បណ្តាញសង្គម

ទឹកជំនន់ដែលហូរធ្លាក់ពីប្រទេសឡាវ បានលិចចូលដល់តំបន់មួយចំនួននៅព្រំដែនកម្ពុជាហើយ

(ស្ទឹងត្រែង)៖ ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ឲ្យដឹងថា គិមមកដល់វេលាព្រឹកព្រលឹមថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨នេះ ទឹកជំនន់ដែលហូរចេញពីការបាក់ទំនប់ Se-Pian Se Nam Noi ក្នុងខេត្ត Attapeu ប្រទេសឡាវ បានមកដល់ព្រំដែនប្រទេសកម្ពុជាជាបណ្តើរៗហើយ និងបានលិចចូលតំបន់មួយចំនួននៅក្នុងឃុំថ្មកែវ ឃុំសន្តិភាព និងឃុំសេកុង នៃស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។

 

ក្រសួងធនធានទឹក បានបញ្ជាក់ទៀតថា ជាមួយគ្នានេះ ទឹកទន្លេសេកុង ក៏បានហក់ឡើងដល់កម្ពស់ ១១.៣០ម៉ែត្រ (កម្រិតប្រកាសឱ្យប្រុងប្រយ័ត្នមានកម្ពស់ ១១.៥០ម៉ែត្រ)។ អាជ្ញាធរខេត្តបាន និងកំពុងជម្លៀសបងប្អូនប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព។

នៅយប់មិញ រដ្ឋបាលខេត្តស្ទឹងត្រែង បានចេញសេចក្តីជូនដំណឹង ដោយស្នើប្រជាពលរដ្ឋក្នុងខេត្តស្ទឹងត្រែង ដែលកំពុងរស់នៅតាមបណ្តោយដងទន្លេនានា មានការប្រុងប្រយ័ត្ន និងត្រៀមបង្ការឲ្យបានខ្ពស់បំផុត ព្រមទាំងជួយផ្តល់ព័ត៌មានឲ្យបានឆាប់បំផុត ដល់អាជ្ញាធរមូលដ្ឋានក្នុងករណីមានទឹកជំនន់ឡើងខ្លាំង។

ទន្ទឹមនឹងការអំពាវនាវឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ អភិបាលខេត្តក៏បានអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ច កម្លាំងគ្រប់ផ្នែកទាំងអស់ក្នុងមូលដ្ឋានភូមិ ឃុំ សង្កាត់ ក្រុង ស្រុក ក្នុងខេត្តស្ទឹងត្រែង ត្រូវរៀបចំដាក់ចេញនូវផែនការសរុប វិធានការសរុប កម្លាំងសរុប និងមធ្យោបាយសរុប ដើម្បីត្រៀមបង្ការ និងអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋនៅតាមតំបន់ដែលរងផលប៉ះពាល់ទាំងអស់ឲ្យបានទាន់ពេលវេលា និងធានាបានប្រសិទ្ធភាពខ្ពស់បំផុត៕

 

ដកស្រង់ពី៖FRESH NEWS