បណ្តាញសង្គម

កាកបាទក្រហមកម្ពុជា​ ចុះសួរសុខទុក្ខ​មន្ត្រីនគរបាលដែលរងគ្រោះថ្នាក់ចរាចរណ៍​ក្នុងពេលចុះបង្ក្រាបបទល្មើស​

(ភ្នំពេញ)៖ នៅរសៀលថ្ងៃអង្គារ ១០កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ២១ ខែសីហា ឆ្នាំ២០១៨ នេះ កាកបាទក្រហមកម្ពុជា (កក្រក) ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានផ្តល់ស្បៀង សម្ភារ និងថវិកាមួយចំនួន ក្នុងពេលចុះសួរសុខទុក្ខ លោកព្រឹន្ទបាលទោ ផាន់ ភូមិន្ទ អាយុ ២៣ឆ្នាំ មន្ត្រីនគរបាលសង្កាត់ ប៉ុស្តិ៍ចោមចៅទី ៣ ដែលបានរងគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឱ្យបាក់ឆ្អឹងដងកាំបិតខាងស្តាំ ខណៈពេល កំពុងប្រតិបត្តិការបង្ក្រាប បទល្មើសចោរឆក់ កាលពីយប់ថ្ងៃទី ១៩ ខែសីហា ឆ្នាំ២០១៨ ក្នុងភូមិសាស្ត្រខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

នៅពេលចុះទៅសួរសុខទុក្ខនោះ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី ១ កក្រក បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តាំផ្ញើសួរសុខ ទុក្ខចំពោះលោក ផាន់ ភូមិន្ទ ដែលបានរងគ្រោះថ្នាក់នៅ ក្នុងឧបទ្ទវហេតុខាង លើនេះ និងសូមផ្តាំផ្ញើឲ្យ ថែទាំសុខភាព ព្យាបាលមុខរបួសឱ្យបានល្អ ឆាប់បានជាសះស្បើយ វិលត្រឡប់ទៅបំពេញ ការងារបម្រើប្រ ជាពលរដ្ឋវិញ ។

បន្ទាប់ពីទទួលបានការ ឧបត្ថម្ភពីកាកបាទក្រហមកម្ពុជា នូវគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួនរួចមក លោក ផាន់ ភូមិន្ទ បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែយកចិត្តទុកដាក់ គិតគូរ និងលើកទឹកចិត្តដល់ ជនរងគ្រោះគ្រប់ប្រភេទ ដោយគ្មានការរើស អើងអ្វីឡើយ។

ឆ្លៀតក្នុងឱកាសនោះដែរ លោកស្រីអគ្គលេខាធិការរងទី ១ ក៏បានចុះទៅ សួរសុខទុក្ខ និងផ្តល់អំណោយជូនដល់ លោកអនុសេនីយ៍ទោ សែត គឹមសេម អាយុ ៤១ឆ្នាំ មន្ត្រីនគរបាលសង្កាត់ ប៉ុស្តិ៍ចោមចៅទី ៣ ដែលកំពុងមានជំងឺទឹក នោមផ្អែមធ្ងន់ធ្ងរផងដែរ៕

ដកស្រង់ពី៖  Fresh News