បណ្តាញសង្គម

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ថ្លែងនៅក្នុងឱកាសជួបសំណេះសំណាល ជាមួយកម្មករនៅក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃព្រហស្បត្តិ៍ ១២កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បន្តអញ្ជើញចុះជួប សំណេះសំណាល ជាមួយកម្មករ កម្មការិនីចំនួន១៧,៥០៣នាក់ មកពីរោងចក្រ សហគ្រាចំនួន១២ នៅក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល។

កិច្ចសំណេះសំណាលនេះនឹងធ្វើឡើង នៅភូមិព្រែកត្រែង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ខាងក្រោមនេះជាប្រសាសន៍ សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការឡាយព្រះហស្ថលេខា របស់ព្រះមហាក្សត្រ ក្នុងការចាត់តាំងសម្តេច ជានាយករដ្ឋមន្ត្រី គឺខុសពីការតែងតាំង។

ក្នុងន័យនេះសម្តេចតេជោ ស្នើឲ្យអ្នករិះគន់បែងចែង ឲ្យច្បាស់ពីខ្លឹមសារនៃការចាត់តាំង និងតែងតាំង។

* សម្តេចតេជោ ហ៊ុន សែន បានហៅអ្នករិះគន់ទាំងឡាយថា សូម្បីពាក្យតែងតាំង និងចាត់តាំងបែងចែក គ្នាមិនច្បាស់ផង តើឲ្យទៅធ្វើការងារ អ្វីផ្សេងទៅកើត។

* សម្តេចតេជោ ហ៊ុន សែន បានហៅការបោះឆ្នោតគាំទ្រ គណបក្សប្រជាជន កម្ពុជាច្រើនលើសលប់ ជាការសម្រេចចិត្តក្នុង ការជ្រើសយកការអភិវឌ្ឍ និងការរក្សានូវសុខសន្តិភាព។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ឯកបក្សនៅក្នុងរដ្ឋសភា ប៉ុន្តែពហុបក្ស នៅក្នុងការបោះឆ្នោត។

* សម្តេចតេជោ ហ៊ុន សែន បន្តហៅទណ្ឌិត សម រង្ស៊ី ជាមេចោលួច Facebook របស់សម្តេច។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការប្រកួតប្រជែងធ្វើ ឡើងនៅពេលបោះឆ្នោត តែក្រោយការបោះឆ្នោត ត្រូវរួបរួមគ្នាក្នុង ការកសាងជាតិ។

ព្រោះតែស្មារតីនៃការរួបរួមនេះហើយ ទើបសម្តេចសម្រេច ផ្តួចផ្តើមគំនិតបង្កើត «ឧត្តមក្រុមប្រឹក្សាផ្តល់ និងពិគ្រោះយោបល់»។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើទោះបី «ឧត្តមក្រុមប្រឹក្សាផ្តល់ និងពិគ្រោះយោបល់» បង្កើតមិនទាន់យ៉ាងណាក្តី ក៏ត្រូវអញ្ជើញតំណាងគណបក្ស នយោបាយទាំងអស់ឲ្យមកពិគ្រោះ និងផ្តល់យោបល លើច្បាប់ថវិកាផងដែរ មុនដាក់ទៅគណៈ រដ្ឋមន្ត្រីពិនិត្យ និងអនុម័ត។

* សម្តេចតេជោ ហ៊ុន សែន គោលបំណងដើមរបស់សម្តេច ក្រៅពីការផ្តួលរំលំ របបប្រល័យពូជសាសន៍ ប៉ុលពត និងទប់ស្កាត់របបប៉ុលពត ហើយនោះ គឺមិនអាចប្រើអាវុធដើម្បី បញ្ចប់សង្គ្រាមនៅកម្ពុជាបានទេ គឺមានតែប្រើ នយោបាយឈ្នះឈ្នះ ក្នុងការចរចាតែប៉ុណ្ណោះ។

* សម្តេចតេជោប្រមុខ រាជរដ្ឋាភិបាល បានថ្លែងថា ព្រោះតែធ្លាប់អនុវត្តន៍ នូវនយោបាយឈ្នះឈ្នះ នេះហើយ ទើបសម្តេចសម្រេច ប្រមូលគ្រប់ធនធាន មកពីបក្សនយោបាយទាំងអស់ នៅក្នុងអាណត្តិនេះមក ធ្វើការបម្រើប្រទេសជាតិ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមានការសោកស្តាយ ចំពោះគណបក្ស នយោបាយមួយចំនួន ដែលសម្តេចបានផ្តល់ ឱកាសទៅហើយបែរ ជាមិនចូលរួមទៅវិញ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចចង់មានការ លើកលែងទោសទ្រង់ទ្រាយធំ តែសូមកុំនិយាយថា ការលើកលែងទោសនេះ ព្រោះតែគំនាបបរទេស។

* សម្តេចនាយករដ្ឋមន្ត្រី ថ្លែងថា នៅក្នុងរដូវបុណ្យភ្ជុំឆ្នាំនេះ សម្តេចចង់មានការលើកលែងទោសទ្រង់ទ្រាយធំ ដែលក្នុងនោះសម្តេចគ្រោងនឹងលើកលែងទោសអតីតមន្រ្តីរបស់បក្សប្រឆាំង១២នាក់ផងដែរ។

* សម្តេចបានព្រមានថា ប្រសិនបើមានការលើកឡើងណាមួយថា ការដោះលែងរបស់សម្តេច ធ្វើព្រោះគំនាបរបស់បរ ទេសនោះសម្តេច នឹងពិចារណាឡើងវិញ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចនឹងអញ្ជើញទៅថ្លែង ការណ៍នៅអង្គការ សហប្រជាជាតិ។

* សម្តេចតេជោ ហ៊ុន សែន បានផ្តាំដល់អាជ្ញាធរទាំងអស់ ត្រូវដោះស្រាយបញ្ហា ឲ្យទាន់ពេលវេលា ជូនប្រជាពលរដ្ឋកំពុង រងគ្រោះដោយទឹកជំនន់។

សម្តេចតេជោ ក៏ចេញបញ្ជាឲ្យក្រសួងកសិកម្ម ត្រៀមគ្រាប់ពូជ សម្រាប់ប្រជាពលរដ្ឋ។

* សម្តេចនាយករដ្ឋមន្ត្រី ក៏បានចេញបញ្ជា ឲ្យក្រសួងសាធារណការ និងក្រសួងអភិវឌ្ឍន៍ ត្រៀមស្តារឡើងវិញនូវ ផ្លូវដែលរងការខូចខាត។

* សម្តេចនាយករដ្ឋមន្ត្រី ក៏បានបញ្ជាទៅក្រសួង សុខាភិបាលត្រៀមបង្ការ ទប់ស្កាត់បញ្ហាជំងឺ ចំពោះប្រជាពលរដ្ឋ។

* សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា នៅឆ្នាំនេះសម្តេច នៅតែបន្តជួបជាមួយ សិស្សដែលប្រលង បាននិទ្ទេស A ។

* សម្តេចតេជោ បានថ្លែងថា សម្តេចអបអរសាទរ ចំពោះសិស្សប្រលង ហើយក៏សូមឲ្យសិស្ស ប្រលងមិនជាប់ត្រូវបន្តការ សិក្សារៀនសូត្រ ហើយកុំអស់សង្ឃឹម។

* សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែង សំណេះសំណាល នៅវេលាម៉ោង ១០៖២០នាទីព្រឹកថ្ងៃដដែល, សូមអរគុណចំពោះ ការទស្សនាការផ្សាយផ្ទាល់៕

ដកស្រង់ពី៖ Fresh News