បណ្តាញសង្គម

ពិធីប្រកាស ចូលកាន់មុខតំណែង ក្រុមប្រឹក្សា ខេត្តក្រចេះ អាណត្តិទី២

ក្រចេះ៖ កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៤នេះ នៅក្នុងខេត្តក្រចេះ បានរៀបចំកម្មវិធី ប្រកាសចូលកាន់ មុខតំណែង ប្រធានក្រុមប្រឹក្សា ខេត្ត នៅក្នុងអាណត្តិទី២នេះ ដោយមានការចូលរួម ពីសំណាក់ ឯកឧត្តម ទេសរដ្ឋមន្ត្រី អឹុម ឈុនលឹម រដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ ឯកឧត្តម សរ ចំរ៉ុង អភិបាលខេត្តក្រចេះ និងមន្ត្រីរាជការ ជាច្រើនរូបទៀត។

ថ្លែងនៅក្នុងឱកាសនោះ ឯកឧត្តម ទេសរដ្ឋមន្ត្រី អ៊ឹម ឈុនលឹម បានមានប្រសាសន៍ថា ក្រុមប្រឹក្សាដែលទើបនឹង តែងតាំងថ្មីៗនេះ ត្រូវផ្តល់សេវា សាធារណៈដល់ប្រជាពលរដ្ឋ ដោយបង្ហាញនូវតម្លៃ សេវាសាធារណៈដល់ពួកគាត់ និងរយៈពេលនៃការផ្តល់សេវា, ការបង្ការទប់ស្កាត់ និងបង្រ្កាប បទល្មើសនានា មានបទល្មើសព្រៃឈើ, ជលផល, ការកាប់បំផ្លាញព្រៃឈើ នៅតំបន់ធម្មជាតិនានា ដោយប្រើប្រាស់យន្តការ គណៈបញ្ជាការឯកភាព រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ តាមអនុក្រិត្យថ្មី។

ឯកឧត្តមបានបន្តថា “ដើម្បីរួមគ្នាសម្រេច បាននូវកិច្ចការនានា ចំាបាច់ត្រូវខិតខំពង្រឹង ស្មារតីសាមគ្គីភាព, ឯកភាពផ្ទៃក្នុងឲ្យបានល្អ នៅក្នុងប្រឹក្សា គណៈអភិបាល មន្ត្រីរាជការ និងកងកម្លាំងមានសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ ដោយឈរលើមូលដ្ឋាន នៃការលើកកំពស់ ប្រសិទ្ធិភាពការងារ, ការគោរព ច្បាប់ គោរពគោលការណ៍ នានារបស់រដ្ឋ និងពង្រឹងរបៀបរបបធ្វើការ”។

ឯកឧត្តម សរ ចំរ៉ុង អភិបាល នៃគណៈអភិបាលខេត្តក្រចេះ បានមានប្រសាសន៍ថា “ការបោះឆ្នោតក្រុមប្រឹក្សា កន្លងទៅនេះ សាមជិកក្រុមប្រឹក្សាខេត្ត មានចំនួន ១៥រូប មកពីគណបក្ស ប្រជាជនកម្ពុជា ១១រូប មកពីគណបក្ស សង្រ្គោះជាតិ ៤រូប និងក្រុមប្រឹក្សាក្រុង ស្រុក សមាជិកមានចំនួន ៨៨រូប មកពីគណបក្ស ប្រជាជនកម្ពុជា ៦៦រូប និងមកពីគណបក្ស សង្គ្រោះជាតិ ២២រូប”។

ឯកឧត្តម នូ ភឿង ប្រធានក្រុមប្រឹក្សា ខេត្តក្រចេះ បានមានប្រសាសន៍ថា “នៅក្នុងអាណត្តិទី២នេះ ខ្ញុំនឹងប្រតិបត្តិតាម រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ ក្នុងខេត្ត, ខិតខំពង្រឹងរដ្ឋបាលឯកភាព, ពង្រឹងសាមគ្គីផ្ទៃ ក្នុងក្រុមប្រឹក្សា គណៈអភិបាល និងមន្ត្រីបុគ្គលិក ព្រមទាំងពង្រឹង និងលើកកម្ពស់ ការ ទំនាក់ទំនង ជាមួយក្រុមប្រឹក្សា គ្រប់លំដាប់ថ្នាក់ ព្រមទាំងក្រសួង, ស្ថាប័ន, មន្ទីរ , អង្គភាព ក្នុងដែនសមត្ថកិច្ច”។

ឯកឧត្តមបានបន្តថា នៅក្នុងអាណត្តិទី២នេះ នឹងខិតខំប្រឹងប្រែង បំពេញកិច្ចការរបស់ខ្លួន ឲ្យស្របតាមច្បាប់ស្តីពី ការគ្រប់គ្រង រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងលិខិតបទដ្ឋាននានា ដើម្បីសម្រេចនូវ គោលបំណង ក្នុងការបង្កើត និងជំរុញ និងការធ្វើឲ្យមានចីរភាព ដល់ការអភិវឌ្ឍតាម បែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ និងស្របតាមគោល នយោបាយវិមជ្ឈការ និងវិសហមជ្ឈការ របស់រាជរដ្ឋាភិបាល។

សូមបញ្ជាក់ថា ផ្អែកតាមលទ្ធផលផ្លូវការ ដែលបានប្រកាសដោយ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត ចំនួនក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី២ សរុបទូទាំងប្រទេសមានចំនួន ៣.៣២៤រូប ក្នុងនោះក្រុមប្រឹក្សារាជធានី ខេត្ត មានចំនួន ៣៩៣រូប និងក្រុមប្រឹក្សា ក្រុង ស្រុក ខណ្ឌ មានចំនួន២.៩៣១រូប៕