បណ្តាញសង្គម

លោក ប៉ាន សូរស័ក្តិ៖ ប្រាក់បៀវត្សរ៍មន្រ្តីរាជការស៊ីវិល និងប្រាក់សោធននិវត្តជន និងអតីតយុទ្ធជន នឹងបន្តកើនឡើង បើគណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោត!

(កំពង់ចាម)៖ ប្រធានក្រុមការងារថ្នាក់ កណ្តាលចុះជួយស្រុកព្រៃឈរ និងជាបេក្ខជនតំណាងរាស្ត្រ គណបក្សប្រជាជនកម្ពុជា មណ្ឌលកំពង់ចាម លោក ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់ថា មន្រ្តីរាជការ គ្រូបង្រៀន និងកងកម្លាំងប្រដាប់អាវុធ ជាចលករសំខាន់សម្រាប់ ការអភិវឌ្ឍសង្គម ហើយនៅក្នុងអាណត្តិទី៦ រាជរដ្ឋាភិបាលដឹកនាំ ដោយគណបក្សប្រជាជនកម្ពុជា នឹងបន្តដំឡើងប្រាក់បៀវត្សរ៍ ជូនមន្រ្តីរាជការស៊ីវិលរៀងរាល់ឆ្នាំ ព្រមទាំងបង្កើនប្រាក់ សោធនជូននិវត្តជន និងអតីតយុទ្ធជន ដើម្បីលើកកម្ពស់ជីវភាព រស់នៅឲ្យកាន់តែប្រសើរថែមទៀត។

ការសន្យារបស់លោកប្រធាន បានធ្វើឡើងនាឱកាសចុះយុទ្ធ នាការឃោសនាបោះឆ្នោត ជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៦ ដើម្បីស្វែងរកសំឡេង ឆ្នោតនៅក្នុងឃុំសំរោង និងឃុំព្រៃឈរ ខេត្តកំពង់ចាម កាលពីព្រឹកថ្ងៃអង្គារ ទី២៤ ខែកក្កដា ឆ្នាំ២០១៨ ក្រោមការចូលរួមពីអាជ្ញាធរ មូលដ្ឋានសមាជិក សមាជិកា នៃគណបក្សប្រជាជនកម្ពុជា និងប្រជាពលរដ្ឋប្រមាណជាង ៦០០នាក់។

លោក ប៉ាន សូរស័ក្តិ បានបន្តទៀតថា នៅក្នុងអាណត្តិទី៥ នៃរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានដំឡើងប្រាក់បៀវត្សរ៍អប្បបរមា (ទាបបំផុត) ជូនមន្រ្តីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធចំនួន ១លានរៀល ហើយនៅក្នុងអាណត្តិទី៦ បើសិនគណបក្សប្រជាជនកម្ពុជាឈ្នះ ការបើកប្រាក់បៀវត្សរ៍ និងប្រាក់សោធនទាំងអស់ នឹងត្រូវធ្វើឡើងរៀងរាល់ពីរសប្តាហ៍ម្តង ដោយចាប់ផ្តើមពីឆ្នាំ២០១៩ ដែលនេះជាជំហានសំខាន់មួយទៀត នៅក្នុងដំណើរការកែទម្រង់ ប្រព័ន្ធបៀវត្សរ៍របស់រាជរដ្ឋាភិបាល។

«ការបើកប្រាក់បៀវត្សរ៍ពីរសប្តាហ៍ម្តងនេះ គឺដូចគ្នានឹងបណ្តាប្រទេសជឿនលឿន ក្នុងពិភពលោក ហើយប្រាក់នេះ នឹងកើនឡើងរៀងរាល់ឆ្នាំ ដូចបានកំណត់នៅក្នុងគោល នយោបាយរបស់គណបក្ស! ដោយឡែកចំពោះកងកម្លាំង ប្រដាប់អាវុធគ្រប់ប្រភេទ រាជរដ្ឋាភិបាលកំពុងសិក្សា ហើយនឹងដាក់ឲ្យ អនុវត្តន៍ជាបន្តបន្ទាប់ ដោយសារតែកន្លែងការងារ កម្លាំងប្រដាប់អាវុធខ្លះ ស្ថិតនៅតំបន់ដាច់ស្រយាល មិនទាន់មានសេវាធនាគារទៅដល់»។

លោក ប៉ាន សូរស័ក្តិ បានបន្ថែម។ ក្នុងឱកាសនោះ លោកប្រធាន ប៉ាន សូរស័ក្តិ បានជម្រាបជូនអង្គពិធី អំពីអត្ថន័យ និងសារៈសំខាន់នៃគោលនយោបាយ ១១ចំណុច របស់គណបក្សប្រជាជនកម្ពុជា សម្រាប់ការកសាង និងការពារមាតុភូមិឆ្នាំ ២០១៨-២០២៣ និងបានថ្លែងនូវសារនយោបាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខគណបក្សប្រជាជនកម្ពុជា ដែលមានខ្លឹមសារផ្តោត សំខាន់លើសមិទ្ធផលធំៗ និងស្នាដៃដឹកនាំរយៈពេល ៣៩ឆ្នាំ របស់គណបក្ស ក្នុងការស្តារ និងអភិវឌ្ឍន៍ប្រទេស ចេញពីគំនរផេះផង់ នៃភ្លើងសង្គ្រាម រហូតទទួលបានសុខសន្តិភាព វឌ្ឍនភាព និងកិត្តិនាមល្បីរន្ទឺនៅ លើឆាកអន្តរជាតិ។

លើសពីនេះ លោក ប៉ាន សូរស័ក្តិ ក៏បានថ្លែងអំណរគុណដល់ សមាជិក-សមាជិកាទាំងអស់ ដែលកន្លងមកបានជឿជាក់ លើការដឹកនាំរបស់រាជរដ្ឋាភិបាល និងតែងផ្តល់យុត្តិធម៌ជូន គណបក្សប្រជាជនកម្ពុជា។

លោកប្រធាន ក៏បានអំពាវនាវដល់ ប្រជាពលរដ្ឋទាំងអស់ នាំគ្នាទៅបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ និងជួយជំរុញចលនាបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញាទេវតាបាចផ្កា និងមានលេខរៀងទី២០ នៅលើសន្លឹកឆ្នោត ដើម្បីទទួលបានសម្តេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្រ្តី សម្រាប់នីតិកាលទី៦ និងនីតិកាលបន្តបន្ទាប់ទៀត៕

ដកស្រង់ពី៖ Fresh News