បណ្តាញសង្គម

កាកបាទក្រហមកម្ពុជា ផ្តល់​អំណោយ​ជួយសម្រាល​ទុក្ខ​លំបាក​គ្រួសារ​រងគ្រោះ ដោយសារជំនន់ទឹកភ្លៀងចំនួន៤៧៧គ្រួសារ​ នៅក្នុងខេត្តកោះកុង

(កោះកុង)៖ ស្ថិតក្នុងស្ថានភាពជំនន់ទឹកភ្លៀងដែលកំពុង បង្កឲ្យមានផលប៉ះពាល់នៅ តាមបណ្តាខេត្តមួយចំនួន នៅក្នុងព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃចន្ទ ១១កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ នេះ កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានផ្តល់អំណោយមនុស្សធម៌ ដើម្បីសម្រាលទុក្ខលំបាកគ្រួសាររងគ្រោះដោយសារ ជំនន់ទឹកភ្លៀងសរុបចំនួន ៤៧៤គ្រួសារ មកពីភូមិចំនួន ១១ នៃឃុំទាំង ៦ របស់ស្រុកកោះកុង ស្រុកមណ្ឌលសីមា ស្រុកថ្មបាំង និងស្រុកស្រែអំបិល ខេត្តកោះកុង។

ក្នុងពិធីចែកអំណោយមនុស្សធម៌នោះ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍ ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ដែលសម្តេចតែងតែបាន គិតគូរពីសុខទុក្ខរបស់បង ប្អូនប្រជាពលរដ្ឋដែលជួបការលំបាក ជនរងគ្រោះ និងជនងាយរងគ្រោះគ្រប់ប្រភេទ ។

ក្នុងឱកាសនោះដែរ លោកស្រី អគ្គលេខាធិការ បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ សូមមេត្តាថែទាំសុខភាពឱ្យបានល្អ ត្រូវរស់នៅស្អាត ពិសាទឹកឆ្អិន និងគេងក្នុងមុងជានិច្ច សូមជួយមើលថែទាំចាស់ជរា និងកូនតូចៗឱ្យបានល្អជៀស វាងគ្រោះថ្នាក់ដោយយថាហេតុ ណាមួយកើតឡើងក្នុងពេលដែល មានគ្រោះទឹកជំនន់នេះ ជាពិសេសសូមឲ្យក្មួយៗជាយុវជន ត្រូវជៀសឱ្យឆ្ងាយពីគ្រឿងញៀន គ្រឿងស្រវឹង និងត្រូវមានស្មារតីប្រុងប្រយ័ត្នខ្ពស់ ជានិច្ចរាល់ពេលធ្វើដំណើរទៅទីជិត ឬឆ្ងាយ សូមគោរពច្បាប់ចរាចរណ៍ ឱ្យបានខ្ជាប់ខ្ជួន។

គ្រួសារដែលទទួលបានអំណោយ មនុស្សធម៌បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុត ចំពោះកាកបាទក្រហមកម្ពុជា ជាពិសេស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានគិតគូរ មានក្តីមេត្តា ករុណា និងទឹកចិត្តសប្បុរស ក្នុងការជួយដល់ប្រជាពល រដ្ឋរងគ្រោះបានទាន់ពេលវេលា ដោយមិនប្រកាន់ជាតិសាសន៍ ឬនិន្នាការនយោបាយ ។

បន្ទាប់ពីបានបញ្ចប់ការចែក អំណោយតាមគោលដៅចំនួន ៤ នៃស្រុកខាងលើរួចមក លោកស្រី អគ្គលេខាធិការ បានបន្តដំណើរតាមទូក ទៅសួរសុខទុក្ខប្រជាពលរដ្ឋរងគ្រោះ ដោយរលំផ្ទះទាំងស្រុងចំនួន ៣គ្រួសារទៀត នៅតាមព្រែកស្រែអំបិល ក្នុងភូមិត្រពាំង ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង។

សូមបញ្ជាក់ដែរថា អំណោយដែលត្រូវផ្តល់ជូននៅពេលនេះ ក្នុងគ្រួសារនីមួយៗទទួលបាន ៖ អង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង និងថវិកាមួយចំនួន៕

ដកស្រង់ពី៖  Fresh News