បណ្តាញសង្គម

ក្រសួងទេសចរណ៍ លេីកកម្ពស់ជំនាញស្ប៉ា និងសុខមាលភាពស្តង់ដាអាស៊ាន តាមរយ:វគ្គវិក្រឹត្យការបណ្តុះបណ្តាល

(ភ្នំពេញ)៖ លោក ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាតំណាងរបស់លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញបើកវគ្គបណ្តុះបណ្តាល វិក្រឹត្យការលើជំនាញស្ប៉ា និងសុខមាលភាព ដោយមានការចូលរួមពីម្ចាស់ អាជីវកម្មស្ប៉ា និងសុខុមាលភាព អ្នកជំនាញស្ប៉ា មន្ត្រីបច្ចេកទេស សិស្ស និស្សិតប្រមាណ ១០០នាក់ នាព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៨ នៅមជ្ឈមណ្ឌលកិច្ច សហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC)។

ដើម្បីជំរុញការបណ្តុះបណ្តាល អ្នកជំនាញស្ប៉ា និងសុខមាលភាព ឲ្យទទួលបានចំណេះដឹង ជំនាញ និងឥរិយាបថខ្ពស់ ក្រសួងទេសចរណ៍បាន បង្កើតស្តង់ដាកម្មវិធី បណ្តុះបណ្តាលរួម ដើម្បីលើកកម្ពស់ ជំនាញវិជ្ជាជីវៈម៉ាស្សា និងផ្តល់ជំនាញបន្ថែម ដល់អ្នកជំនាញម៉ាស្សា ស្របតាមស្តង់ដាជាតិ ដែលនឹងឆ្លើយតបទៅ នឹងស្តង់ដាអាស៊ាន។

កន្លងមក ក្រសួងទេសចរណ៍បានយកចិត្ តទុកដាក់លើការបណ្តុះបណ្តាល អ្នកជំនាញស្ប៉ា និងសុខមាលភាពបានជាង ១០០០នាក់រួចហើយ នៅតាមគោលដៅ ទេសចរណ៍សំខាន់ៗ ដើម្បីទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដោយផ្តល់សេវាកម្មប្រកប ដោយភាពពេញចិត្ត និងក្រមសីលធម៌វិជ្ជាជីវៈខ្ពស់។

វគ្គបណ្តុះបណ្តាល វិក្រឹត្យការលើជំនាញស្ប៉ា និងសុខមាលភាពនេះ ត្រូវបានរៀបចំឡើង ក្នុងគោលបំណងខិតខំបណ្តុះបណ្តាល ជំនាញថ្មីៗបន្ថែមទៀត ដល់អ្នកកំពុងបម្រើ ការងារក្នុងសេវាកម្មស្ប៉ា និងសុខុមាលភាព ទាំងទ្រឹស្តី និងការអនុវត្តផ្ទាល់ ពីលើជំនាញដែលមានស្រាប់ ធ្វើយ៉ាងណាសម្រេច ឱ្យបានតាមគោលដៅដូចតទៅ៖

• ឆ្នាំ២០២០ ទេសចរណ៍កម្ពុជានឹង សម្រេចបាននូវការងារ ដោយធ្វើការបណ្តុះបណ្តាល និងវាយតម្លៃអ្នកជំនាញ ទេសចរណ៍កម្ពុជាបានចំនួន ៥០%។

• ឆ្នាំ២០២៥ ទេសចរណ៍កម្ពុជានឹងសម្រេច បាននូវការងារដោយធ្វើការ បណ្តុះបណ្តាល និងវាយតម្លៃអ្នកជំនាញទេសចរណ៍ កម្ពុជាបានចំនួន ១០០% ដោយចូលរួមជំរុញផ្សព្វផ្សាយ យុទ្ធនាការបុគ្គលិកម្នាក់ជំនាញមួយ។

• ឆ្នាំ២០៣០ ទេសចរណ៍កម្ពុជានឹងចូលរួម សម្រេចគោលដៅអភិវឌ្ឍ ប្រកបដោយនិរន្តរភាពរបស់ SDGs ចំណុចលេខ៤ និងលេខ៨។

សូមរំឭកថា ជាមួយនឹងកំណើនទេសចរជាតិ និងអន្តរជាតិ ដ៏ខ្លាំងក្លានាប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យទេសចរណ៍បាន បង្កើតការងារផ្ទាល់បានប្រមាណ ៦២ម៉ឺននាក់ ស្មើនឹង ១៣% នៃការងារសរុប ហើយនៅក្នុងឆ្នាំ២០២០ និងបង្កើតការងារផ្ទាល់បានជិត១លាននាក់ និងឆ្នាំ២០២៥ ប្រមាណជិត ១.២លាននាក់ និងឆ្នាំ២០៣០ បានចំនួន ២លាននាក់ ដោយមិនគិតពីការងារ ដោយប្រយោលរាប់សិបម៉ឺននាក់ទៀត។

ដកស្រង់ពី៖ Fresh News