បណ្តាញសង្គម

លោក សុខ ឥសាន៖ រាជរដ្ឋាភិបាលអាណត្តិថ្មី ប្ដេជ្ញាកែប្រែកម្មវិធីនយោបាយរបស់បក្សទៅជាលទ្ធផលជាក់ស្ដែង ដើម្បីបុព្វហេតុជាតិ និងប្រជាជន

(ភ្នំពេញ)៖ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលអាណត្តិថ្មី ដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ប្ដេជ្ញាខិតខំកែប្រែកម្មវិធី នយោបាយរបស់គណបក្ស ឲ្យក្លាយទៅជាល ទ្ធផលជាក់ស្ដែង ដើម្បីបុព្វហេតុជាតិ និងប្រជាពលរដ្ឋ កម្ពុជាទូទាំងប្រទេស។

ការបង្ហាញសុទិដ្ឋិនិយម យ៉ាងដូច្នេះរបស់លោក សុខ ឥសាន ត្រូវបានធ្វើឡើងក្នុងសន្និសីទ សារព័ត៌មានរបស់គណបក្ស ប្រជាជនកម្ពុជា ស្តីពីលទ្ធផលជាផ្លូវ ការនៃការបោះឆ្នោត នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ភូគីត្រា នាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨។

លោកបានថ្លែងយ៉ាងដូច្នេះថា «ក្នុងនាមខ្ញុំជាអ្នកនាំ ពាក្យគណបក្សប្រជាជន យើងមានសុទិដ្ឋិនិយម លើការប្ដេជ្ញាចិត្តរបស់ ប្រមុខរាជរដ្ឋាភិបាល ក្នុងការកែប្រែកម្មវិធីនយោបាយ របស់គណបក្សប្រជាជនកម្ពុជា ឲ្យទៅជាលទ្ធផល ជាក់ស្ដែងនៃជ័យជម្នះ ដើម្បីបុព្វហេតុជាតិ និងប្រជាជនរបស់យើង»។

អ្នកនាំពាក្យរូបនេះ បានបង្ហាញភាពជឿជាក់ថា គណបក្សប្រជាជនកម្ពុជា មិនមានអ្វីស្ទាក់ស្ទើរឡើយ ពោលគឺមានសុទិដ្ឋិ និយមពេញទីក្នុងការទទួល លទ្ធផលជ័យជម្នះ នៃការបោះឆ្នោតជ្រើស តាំងតំណាងរាស្ត្រនីតិកាលទី៦ ហើយរាជរដ្ឋាភិបាល អាណត្តិថ្មី អាណត្តិទី៦ នឹងបង្កើនប្រសិទ្ធភាព ក្នុងការអភិវឌ្ឍប្រទេស កម្ពុជាឱ្យបន្តរីកចម្រើនទៅមុខ។

លោកបានអះអាងទៀតថា យន្តការដែលរាជរដ្ឋាភិបាល កម្ពុជាកំពុងអនុវត្តនោះ បាននិងកំពុងចេញដំណើរ ប្រកបដោយភាពរលូន ឧទាហរណ៍ដូចជាយន្តការ ច្រកចេញ-ចូលតែមួយ យន្តការបើកប្រាក់បៀវត្សតាម ប្រព័ន្ធធនាគារជាដើម គឺសុទ្ធតែជាយុទ្ធសាស្ត្រ កាត់បន្ថយភាពអសកម្មរបស់ មន្ត្រីរាជការយ៉ាងមានប្រសិទ្ធភាព។

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ធ្លាប់បានថ្លែងដែរថា រាជរដ្ឋាភិបាលអាណត្តិថ្មីខាងមុខនេះ ជាអាណត្តិនៃការ ខិតខំធ្វើកំណែទម្រង់ ទាំងអស់ ដើម្បីធ្វើឲ្យជីវភាព ប្រជាពលរដ្ឋកម្ពុជា កាន់តែប្រសើរឡើង ដើម្បីសេចក្តីសុខរបស់ ប្រជាពលរដ្ឋកម្ពុជា។

រីឯមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ត្រូវធ្វើការងារឲ្យបានល្អបំផុត សម្រាប់បម្រើប្រជាពលរដ្ឋ។ សម្តេចតេជោ ហ៊ុន សែន បានបន្តទៀតថា «យើងទាំងអស់គ្នាត្រូវបន្តការខិតខំ, ឥឡូវនេះ បន្ទុកគណបក្សប្រជាជនកម្ពុជា គឺកាន់តែខ្លាំង កាន់តែច្រើន ព្រោះប្រជាពលរដ្ឋបាន ផ្តល់នូវជំនឿទុកចិត្ត ចំពោះគណបក្សប្រជាជន កម្ពុជារួចស្រេចទៅហើយ ដូច្នេះរឿងដែល នៅសេសសល់ គឺការខិតខំសម្រាប់ការ ដោះស្រាយរបស់យើង ការបន្តរបស់យើងនៅ ក្នុងដំណើរការអភិវឌ្ឍ»។

តាមការប្រកាសរបស់ សម្តេចតេជោ ហ៊ុន សែន រាជរដ្ឋាភិបាលអាណត្តិថ្មី អាណត្តិទី៦ នឹងបង្កើតជាផ្លូវការនាថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ខាងមុខឆាប់ៗនេះ ហើយការបើកកិច្ចប្រ ជុំគណៈរដ្ឋមន្រ្តីជាលើកដំបូង នឹងធ្វើឡើងនាថ្ងៃទី០៧ ខែកញ្ញា។

ចំណែកឯគោលនយោបាយ ក្នុងការដឹកនាំរាជរដ្ឋាភិបាលអាណត្តិ ក៏បានរៀបចំរួចរាល់ ហើយដែរ គឺសម្តេចតេជោបានបន្ត ដាក់ចេញគោលនយោបាយ ចតុកោណដំណាក់កាលទី៤ ដោយមានការសម្រួច មុខព្រួញការអភិវឌ្ឍមួយចំនួន៕

ដកស្រង់ពី៖ Fresh News