បណ្តាញសង្គម

ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បើកកិច្ចប្រជុំបន្ទាន់មួយ ដើម្បីត្រៀមលក្ខណៈសម្បត្តិទុកជាមុន ក្នុងកំឡុងពេលបោះឆ្នោត

(កំពង់ចាម)៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម នៅល្ងាចថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨នេះ បានកោះប្រជុំបន្ទាន់ ដើម្បីផ្សព្វផ្សាយផែនការចាំបាច់ ដែលទទួលបានពីអគ្គស្នងការ ដ្ឋាននគរបាលជាតិ ដើម្បីត្រៀមលក្ខណៈ សម្បត្តិទុកជាមុន ក្នុងកំឡុងពេលបោះឆ្នោត ដែលខិតជិតមកដល់។

កិច្ចប្រជុំនេះដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម និងមានសមាសភាពចូលរួម លោក-លោកស្រី គណៈស្នងការ អនុប្រធានផែន នាយការិយាល័យ ជំនាញទាំង៣១ អធិការស្រុក-ក្រុងទាំង១០ សរុបចំនួន៦៤នាក់។

បើតាមលោកឧត្ដមសេនីយ៍ស្នងការ កិច្ចប្រជុំនេះបានផ្សព្វផ្សាយសេចក្ដី ណែនាំរបស់រាជរដ្ឋាភិបាល ស្ដីពីការផ្អាកលក់ដូរ និងពិសារគ្រឿងស្រវឹងនៅមួយថ្ងៃ មុនថ្ងៃបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨, សេចក្ដីណែនាំអំពីការ ប្រើប្រាស់មធ្យោបាយ សម្ភារ និងសកម្មភាពមន្ត្រីរាជការស៊ីវិល អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងមន្ត្រីនគរបាលជាតិ ក្នុងដំណើរការឃោសនាការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ និងលទ្ធផលការងារពាក់ ព័ន្ធការងារសន្តិសុខ សណ្ដាប់ធ្នាប់ ក្នុងកំឡុងពេលយុទ្ធនាការ ឃោសនាការបោះឆ្នោតកន្លងមក។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ទោ ឯម កុសល បានក្រើនរលឹកដល់ កងកម្លាំងគ្រប់រូប ត្រូវពិនិត្យមើលសំណូមពរ របស់ប្រជាពលរដ្ឋ ក្នុងតួនាទីជាអ្នកផ្ដល់សេវា និងបម្រើសេវាជូនប្រជាពលរដ្ឋ។

បន្ថែមការយកចិត្តទុកដាក់ ក្នុងការពង្រឹងសន្តិសុខ ពិសេសការគ្រប់គ្រងអាវុធជាតិផ្ទុះ ឲ្យបានល្អប្រសើរបន្ថែមទៀត៕

                                                     ដកស្រង់ពី៖ Fresh News