បណ្តាញសង្គម

ឯកឧត្តម នាយឧត្តមសេនីយ៍ មាស សុភា ចូលរួមជាអធិបតី ពិធីប្រកាស ចូលកាន់មុខតំណែង ក្រុមប្រឹក្សា ខេត្តព្រះវិហារ

ព្រះវិហារ៖ ក្រុមប្រឹក្សា ខេត្តព្រះវិហារ ចំនួន១៣រូប ក្នុងនោះ មកពីគណបក្ស ប្រជាជន កម្ពុជា ចំនួន១០រូប និងគណបក្ស សង្គ្រោះជាតិ ចំនួន០៣រូប ត្រូវបានធ្វើពិធី ប្រកាសចូល កាន់តំណែង សម្រាប់អាណត្តិទី២ ដែលប្រព្រឹត្តិទៅ នៅព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៤ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ មាស សុភា មេបញ្ជាការ កងទ័ពជើងគោក ។

អញ្ជើញចូលរួម ក្នុងពិធីនោះផងដែរ រួមមាន អភិបាល ខេត្តព្រះវិហារ ឯកឧត្តម អ៊ុំ ម៉ារ៉ា អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ អគ្គនាយករដ្ឋបាល ក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំខេត្ត ប្រធាន និងក្រុមការងារ ចុះជួយខេត្តព្រះវិហារ ព្រមទាំង សមាជិក រាជរដ្ឋាភិបាល តំណាងមន្ទីរនានា អាជ្ញាធរដែនដី និងស្ថាប័ននានា នៅជុំវិញ ខេត្តប្រមាណ ៥០០នាក់ ។

យោងតាម របាយការណ៍របស់ ឯកឧត្តម អ៊ុំ ម៉ារ៉ា អភិបាល នៃគណៈអភិបាល ខេត្តព្រះវិហារ បានឲ្យដឹងថា លទ្ធផលនៃការបោះឆ្នោត ក្រុមប្រឹក្សា ខេត្ត ក្រុង ស្រុក កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៤ កន្លងមកនេះ ខេត្តព្រះវិហារ មាន២គណបក្ស នយោបាយ បានដាក់បញ្ចី បេក្ខជនឈរ ឈ្មោះបោះឆ្នោត ក្នុងនោះ មានគណបក្ស ប្រជាជន និង គណបក្ស សង្គ្រោះជាតិ ។

ជាលទ្ធផល គណបក្ស នយោបាយ ដែលទទួលបាន សម្លេងគាំទ្រ មានចំនួនពីរ គណបក្សនយោបាយ គឺគណបក្ស ប្រជាជនកម្ពុជា សម្លេងគាំទ្រ សម្រាប់ ក្រុមប្រឹក្សាខេត្ត មានចំនួន១០រូប និងគណបក្សសង្គ្រោះជាតិ សម្លេងគាំទ្រ សម្រាប់ក្រុមប្រឹក្សាខេត្ត មានចំនួន៣រូប ។ អភិបាលខេត្តព្រះវិហារ ក៏បានលើកឡើង នូវលទ្ធផលការងារ និងការរីកចម្រើន របស់ខេត្ត ដែលសម្រេច ដោយរដ្ឋបាលខេត្ត និងក្រុមប្រឹក្សាខេត្ត សម្រាប់អាណត្តិទី១ ហើយបន្តទិសដៅ សម្រាប់អាណត្តិទី២ ទៅលើការបម្រើ ប្រជាជន ទូទាំងខេត្តព្រះវិហារ ។

បន្ទាប់មក ឯកឧត្តម អគ្គនាយករដ្ឋបាល មូលដ្ឋាន ក្រសួងមហាផ្ទៃ បានឡើងអាននូវព្រះរាជក្រិត ស្តីពីការតែងតាំងប្រធាន និងសមាជិក ក្រុមប្រឹក្សាខេត្តព្រះវិហារ ដែលមាន១៣រូប។ នៅក្នុងឱកាសនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស សុភា តំណាងឲ្យ រាជរដ្ឋាភិបាល បានមានប្រសាសន៍ថា ក្រុមប្រឹក្សាខេត្ត ដែលបានចូលកាន់ តំណែងទាំង១៣រូប គឺជាតំណាង ប្រជាពលរដ្ឋក្នុង ខេត្តព្រះវិហារ ទាំងមូល ដែលមានភារកិច្ច ត្រូវបំរើប្រជាពលរដ្ឋ ដោយស្មើភាព និងបំពេញការងារ របស់ខ្លួន ក្នុងស្មារតីទទួលខុសត្រូវ ខ្ពស់ដើម្បីឆ្លើយតបទៅ នឹងតម្រូវការ ជាក់ស្តែង ក្នុងការអភិវឌ្ឍន៍ មូលដ្ឋាន ខេត្ត ក្រុង ស្រុក ដោយមិនត្រូវប្រកាន់និន្នាការ នយោបាយ នោះឡើយ ។

ឯកឧត្តម នាយឧត្តមសេនីយ៍ បានមានប្រសាសន៍បន្តថា ការបោះឆ្នោត ក្រុមប្រឹក្សាកន្លងមកនេះ ក៏ត្រូវបានមជ្ឈដ្ឋានជាតិ និងអន្តរជាតិ ទទួលស្គាល់ និងវាយ តម្លៃខ្ពស់ថា បានប្រព្រឹត្តិទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងគ្មានអំពើហិង្សា ហើយលទ្ធផល នៃការបោះឆ្នោត ត្រូវបានទទួលស្គាល់ពី គណបក្សនយោបាយ ប្រគួតប្រជែង ។  

មន្រ្តីយោធា ជាន់ខ្ពស់រូបនេះ បានបញ្ជាក់ផងដែរថា កម្ពុជាកំពុងតែពង្រឹង និងលើកកំពស់ នីតិរដ្ឋ ដូច្នេះបុគ្គលគ្រប់រូប ទាំងថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋត្រូវ តែគោរពច្បាប់ និងអនុវត្តច្បាប់ឲ្យ បានត្រឹមត្រូវ។ ជាមួយគ្នានេះ ដើម្បីពង្រឹង អភិបាលកិច្ចល្អ ឯកឧត្តម នាយឧត្តមសេនីយ៍ បានជម្រុញឲ្យក្រុមប្រឹក្សា គ្រប់លំដាប់ថ្នាក់ ដែលជារដ្ឋបាល ថ្នាក់ក្រោមជាតិ ត្រូវខិតខំយកចិត្តទុកដាក់ ក្នុងការផ្តល់សេវាសង្គម កសាងហេដ្ឋា រចនាសម្ព័ន្ធ ប្រកបដោយសមធម៌ តម្លាភាព និងគណនេយ្យភាព តាមរយៈការ គ្រប់គ្រង អំណាចវិមជ្ឈកា និងវិសហមជ្ឈការ ។

ឯកឧត្តម នាយឧត្តមសេនីយ៍ ក៏បានធ្វើការផ្តាំផ្ញើ ដល់ក្រុមប្រឹក្សាខេត្ត ដែលបានជាប់ឆ្នោត ក្នុងអាណត្តិទី២ ទាំងអស់ត្រូវ ខិតខំស្រាវជ្រាវ និងសិក្សាឲ្យបានស៊ីជម្រៅ នូវការថ្នាំងថ្នាក់ តម្រូវការ និងបញ្ហា ប្រឈមនានា របស់ប្រជាពលរដ្ឋ ដើម្បីមានវិធានការ ដោះស្រាយឲ្យ បានសមស្រប និងទាន់ពេលវេលា ។

ជាពិសេសត្រូវ បន្តខិតខំ លើកកម្ពស់ការ ទទួលខុសត្រូវក្នុងការ ផ្តល់សេវា រដ្ឋបាល ជូនប្រជាពលរដ្ឋ ឲ្យបានត្រឹមត្រូវ ទាន់ពេលវេលា ស្របតាមការកំណត់ និងត្រូវផ្សព្វផ្សាយ ឲ្យបានទូលំទូលាយនូវ តារាងតម្លៃសេវា និងរយៈពេលនៃការផ្តល់សេវា រដ្ឋបាល ដែលផ្តល់ដោយ រដ្ឋបាលថ្នាក់ ក្រោមជាតិជូន សាធារណជនជាប់ជាប្រចាំ និងលើកកម្ពស់ការ ចូលរួមក្នុងការលុបបំបាត់ ការទារកម្រៃសេវាក្រៅ ពីការកំណត់។

ជាមួយគ្នានេះ មេបញ្ជាការកងទ័ពជើងគោក ឯកឧត្តម នាយឧត្តមសេនីយ៍ មាស សុភាព បានបញ្ជាក់ថា លោកនឹងបន្តបើក វេទិការសាធារណៈ បន្តទៀត តាមរយះការអញ្ជើញឲ្យ ប្រជាពលរដ្ឋ ទាំងអស់បានចូលរួម ដើម្បីលើកឡើង និងបង្ហាញរាល់ បញ្ហាប្រឈម និងកំពុងកើតមានឡើង សម្រាប់ជីវភាព ប្រចាំថ្ងៃរបស់ ពួកគាត់។

ដោយឡែក មន្រ្តីពាក់ព័ន្ធ ទាំងអស់ ត្រូវចូលរួមស្តាប់ នូវរាល់បញ្ហា របស់ប្រជាពលរដ្ឋ ទាំងនោះ ដើម្បីរាយការណ៍ ជូនថ្នាក់ដឹកនាំ និងដោះស្រាយ នូវអ្វីដែលធ្វើរួច ជាបន្ទាន់ជូនពួកគាត់។ សម្រាប់ការ ប្រកាសចូល កាន់ដំណែងរបស់ក្រុមប្រឹក្សា ក្រុង ស្រុក នៅខេត្តព្រះវិហារ នឹងត្រូវរៀបចំឡើង ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៤ ក្រោមអធិបតីភាព របស់អភិបាល ខេត្តព្រះវិហារ ឯកឧត្តម អ៊ុំ ម៉ារ៉ា និងប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ឡុង សុវណ្ណ៕