បណ្តាញសង្គម

ព្រឹកថ្ងៃពុធនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយកម្មករជិត ២ម៉ឺននាក់នៅខេត្តកំពង់ស្ពឺ

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ១២រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បន្តដំណើរចុះជួបសំណេះសំណាល ជាមួយកម្មករ កម្មការិនីសរុប ១៨,៤៦៧នាក់ មកពីរោងចក្រ សហគ្រាសចំនួន១៤ នៅក្នុងខេត្តកំពង់ស្ពឺ។

ពិធីសំណេះសំណាលនេះ នឹងធ្វើឡើងនៅភូមិស្នោរទី១ សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈលោក អ៉ិត សំហេង បានឲ្យដឹងថា រោងចក្រ សហគ្រាសទាំង១៤ ដែលអនុញ្ញាតឲ្យកម្មករ កម្មការិនីចូលរួមកិច្ច សំណេះសំណាលនេះ គឺវិនិយោគដោយអ្នកវិនិយោគ មកពីប្រទេសចិនចំនួន៩ កូរ៉េចំនួន៤ និងជប៉ុនចំនួន១។

រោងចក្រទាំងនោះរួមមាន៖ រោងចក្រកាត់ដេរសម្លៀកបំពាក់, រោងចក្រផលិតកាបូប និងរោងចក្រផលិតចំណីសត្វ។ ផលិតផលដែលផលិតក្នុងរោងចក្រ សហគ្រាសទាំងអស់នេះ ត្រូវបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ និងផ្គត់ផ្គង់ទីផ្សារក្នុងប្រទេស។

លោករដ្ឋមន្ត្រី បានអះអាងថា រោងចក្រ សហគ្រាសនៅក្នុងខេត្តកំពង់ស្ពឺនេះ បានកសាងនៅតាមមូលដ្ឋាន ជាប់នឹងប្រជាពលរដ្ឋ ដែលបានបង្កើតនូវមុខរបរ និងការងារបន្ថែមជាច្រើន ងាយស្រួលដល់យុវជនក្នុងការរក ការងារធ្វើក្នុងមូលដ្ឋានរបស់ខ្លួន របរជួលផ្ទះ លក់ម្ហូបអាហារ ការដឹកជញ្ជូន និងសេវាកម្មផ្សេងៗទៀត រួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងជីវភាពរបស់ប្រជាពលរដ្ឋ។

ខេត្តកំពង់ស្ពឺ ជាខេត្តកសិកម្មមួយ ហើយធ្លាប់ជាតំបន់សមរភូមិ ប្រយុទ្ធកាលពីសម័យសង្គ្រាម។

ក្រោយពេលសង្គ្រាមបានបិទ បញ្ចប់ទាំងស្រុងក្រោម នយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន នៅអំឡុងឆ្នាំ១៩៩៦ ខេត្តកំពង់ស្ពឺ បានក្លាយទៅជាខេត្តមួយ មានសក្តានុពលខ្ពស់ សម្រាប់ការធ្វើកសិកម្ម និងឧស្សាហកម្ម ហើយទទួលបានការទាក់ទាញ វិនិយោគលើវិស័យឧស្សាហកម្ម និងកសិ-ឧស្សាហកម្មផងដែរ។

បើតាមលោក អ៉ិត សំហេង បានឲ្យបានដឹងថា មកដល់ពេលបច្ចុប្បន្នខេត្តកំពង់ស្ពឺ មានរោងចក្រ សហគ្រាស និងគ្រឹះស្ថានចំនួន២២៨ មានកម្មករ និយោជិត ១០២,៧៣៦នាក់ ដែលជាមានប្រាក់ឈ្នួលសរុបជាង ២៤៧លានដុល្លារក្នុងមួយឆ្នាំ។

ក្នុងនោះរោងចក្រកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើងមានចំនួន១០៩ មានកម្មករ និយោជិតចំនួន ៩៦,៥៤៧នាក់ ដែលមានប្រាក់ឈ្នួលសរុបជាង ២៣២លានដុល្លារក្នុងមួយឆ្នាំ។

លោករដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចាត់ទុកការអភិវឌ្ឍនៅក្នុងខេត្តកំពង់ស្ពឺ គឺជាជោគជ័យនៃគោល នយោបាយទាក់ទាញវិនិយោគ, ការពង្រាយរោងចក្រនៅតាម មូលដ្ឋានជាប់នឹងប្រជាជន, បង្កើតការងារជូនកម្មករ និយោជិតរបស់រាជរដ្ឋាភិបាល និងជាជោគជ័យក្នុងការអនុវត្ តគោលនយោបាយជាតិស្តីពីមុខរបរ និងការងារ, គោលនយោបាយអភិវឌ្ឍន៍ វិស័យឧស្សាហកម្មកម្ពុជា, គោលនយោបាយស្តីពីការអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងក្របខណ្ឌគោល នយោបាយជាតិគាំពារសង្គម ដែលបាននឹងកំពុង ប្រែក្លាយខេត្តកំពង់ស្ពឺ ទៅជាតំបន់សេដ្ឋកិច្ចដ៏ មានសក្តានុពលមួយដូច ខេត្តនានាផងដែរ។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានសម្រេចជ្រើសយកក្នុង មួយសប្តាហ៍យ៉ាងតិចមួយថ្ងៃ ដើម្បីចុះជួបសំណេះ សំណាលជាមួយកម្មករ កម្មការិនីទាំង ក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត។

ការធ្វើដំណើរចុះជួបនេះ ក្រៅពីបំណងចង់ ស្វែងយល់ពីសុខទុក្ខ និងទុក្ខលំបាករបស់កម្មករ កម្មការិនីហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏ចង់ជំរុញវិស័យ ឧស្សាហកម្មឲ្យបោះពួយទៅ មុខដ្បិតវិស័យឧស្សាហកម្ម នាពេលបច្ចុប្បន្ន បានក្លាយជាវិស័យដ៏ សំខាន់ក្នុងការជំរុញសេដ្ឋកិច្ចជាតិ និងលើកកម្ពស់ជីវ ភាពរបស់ប្រជាពលរដ្ឋ។

គិតចាប់តាំងពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧ រហូតដល់ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន ជួបកម្មករ កម្មការិនីសរុប ៥២លើក ហើយមានកម្មករ កម្មការិនីសរុប ៧១៨,៦៦៩នាក់ បានជួបសំណេះសំណាលដោយផ្ទាល់។ ក្នុងនោះមានប្រធានរដ្ឋបាល ប្រធានផ្នែក ប្រធានក្រុម និងជំនួយការសរុប ៧៥១នាក់ បានជួបសំណេះសំណាល ជាមួយសម្តេចនាយ ករដ្ឋមន្ត្រីផងដែរ។

តាមរយៈជំនួបជាបន្តបន្ទាប់ នេះបានធ្វើឲ្យបរិយាកាស ការងារនៅតាមរោងចក្រ សហគ្រាសមានភាពល្អប្រសើរ បញ្ហា និងកង្វល់ជាច្រើនរបស់កម្មករ កម្មការិនីត្រូវបានដោះស្រាយជាបន្តបន្ទាប់ ហើយអត្ថប្រយោជន៍ជា ច្រើនត្រូវបានសម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនកម្មករ។

សូមបញ្ជាក់ផងដែរថាសម្តេចតេជោ ហ៊ុន សែន ធ្លាប់បានជួបសំណេះសំណាល ជាមួយកម្មករ កម្មការិនីនៅក្នុងខេត្ តកំពង់ស្ពឺចំនួន៣ លើករួចមកហើយ៕

ដកស្រង់ពី៖ Fresh News