បណ្តាញសង្គម

ពិធីប្រកាស ចូលកាន់មុខតំណែង ក្រុមប្រឹក្សា ខេត្តកំពង់ធំ អាណត្តិទី២

កំពង់ធំ៖ នៅសាលាខេត្តកំពង់ធំ នាព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៤ បានធ្វើពិធី ប្រកាសចូលកាន់ តំណែងក្រុមប្រឹក្សាខេត្ត អាណត្តិទី២ ក្រោមអធិបតីភាព ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តី ក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារ ថ្នាក់ជាតិចុះមូលដ្ឋាន ខេត្តកំពង់ធំ និងមានការចូលរួម ពីតំណាងក្រសួង នានាផងដែរ ។

ឯកឧត្តម អ៊ុត សំអន អភិបាលខេត្ត បានអាននូវ របាយការណ៍ រីកចម្រើនរយះពេល៥ឆ្នាំ របស់ក្រុមប្រឹក្សាខេត្ត ក្នុងនោះ រដ្ឋបាលខេត្ត ដែលមានក្រុមប្រឹក្សា និងគណះអភិបាល បានខិតខំប្រឹងប្រែង បំពេញការងារ ជូនប្រជាពលរដ្ឋ និងបានសម្រេចនូវ សមិទ្ធិផលជាច្រើន ដើម្បីបំរើសេចក្តី ត្រូវការរបស់ ប្រជាពលរដ្ឋ និងធ្វើឲ្យជីវភាព ប្រជាពលរដ្ឋ មានជីវភាពកាន់ តែធូរធា ថែមទៀត។

ឯកឧត្តម បានបន្តទៀតថា ខេត្តកំពង់ធំ បានអនុវត្តន៍ នូវគោល នយោបាយ របស់រាជរដ្ឋាភិបាល ជាប់ជាប្រចាំ និងបានទប់ស្កាត់ នូវបទល្មើស នានាធានារក្សាបាន នូវផលប្រយោជន៍ជាតិជាធំ ។

ឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត អាណត្តិទី២ បានឡើងប្តេជ្ញាចិត្ត ក្នុងនាមក្រុមប្រឹក្សាខេត្ត និងខិតខំបំពេញ ការងារទាំងការងារ សេសសល់ និងទិសដៅការងារ បន្តរបស់ក្រុមប្រឹក្សា អាណត្តិទី២នេះ ធានាសម្រេចការងារ ឲ្យបានជោគជ័យ។

ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្រ្តី ក្រសួងទេសចរណ៍ និងជាប្រធាន ក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋាន ខេត្តកំពង់ធំ បានមានប្រសាសន៍ ផ្តាំផ្ញើ ដល់ក្រុមប្រឹក្សា អាណត្តិទី២នេះ ឲ្យបន្តអនុវត្ត ការងារដែលនៅ សេសសល់ ដោយសហការ គ្នាឲ្យ បានល្អជាមួយ គណះអភិបាល សម្រេចបាននូវផែនការ ដែលថ្នាក់ជាតិបានដាក់ចុះ និងលើកទិសដៅ ការងារដើម្បី អនុវត្តបន្ត និងអប់រំ ផ្សព្វផ្សាយនូវ ច្បាប់ផ្សេងៗ ជូនដល់ ប្រជាពលរដ្ឋបានជ្រាប និងគោរពតាម ។

ទប់ស្កាត់ឲ្យ បានរាល់បទល្មើស នានាជាពិសេស បទល្មើសនេសាទ ការឆក់ ការបូម ការនេសាទ ដោយប្រើប្រាស់ឧបករណ៍ ខុសច្បាប់   ការឈូសឆាយដី ព្រៃលិចទឹក ដោយខុសច្បាប់  ការកាន់កាប់ ទន្ទ្រានរុករាន យកដីព្រៃ ដោយខុសច្បាប់ និងបទល្មើសផ្សេងៗទៀត ត្រូវទប់ស្កាត់អោយបាន ។

ឯកឧត្តម បានបន្តទៀតថា ក្នុងនាមរដ្ឋបាល ថ្នាក់ក្រោមជាតិ ត្រូវស្និតស្នាល ជាមួយប្រជាពលេដ្ឋ យកចិត្តទុកដាក់ ជាមួយពលរដ្ឋ និងដោះស្រាយ បញ្ហាប្រឈមនានា ជូនប្រជាពលរដ្ឋឲ្យ បានទាន់ពេលវេលា។

ក្នុងករណីមិនមានលទ្ធភាព ដោះស្រាយទេ ត្រូវរាយការស្នើសុំ យោបល់ទៅថ្នាក់ជាតិ ឲ្យបានប្រញាប់បំផុត ដើម្បីឆ្លើយតប ទាន់ពេលវេលា ជូនពលរដ្ឋ ។

សូមបញ្ជាក់ថា ក្រុមប្រឹក្សាខេត្តកំពង់ធំ សរុបចំនួន១៧នាក់ មកពីគណបក្ស ប្រជាជន ១២អាសនះ ដោយកើន ១អាសនះពី អាណត្តិទី១ និងពីគណបក្ស សង្រ្គោះជាតិ ៥អាសនះ៕