បណ្តាញសង្គម

ដើម្បីជីវភាពប្រជាជន និងការរីកចម្រើនរបស់កម្ពុជា, រាជរដ្ឋាភិបាលបានលើកទឹកចិត្ត និងអនុគ្រោះពន្ធដារជាច្រើនប្រភេទ ព្រមទាំងគ្មានការដំឡើងពន្ធ ឬបង្កើតពន្ធថ្មីនោះឡើយ !

(ភ្នំពេញ)៖ រយៈពេលកន្លងមក រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានដាក់ចេញនូវការលើកទឹកចិត្ត និងអនុគ្រោះផ្នែកពន្ធដារជាច្រើន ក្នុងគោលដៅជំរុញនិង លើកទឹកចិត្តវិនិយោគ បង្កើនផលិតភាព និងឱកាសការងារ សម្រួល និងលើកទឹកចិត្តដល់ការប្រកបអាជីវ កម្មរបស់ប្រជាពលរដ្ឋតូចតាច និងជួយកាត់បន្ថយដល់បន្ទុក ចំណាយជីវភាពប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋ។

ការលើកទឹកចិត្ត និងអនុគ្រោះផ្នែកពន្ធដារ កន្លងមកក្នុងនោះរួមមាន៖

១៖ ការអនុគ្រោះពន្ធចំពោះ គម្រោងវិនិយោគ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (ឆ្នាំ២០០៣) តាមរយៈច្បាប់ស្ដីពី វិសោធនកម្មច្បាប់ស្ដីពីវិនិយោគ រាជរដ្ឋាភិបាលកម្ពុជាបាន៖

* លើកលែងពន្ធលើប្រាក់ចំណូល ដល់គម្រោងវិនិយោគដែល មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ចំពោះរយៈពេល គន្លឹះបូកនឹងរយៈពេល៣ឆ្នាំ បូកនឹងរយៈពេលអាទិភាព ដែលអាចមានរយៈ ពេលអតិបរមាស្មើនឹង៩ឆ្នាំ

* លើកលែងពន្ធអប្បបរមា ស្មើនឹង១%នៃផលរបរប្រចាំឆ្នាំ

* លើកលែងពន្ធគយ ចំពោះការនាំចូលគ្រឿង សម្ភារបរិក្ខារផលិតកម្ម សម្ភារសាងសង់ វត្ថុធាតុដើម ផលិតផលពាក់កណ្ដាល សម្រេចបម្រើផលិតកម្ម។

២៖ ការលើកទឹកចិត្តផ្នែកពន្ធ ដល់វិស័យមូលបត្រ (ឆ្នាំ២០១៥) តាមរយៈអនុក្រឹត្យលេខ ០១. អនក្រ.បក ចុះថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៥ ស្ដីពីការលើកទឹកចិត្តពន្ធដារ ក្នុងវិស័យមូលបត្រ រាជរដ្ឋាភិបាលកម្ពុជាបាន៖

* លើកលែងពន្ធលើប្រាក់ ចំណូលចំនួន៥០% នៃពន្ធលើប្រាក់ចំណូលត្រូវបង់ សរុបសម្រាប់រយៈពេល៣ឆ្នាំ

* អនុគ្រោះបំណុលពន្ធលើ ប្រាក់ចំណូលទាំងស្រុង រយៈពេល៥ឆ្នាំ

* លើកលែងពន្ធកាត់ទុកចំនួន៥០% លើការប្រាក់ និងភាគលាភ បានមកពីការកាន់កាប់ និងទិញ-លក់មូលបត្រ រយៈពេល៣ឆ្នាំ។

៣៖ ការលុបរបបពន្ធម៉ៅការ (ឆ្នាំ២០១៦) តាមរយៈច្បាប់ស្តី ពីហិរញ្ញវត្ថុសម្រាប់ការ គ្រប់គ្រងឆ្នាំ២០១៦ រាជរដ្ឋាភិបាលបានដាក់ចេញ គោលនយោបាយលើក ទឹកចិត្តផ្នែកពន្ធដារ ដោយបានលុបរបបពន្ធម៉ៅការ និងបានកំណត់កម្រិតផលរបរ ដែលត្រូវជាប់ពន្ធ ដែលក្នុងនោះ ប្រជាពលរដ្ឋដែលប្រកបអាជីវកម្ម នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានផលរបរ ប្រចាំឆ្នាំក្រោម២៥០លានរៀល (ប្រមាណ ៦២,៥០០ដុល្លារសហរដ្ឋអាមេរិក) មិនត្រូវជាប់ពន្ធលើប្រាក់ ចំណូលនោះទ្បើយ។

៤៖ ការលុបចោលការប្រមូលពន្ធ លើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ (ឆ្នាំ២០១៦) តាមរយៈច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការ គ្រប់គ្រងឆ្នាំ២០១៦នេះដែរ ដើម្បីសម្រួលដល់ជីវភាព និងកាត់បន្ថយបន្ទុកបង់ ពន្ធរបស់ប្រជាពល រដ្ឋតូចតាច រាជរដ្ឋាភិបាលបានសម្រេច លុបចោលការប្រមូលពន្ធ លើមធ្យោបាយដឹកជញ្ជូននិង យានជំនិះគ្រប់ប្រភេទ ចំពោះ ទោចក្រយានយន្ត (ម៉ូតូ) និងត្រីចក្រយានយន្តគ្រប់ប្រភេទ, ត្រាក់ទ័រ និងគ្រឿងយន្តប្រហាក់ប្រហែល, ជលយានយន្តគ្រប់ប្រភេទ ដែលមានកម្លាំងដល់១៥០សេះ។

៥៖ ការលើកលែងពន្ធប្រថាប់ ត្រាលើការផ្ទេរកម្មសិទ្ធិ (ឆ្នាំ២០១៦) តាមរយៈច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់ គ្រងឆ្នាំ២០១៦ ប្រកាសលេខ ២៧៣ សហវប្រក ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៦ ស្ដីពីការប្រមូលពន្ធប្រថាប់ត្រា របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រាជរដ្ឋាភិបាលកម្ពុជា បានលើកលែង និងអនុគ្រោះពន្ធប្រថាប់ត្រា លើការផ្ទេរកម្មសិទ្ធិរវាងឳពុក-ម្ដាយបង្កើតនិងកូនបង្កើត, ប្ដីនិងប្រពន្ធ, យាយ-តាបង្កើតនិងចៅបង្កើត។

លើសពីនេះ ក៏បានលើកលែងពន្ធប្រថាប់ត្រា លើការផ្ទេរកម្មសិទ្ធិ ទោចក្រយានយន្ត ត្រីចក្រយានយន្តគ្រប់ប្រភេទ ត្រាក់ទ័រ និងជនយានយន្តគ្រប់ប្រភេទ ដែលមានកម្លាំងដល់ ១៥០សេះ។

៦៖ ការអនុគ្រោះចំពោះសហគ្រាស ដែលមានអនុលោម ភាពសារពើពន្ធខ្ពស់ (ឆ្នាំ២០១៦) តាមរយៈប្រកាសលេខ ០៥៣៦ សហវប្រក ចុះថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៦ ស្ដីពីចំណាត់ថ្នាក់នៃអនុ លោមភាពសារពើពន្ធ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, រាជរដ្ឋាភិបាលកម្ពុ ជាបានដាក់ចេញ នូវយន្តការលើកទឹកចិត្ត និងអនុគ្រោះពន្ធចំពោះសហគ្រាស ដែលមានអនុលោមភាព សារពើពន្ធខ្ពស់ ដែលក្នុងនោះរួមមាន៖ ការអនុគ្រោះពន្ធអប្បបរមា១% នៃផលរបរប្រចាំឆ្នាំ, ការបង្វិលសងអាករ លើតម្លៃបន្ថែម ដោយពុំចាំបាច់ធ្វើសវន កម្មផ្ទៀងផ្ទាត់ជាមុន, និងការមិនធ្វើសវនកម្មក្នុង រយៈពេលសុពលភាព នៃការលើកទឹកចិត្ត ដែលអ្នកជាប់ពន្ធ មានអនុលោមភាពសារ ពើពន្ធខ្ពស់ទទួលបាន។

៧៖ ការលើកលែងពន្ធក្នុងវិស័យអប់រំ អគ្គិសនី ទឹកស្អាត កសិកម្ម អនាម័យ និងម្ហូបអាហារ (ឆ្នាំ២០១៧-២០១៨) តាមរយៈច្បាប់ស្ដីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០១៧ រាជរដ្ឋាភិបាលកម្ពុជាបានលើក លែងអាករលើតម្លៃបន្ថែម ដោយចាត់ទុកជាការផ្គត់ផ្គង់ មិនជាប់អាករនូវការផ្គត់ផ្គង់ មួយចំនួនដូចខាងក្រោម៖

* សេវាសិក្សាអប់រំ * ថាមពលអគ្គិសនីនិងទឹកស្អាត

* ផលិតផលកសិកម្មមិនទាន់កែច្នៃ

* សេវាប្រមូល ឬសម្អាតកាកសំណល់រឹង-រាវ។

បន្ថែមពីនេះទៀត តាមរយៈប្រកាសលេខ ៣៦១ សហវ.ប្រក ចុះថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៨ របស់ក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ រាជរដ្ឋាភិបាល តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដាក់ចេញនូវការលើក ទឹកចិត្តបន្ថែម ដោយដាក់ជាបន្ទុករបស់រដ្ឋ នូវអាករលើតម្លៃ បន្ថែមលើមុខទំនិញ ដែលជាអាហារជាមូលដ្ឋាន ដើម្បីជួយសម្រួលជីវភាពរស់ នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ដែលមុខទំនិញចាំបាច់ ទាំងនោះរួមមាន៖ ត្រី សាច់ ស៊ុតសត្វ ស្ករ អំបិល ទឹកត្រី ទឹកស៊ីអ៊ីវគ្រប់ប្រភេទ។

៨៖ ការលើកទឹកចិត្តចំពោះ សហគ្រាសធុនតូច និងមធ្យម ដែលចុះបញ្ជីដោយស្ម័គ្រចិត្ត (ឆ្នាំ២០១៧) តាមរយៈអនុក្រឹត្យលេខ១៧ អនក្រ.បក ចុះថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ដីពីការលើកទឹកចិត្ តផ្នែកពន្ធដារ ចំពោះការចុះបញ្ជីដោយស្ម័គ្រចិត្ត របស់សហគ្រាសធុនតូច និងសហគ្រាសធុនមធ្យម រាជរដ្ឋាភិបាលកម្ពុជា បានលើកលែងនូវពន្ធ លើប្រាក់ចំណូល រយៈពេល ២ឆ្នាំ ចំពោះសហគ្រាស ធុនតូចនិងមធ្យម ដែលចុះបញ្ជីពន្ធដារ ដោយស្ម័គ្រចិត្ត។

៩៖ ការលុបចោលពន្ធសត្តឃាត និងការដំឡើងកម្រិតពិដាន នៃប្រាក់បៀវត្សជាប់ពន្ធ (ឆ្នាំ២០១៨) បន្ថែមលើការអនុគ្រោះ និងលើកលែងពន្ធ ជាហូរហែកន្លងមក តាមរយៈការអនុវត្តច្បាប់ ស្ដីពីហិរញ្ញវត្ថុសម្រាប់ការ គ្រប់គ្រងឆ្នាំ២០១៨ រដ្ឋាភិបាលកម្ពុជាបាន ដាក់ចេញបន្ថែមទៀត នូវការអនុគ្រោះពន្ធដែលជាការ ជួយសម្រួលដល់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋទូទៅ និងជាការលើកកម្ពស់ ជីវភាព របស់មន្ត្រីរាជការ គ្រូបង្រៀន គ្រូពេទ្យ កងកម្លាំងប្រដាប់អាវុធ និងកម្មករនិយោជិតនានា តាមយន្តការធំៗពីរគឺ៖ 

(១)៖ ការលុបចោលពន្ធសត្តឃាត និង

(២)៖ ការដំឡើងកម្រិតពិដាន នៃប្រាក់បៀវត្ស ដែលត្រូវជាប់ពន្ធរបស់កម្មករនិយោជិត រហូតដល់ ១,២០០,០០០រៀល ស្មើនឹងប្រមាណ ៣០០ដុល្លារសហរដ្ឋអាមេរិក ដែលក្នុងន័យនេះ មន្ត្រីរាជការ គ្រូបង្រៀន គ្រូពេទ្យ កងកម្លាំងប្រដាប់អាវុធ និងកម្មករនិយោជិត ដែលមានប្រាក់បៀវត្សត្រឹម ៣០០ដុល្លារ មិនជាប់ពន្ធលើប្រាក់ បៀវត្សនោះទ្បើយ។

ទាំងអស់នេះហើយ គឺបង្ហាញឲ្យឃើញយ៉ាងច្បាស់ នូវការយកចិត្តទុកដាក់របស់ រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយគណបក្ស ប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ គឺតែងតែគិតគូរពីជីវភាពរស់ នៅរបស់ប្រជាពលរដ្ឋគ្រប់រូប សំដៅធ្វើយ៉ាងណាឲ្យប្រទេសដ៏កម្សត់ ធ្លាប់ធ្លាក់ចូលក្នុងភ្លើង សង្គ្រាមរាប់សិបឆ្នាំនេះ បានរីកចម្រើន និងអភិវឌ្ឍន៍កាន់តែ ខ្លាំងក្លាឡើងថែមទៀត៕

ដកស្រង់ពី៖ Fresh News