បណ្តាញសង្គម

តំណាងនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ជំរុញលើកទឹកចិត្តឲ្យសិស្សថ្នាក់ទី១២ ទូទាំងស្រុកកណ្តាលស្ទឹង ត្រៀមលក្ខណៈឲ្យបានគ្រប់គ្រាន់ ដើម្បីត្រៀមប្រឡងបាក់ឌុប នាថ្ងៃទី២១-២២ ខាងមុខនេះ

(កណ្ដាល)៖ លោក ណុប រ័ត្ននិមល និងក្រុមការងារយុវជន គណៈពង្រឹងមូលដ្ឋាន ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល តំណាងនាយ ឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨នេះ បានជំរុញលើកទឹកចិត្ត ឲ្យប្អូនៗសិស្សថ្នាក់ទី១២ ទូទាំងស្រុកកណ្ដាលស្ទឹង ត្រូវត្រៀមលក្ខណៈ ឲ្យបានគ្រប់គ្រាន់ ដើម្បីត្រៀមប្រឡងសញ្ញា បត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នាថ្ងៃទី២១-២២ ខែសីហា ឆ្នាំ២០១៨ ខាងមុខនេះ។

ការជំរុញលើកទឹកចិត្តបែបនេះ បានធ្វើឡើងក្នុងឱកាសដែល លោក ណុប រ័ត្ននិមល អញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាល ជាមួយលោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្ស ទើបតែបញ្ចប់ការប្រឡង សាកល្បងមធ្យមសិក្សាទុតិយភូមិ ទូទាំងស្រុកកណ្តាលស្ទឹង ឆ្នាំសិក្សា២០១៧-២០១៨ ចំនួន៥០២នាក់ នៅបរិវេណវិទ្យាល័យ ហ៊ុន សែន កំពង់កន្ទួត ឃុំបារគូ ស្រុកណ្តាលស្ទឹង ខេត្តកណ្ដាល។

លោក ណុប រ័ត្ននិមល បានថ្លែងថា ក្រោមការដឹកនាំដ៏ប៉ិនប្រសព្វ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ប្រទេសជាតិទទួល បាននូវសុខសន្តិភាព រក្សាបាននូវកំណើនសេដ្ឋកិច្ច និងមានការរីកចំរើន លើគ្រប់វិស័យ ដែលក្នុងនោះវិស័យអប់រំ កំពុងត្រូវបានពង្រឹងឥតឈប់ ដោយផ្តោតលើគុណភាព ដើម្បីបណ្តុះបណ្តាល ធនធានមនុស្ស ពិសេសយុវជន ជំនាន់ក្រោយ ឲ្យក្លាយជាសរសរទ្រូង ប្រទេសជាតិទៅថ្ងៃអនាគត។

នាឱកាសនោះ លោក ក៏បានថ្លែងនូវការកោតសរសើរ ដល់លោកនាយក នាយករង លោកគ្រូ អ្នកគ្រូ អនុរក្ស គណៈកម្មការរៀបចំ ការប្រឡងសាកល្បង និងកងកម្លាំងនគរបាល កងកម្លាំងអាវុធ ហត្ថស្រុកទាំងអស់ ដែលបានចូលរួមចំណែក យកចិត្តទុកដាក់ និងមានការទទួលខុសត្រូវខ្ពស់ ធ្វើឲ្យការប្រឡងសាកល្បងនេះ ប្រព្រឹត្តទៅយ៉ាងរលូន មានតម្លាភាព និងទទួលបាននូវជោគជ័យ។

ជាមួយគ្នានោះ តំណាងនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង បានអបអរសាទរចំពោះប្អូនៗ ដែលទទួលបានចំណាត់ថ្នាក់ល្អ និងជំរុញលើកទឹកចិត្ត ឲ្យខិតខំរៀនសូត្របន្ត ពិសេសត្រូវត្រៀមលក្ខណៈ ឲ្យបានគ្រប់គ្រាន់ បន្ថែមទៀត ដើម្បីត្រៀមប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ពិតប្រាកដ នាថ្ងៃទី២០-២១ ខែសីហា ឆ្នាំ២០១៨ ខាងមុខនេះ។

លោក ណុប រ័ត្ននិមល បានបន្ថែមទៀតថា ប្អូនៗទាំងអស់ ដែលពុំបានជាប់ការ ប្រឡងសាកល្បងនេះ ត្រូវពង្រឹងបំពេញបន្ថែមចំណុចខ្វះខាត ដើម្បីត្រៀមលក្ខណៈ ប្រឡងពិតប្រាកដ ឲ្យទទួលបានលទ្ធផលល្អ។

លោក ក៏បានផ្តាំផ្ញើផងដែរថា យើងទាំងអស់គ្នាត្រូវជៀស ឲ្យឆ្ងាយពីគ្រឿងញៀន ហើយត្រូវប្រើពេលវេលា របស់យើងឲ្យមានតំលៃ និងស្តាប់ដំបូន្មានឪពុកម្តាយ ចេះគោរពចាស់ទុំ ព្រឹទ្ធាចារ្យ និងត្រូវធ្វើយ៉ាងណា ឲ្យក្លាយជាកូនល្អ សិស្សល្អ ពលរដ្ឋល្អ ក្នុងសង្គមជាតិយើង។

គួររំលឹកថា ដោយអនុវត្តន៍តាម អនុសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពជា និងដោយមានការចង្អុលបង្ហាញ ពីសំណាក់នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ក្រុមការងារយុវជន ស្រុកកណ្តាលស្ទឹង បានរៀបចំការប្រឡងសាកល្បងនេះ ចំនួន៣លើកមកហើយ ក្នុងនោះទទួលបាន លទ្ធផលយ៉ាងល្អប្រសើរ៕

ដកស្រង់ពី៖ Fresh News