បណ្តាញសង្គម

ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន បង្ហាញមុខជាសាធារណៈលើកដំបូង ក្រោយបោះឆ្នោត ដើម្បីសម្ពោធចំណតនាវាដឹកអ្នកដំណើរឫស្សីកែវ

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃពុធ ៥រោច ខែទុតិយាសាឍ ឆ្នាំច នព្វស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃ០១ ខែសីហា ឆ្នាំ២០១៨នេះ បង្ហាញមុខក្នុងវេទិកាសាធារណៈ លើកដំបូង ក្រោយពេលការបោះឆ្នោតជ្រើស តាំងតំណាងរាស្ត្រនីតិកាលទី៦។

ការបង្ហាញមុខជាសាធារណៈ របស់សម្តេចតេជោ ហ៊ុន សែន ដើម្បីសម្ពោធដាក់ឲ្យ ប្រើប្រាស់ចំណតនាវាដឹកអ្នក ដំណើរនៅក្នុងខណ្ឌឬស្សីកែវ។

ការបង្ហាញមុខក្នុងវេទិកា សាធារណៈរបស់សម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃនេះ បានក្លាយជាប្រធានបទ មួយដ៏សំខាន់ និងចាប់អារម្មណ៍ខ្ពស់ សម្រាប់ប្រជាពលរដ្ឋ ក៏ដូចជាអ្នកព័ត៌មានផងដែរ។

ទាំងប្រជាពលរដ្ឋជាម្ចាស់ឆ្នោត ក៏ដូចជាអ្នកព័ត៌មាន កំពុងទន្ទឹងរង់ចាំថា តើសម្តេចតេជោ ហ៊ុន សែន នឹងមានសារនយោបាយ អ្វីខ្លះទៅកាន់ជនរួមជាតិ បន្ទាប់ពីការបោះឆ្នោតជ្រើស តាំងតំណាងរាស្ត្របាន បិទបញ្ចប់ជាមួយ នឹងការទទួលបានសំឡេង គាំទ្រយ៉ាងភ្លូកទឹកភ្លូក ដីមិនធ្លាប់មាននៅក្នុងប្រវត្តិ នៃការបោះឆ្នោត៥ អាណត្តិកន្លងមក។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសាធារណការបាន រៀបចំឲ្យមានការដឹក ជញ្ជូនតាមផ្លូវទឹក ដើម្បីបង្កើតជាប្រព័ន្ធ ដឹកជញ្ជូនមួយដែលមាន លក្ខណៈប្រទាក់ក្រឡាគ្នា (ផ្លូវទឹក ផ្លូវថ្នល់ ផ្លូវរថភ្លើង និងផ្លូវអាកាស) ជំរុញធ្វើឲ្យជីវភាពរស់នៅ របស់ប្រជាជនកាន់តែប្រសើរឡើង ដោយហេតុថា ការដឹកជញ្ជូនតាមផ្លូវទឹក អាចដឹកបានច្រើនក្នុងតម្លៃទាប ប្រកបដោយសុវត្ថិភាព និងទៀងទាត់ពេលវេលាដោយ មិនមានការកកស្ទះចរាចរណ៍។

ក្រសួងសាធារណការ និងដឹកជញ្ជូន បានដាក់ឲ្យប្រើប្រាស់ជាបណ្តោះ អាសន្ននូវការធ្វើប្រតិបត្តិការ ដឹកអ្នកដំណើរដោយ ឥតគិតថ្លៃចាប់ពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៨ រហូតដល់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៨ ដោយប្រើប្រាស់នាវាដឹកអ្នកដំណើរចំនួន ៤គ្រឿង (២គ្រឿងទិញពីប្រទេសវៀតណាម និង២គ្រឿងទៀត ជួលពីក្រុមហ៊ុន Royal Express Boat) ដែលនាវានីមួយៗមាន សមត្ថភាពផ្ទុកអ្នកដំណើរបាន ៥៤-៦០នាក់ មានល្បឿនមធ្យម ៤០គីឡូម៉ែត្រក្នុងមួយម៉ោង ហើយប្រើរយៈពេលប្រមាណ តិចជាងមួយម៉ោង រវាងចំណតនាវាដើមទី (ឬស្សីកែវ) និងចំណតនាវាចុងទី (តាខ្មៅ) ដែលរយៈពេលនេះតិចជាង រយៈពេលធ្វើដំណើរ តាមផ្លូវគោកប្រមាណ២ដង។

ការធ្វើដំណើរមានភាពទៀងទាត់ មានសុវត្ថិភាព និងបានបម្រើសេវាកម្មជូន ប្រជាពលរដ្ឋចាប់ពីម៉ោង ៥៖៣០ព្រឹក រហូតដល់ម៉ោង ៦៖៣០ល្ងាច។ គិតចាប់ពីថ្ងៃដាក់ដំណើរការ បណ្តោះអាសន្នរហូតដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ មានអ្នកដំណើរសរុប ៣០,៦៤៧នាក់ ដែលជាមធ្យមមានអ្នកដំណើរប្រមាណ ២០០នាក់ក្នុងមួយថ្ងៃ។

សម្រាប់ចំណតនាវាឫស្សីកែវ ដែលសម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធនៅថ្ងៃព្រឹកនេះ មានផ្ទៃក្រឡាបេតុង ៩៦៨ម៉ែត្រការ៉េ ផែដែកបណ្តែតមានទំហំ ៣៦៦ម៉ែត្រការ៉េ អាចផ្ទុកបានទម្ងន់អតិបរិមា ១៨០តោន ស្ពានដែកមានប្រវែង ៣០ម៉ែត្រ និងអគាររង់ចំាមានទំហំ ៨៤ម៉ែត្រការ៉េ ព្រមទាំងមានបំពាក់ឧបករណ៍សម្ភារៈគ្រប់គ្រាន់ ដោយប្រើប្រាស់ថវិកាជាតិទាំងស្រុងប្រមាណ ២.៣៥១.៧៣០.០០០រៀល ស្មើនឹងជិត ៥៩ម៉ឺនដុល្លារអាមេរិក។

ក្រៅពីចំណតនាវាឫស្សីកែវ ដើម្បីបម្រើការងារដឹកជញ្ជូនតាម ផ្លូវទឹកនេះឲ្យកាន់តែងាយស្រួលនោះ ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានសាងសង់ចំណតនាវា ចំនួន៤ផ្សេងទៀតរួមមាន៖ ចំណតនាវាផ្សារចាស់, ចំណតនាវាចតុមុខ, ចំណតនាវាច្បារអំពៅ និង ចំណតនាវាតាខ្មៅ។

ទីតាំងចំណតនាវាដឹកអ្នកដំណើរនីមួយៗ មានភ្ជាប់ជាមួយស្ថានីយ៍រថយន្តក្រុង ដែលបង្កលក្ខណៈងាយស្រួល សម្រាប់ការប្តូរ ឬតភ្ជាប់គ្នានូវការ ដឹកជញ្ជូនតាមផ្លូវទឹក និងផ្លូវថ្នល់/ផ្លូវគោក។

ចំណតនាវាដឹកអ្នកដំណើរ ទាំង០៥កន្លែងខាងលើ ត្រូវចំណាយថវិកាជាតិសរុបចំនួន ៦,០២៩,៤១៣,០០០រៀល ស្មើនឹងជាង ១.៥លានដុល្លារអាមេរិក៕

ដកស្រង់ពី៖ Fresh News