មុននេះ បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអាជីវករ នាំចេញកសិផលពោត ទៅប្រទេសថៃ បានស្នើសុំឲ្យថ្នាក់ដឹកនាំ ក្រសួងពាណិជ្ជកម្ម និងអាជ្ញាធរខេត្តបាត់ដំបង មេតា្តជួយចរចាជាមួយភាគីថៃ ខេត្តស្រះកែវ ធ្វើយ៉ាងណាអាចឲ្យ កសិផលពោតទាំងមូល របស់កសិករខ្មែរយើង អាចនាំចូលតាមមាត់ច្រកភ្នំដី (ខ្មែរ) និងច្រកខាវឌីន (ថៃ) បានដោយពុំចាំបាច់ប្រឡេះ យកតែគ្រាប់នោះឡើយ។

ប្រជាពលរដ្ឋ និងអាជីវករបានលើកឡើងថា ការអនុញ្ញាតឲ្យពោត របស់កសិករខ្មែរ នាំចេញដោយប្រឡេះយកតែគ្រាប់ គឺធ្វើឲ្យកសិផលប្រជាជនយើង ប្រើប្រាស់មិនអស់ពីលទ្ធភាព ដែលសក្តានុពល ដោយអ្នកបញ្ជាទិញពីយើង គឺគេយកទាំងអស់ ដោយពុំចាំបាច់ប្រឡេះ យកគ្រាប់ចេញនោះទេ ហើយពោតយើងក៏អាច លក់បានតំលៃថ្លៃផងដែរ បើបូករួមទាំងស្នូលពោតផងនោះ។

អាជីវករនាំចេញបានបញ្ជាក់ថា ការស្នើសុំនេះ គឺគ្រាន់តែសុំឲ្យអនុវត្តន៍ ដូចមាត់ច្រកអូអន្លក់ ខេត្តបាត់ដំបង ចំណែកខាងភាគីថៃ គឺមាត់ច្រកសួនសុំ ខេត្តច័ន្ទបុរី ប្រទេសថៃ ដែលច្រកនេះ បានអនុញ្ញាតឲ្យពោតខ្មែរយើង បានចូលទៅទាំងគ្រាប់ និងស្នូលតែម្តង។

យ៉ាងណាបងប្អូនប្រជាពលរដ្ឋ បានបង្ហាញនូវមានក្តីសង្ឃឹងថា ថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម និងថ្នាក់ខេត្តបាត់ដំបង នឹងខិតខំជួយដោះស្រាយ  បញ្ហានេះជូនប្រជាពលរដ្ឋ ក៏ដូចជាអាជីវករនាំចេញ ដើម្បីលើកកំពស់ តំលៃសកា្តនុពល កសិផលយើង បានប្រើប្រាស់អស់ពីលទ្ធភាព និងតម្លៃឲ្យបានដល់ កម្រិតអតិប្បរិមា៕

ដកស្រង់ពី៖ Fresh News