បណ្តាញសង្គម

មន្រ្តីជាន់ខ្ពស់ក្រសួងការពារជាតិ ឧត្តមសេនីយ៍ទោ មាស ប៊ុនឡី ផ្តល់ផ្លូវលំក្រាលគ្រួសក្រហមមួយខ្សែ ជូនពលរដ្ឋឃុំអង្គភ្នំតូច ស្រុកអង្គជ័យ ដើម្បីសម្រួលដល់ការធ្វើដំណើរ

(កំពត)៖ លោកឧត្តមសេនីយ៍ទោ មាស ប៊ុនឡី អគ្គនាយករង នៃអគ្គនាយកដ្ឋាន សម្ភារៈបច្ចេកទេស ក្រសួងការពារជាតិ និងលោក ជឹង ផល្លា អភិបាលរងខេត្តកំពត រួមជាមួយមន្ត្រីរាជ ការក្រោមឱវាទ និងប្រជាពលរដ្ឋ នៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៨ បានចូលរួមក្នុងពិធី សម្ពោធដាក់ ឲ្យប្រើប្រាស់ ផ្លូវលំក្រាលគ្រួសក្រហម១ខ្សែ ប្រវែង៥៣០ម៉ែត្រ ទទឹង៥ម៉ែត្រ ស្ថិតក្នុងភូមិត្រពាំងខ្យង ឃុំអង្គភ្នំតូច ស្រុកអង្គរជ័យ ចំណាយថវិការសរុប ជាងប្រាំពាន់ដុល្លារអាមេរិក។

ក្នុងឱកាសនោះ លោក មាស ប៊ុនឡី បានលើកឡើងថា ស្រុកអង្គរជ័យ ជាស្រុកល្បីខាងអ្នករៀន សូត្រពូកែ និងមានអ្នកបាន ធ្វើធំច្រើនតាំងពីដើមមក ហើយបច្ចុប្បន្នយុវជនជំនាន់ក្រោយ ក៏នៅតែបន្តរក្សាកេរ្តិ៍ឈ្មោះ ស្រុកមួយនេះបានដដែល។

លោកបានរំឭកដល់យុវជន និងមន្ត្រីជំនាន់ក្រោយ មិនថាតែអ្នកស្រុកអង្គជ័យទេ គឺទូទាំងប្រទេសនៅពេល រៀនចេះ មានចំណេះជំនាញខ្ពង់ខ្ពស់ហើយ មិនត្រូវភ្លេចពីសីលធម៌ គុណធម៌ សច្ចៈធម៌ទេ ហើយត្រូវយកវាមក បម្រើប្រជាពលរដ្ឋ ហើយបើបានក្លាយ ជាមន្ត្រីរាជការ ត្រូវយកចិត្តទុកដាក់ បម្រើប្រជាពលរដ្ឋ កុំធ្វើជាចៅហ្វាយ របសប្រជាពលរដ្ឋ កុំធ្វើដូចបុគ្គល មួយចំនួន ខ្លួនមានចំណេះតែខ្វះលីលធម៌ គុណធម៌ សច្ចៈធម៌ ដើរតែបង្ករឿងឲ្យសង្គម ប្រទេសជាតិខ្លួនឯង កើតចលាចល និងដើរថយក្រោយ។

លោកបញ្ជាក់ថា លោកខំនឹងកៀរគរ ស្វែងរកលទ្ធភាព និងថវិកា ដើម្បីជួយកសាង និងជួសជុលផ្លូវ ដែលខូចខាតផ្សេងៗទៀត នៅក្នុងឃុំខាងលើនេះ។

លោក ជឹង ផល្លា បានលើកឡើងដែរថា ព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹងនាំដ៏ឈ្លាសវៃ និងត្រឹមត្រូវ ប្រកបដោយគតិបណ្ឌិត សីលធម៌ខ្ពស់ គុណធម៌ សច្ចៈធម៌ ព្រហ្មវិហារធម៌ បានធ្វើឲ្យ ប្រទេសរីកចម្រើន និងមានមុខមាត់នៅ ក្នុងឆាកអន្តរជាតិ និងក្របខណ្ឌអាស៊ាន ដោយកម្ពុជាបានក្លាយជាប្រទេស ដែលមានកំណើនសេដ្ឋកិច្ចខ្ពស់នឹងឆាប់រហ័សជាងគេ ក្នុងបណ្តាប្រទេស នៅក្នុងពិភពលោក។

លោកអភិបាល រងខេត្តបន្តថា កូនខ្មែរនាពេលបច្ចុប្បន្ន កំពុងតែមានមោទនភាព ដោយសារសម្តេច តេជោខ្លាំងណាស់ ទាំងអ្នកនៅក្នុងស្រុក និងក្រៅស្រុក ពិសេសកម្មករ ទៅធ្វើការស្រុកគេ ដូចជាប្រទេសថៃ លែងលាក់បាំងថា ខ្លួនមិនមែនខ្មែរទៀតហើយ៕

ដកស្រង់ពី៖  Fresh News