បណ្តាញសង្គម

សម្តេចក្រុមព្រះ បើកសម្ពោធ ទីស្នាក់ការគណបក្ស «សង្គមរាស្រ្តរាជាធិបតេយ្យ»

ភ្នំពេញ៖ ទីស្នាក់ការគណបក្ស «សង្គមរាស្រ្តរាជាធិបតេយ្យ»  ដែលសម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ ជាព្រះប្រធាន និងជាស្ថាបនិកនោះ ត្រូវបានបើកសម្ពោធហើយ នៅព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៤នេះ បន្ទាប់ពីបានប្រកាសបង្កើតឡើង កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៤កន្លងទៅ។

ទីស្នាក់ការ ដ៏ថ្មីសន្លាង ដែលជាទីតាំងបម្រើជីវិតនយោបាយ របស់អតីតនាយករដ្ឋមន្រ្តីទី១ នៃព្រះរាជាណាចក្រកម្ពុជា មានទីតាំងស្ថិតនៅ ភូមិ២ សង្កាត់ជ្រោយចង្វា ខណ្ឌឬស្សីកែវ ពោលធ្វើដំណើរចុះ ពីស្ពានជ្រោយចង្វា ហើយ បទស្តាំតែបន្តិចប៉ុណ្ណោះ។ ក្នុងឱកាសបើកសម្ពោធ ទីស្នាក់ការថ្មីនេះ ក្រៅព្រះព្រះរាជ វត្តមាន សម្តេចក្រុមព្រះជា ព្រះរាជាធិបតីទៅ គេសង្កេតឃើញ មានការអញ្ជើញចូលរួមពីសមាជិក សមាជិកា អ្នកស្នេហារាជានិយមប្រមាណ ជា ៤០០នាក់ រួមនិងអ្នកកាសែត ជាច្រើននាក់ផ្សេងទៀត។

ព្រះអង្គម្ចាស់នរោត្តម រណឬទ្ធិ អតីតជាព្រះប្រធាន គណបក្សហ្វ៊ុនស៊ិនប៉ិច ជានាយករដ្ឋមន្ត្រីទី១ ក្នុងអាណត្តិទី១ ហើយក្រោយមក ព្រះអង្គត្រូវបានដក ហូតតំណែងពីប្រធានបក្សហ្វ៊ុនស៊ិនប៉ិច ព្រោះរឿងអាស្រូវ និងជម្លោះផ្ទៃក្នុងបក្ស ព្រះអង្គក៏សម្រេចព្រះទ័យ ទៅបង្កើតបក្សថ្មីមួយ ទៀតដាក់ឈ្មោះថា គណបក្ស នរោត្តម រណឬទ្ធិ។ បក្សថ្មីនេះមិនទទួល បានការគាំទ្រច្រើននោះឡើយ ពោលទទួលបាន អាសនៈតែពីរប៉ុណ្ណោះ ក្នុងព្រឹត្តិការណ៍ បោះឆ្នោតជាតិអាណត្តិទី៤។

ព្រះអង្គបានប្រកាសយាងចេញ ពីឆាកនយោបាយនៅអំឡុង ឆ្នាំ២០១២ ដោយយាងទៅទទួលតំណែង ជាព្រះប្រធាន ឧត្តមក្រុមប្រឹក្សា ព្រះមហាក្សត្រ។

ក្រោយការបោះឆ្នោតជ្រើស តាំងតំណាងរាស្រ្តអាណត្តិទី៥ ពោលកាលពីដើមខែមីនា ឆ្នាំ២០១៤ ព្រះអង្គម្ចាស់ ដែលញៀន នឹងឆាកនយោបាយ សម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ ក៏បានប្រកាសយាងចូល ប្រឡូកឆាកនយោបាយជាថ្មី ដោយបង្កើតគណ បក្សថ្មីមានឈ្មោះថា « សង្គមរាស្រ្តរាជាធិបតេយ្យ»។

ការយាងចូលបម្រើ ឆាកនយោបាយជាថ្មី ជាមួយគណបក្សថ្មី សម្តេចក្រុមព្រះ បានមានព្រះរាជបន្ទូលថា ព្រះអង្គ នឹងធ្វើការកៀងគរ អ្នករាជានិយមទាំងអស់ មករួបរួមជាមួយព្រះអង្គ ដើម្បីលើកស្ទួយ កិត្យានុភាពជាតិ ក៏ដូចជារបប រាជានិយមនៅកម្ពុជា។ ព្រះអង្គ ក៏បានប្រកាសអំពាវនាវ អ្នកដែលស្រឡាញ់ និងភក្តីភាព ជាមួយរាជានិយម ចូលមករួមជាមួយ ព្រះអង្គផងដែរ៕