Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ល្ងាចនេះសម្តេចតេជោ ហ៊ុន សែន នឹងទទួលស្វាគមន៍ដំណើរនិវត្តន៍ប្រតិភូ និងអត្តពលិកកម្ពុជាពី Asian Games ដែលបានស្ពាយកិត្តិយសដ៏ធំធេងសម្រាប់ជាតិជាប្រវត្តិសាស្រ្ត

  • បោះពុម្ព

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងទទួលស្វាគមន៍ដោយផ្ទាល់ ចំពោះដំណើរនិវត្តន៍ របស់ប្រតិភូ និងអត្តពលិកកម្ពុជា ត្រឡប់ពីការប្រកួតកីឡាអាស៊ី (Asian Games) លើកទី១៨ នៅប្រទេសឥណ្ឌូនេស៊ី ជាមួយការស្ពាយមកនូវ កិត្តិយសដ៏ធំធេងសម្រាប់ ជាតិមាតុភូមិមិនធ្លាប់ មាននៅក្នុងប្រវត្តិសាស្ត្ររយៈពេល ៦៤ឆ្នាំមកហើយនោះ។

ការទទួលស្វាគមន៍ដំណើរ និវត្តន៍របស់ប្រតិភូ និងអត្តពលិកពីសំណាក់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នឹងធ្វើឡើងនៅវិមានសន្តិភាព។

ប្រតិភូ និងអត្តពលិកកម្ពុជា ដែលដណ្ដើមបានមេដាយមាស២ និងសំរឹទ្ធ១ ក្នុងការប្រកួតកីឡាអាស៊ី Asian Games លើកទី១៨ នៅឥណ្ឌូនេស៊ី បានចាកចេញពីទីក្រុងហ្សាកាតាហើយ នាព្រឹកថ្ងៃទី០៣ ខែកញ្ញានេះ ដោយគ្រោងនឹងមកដល់ មាតុភូមិនាវេលាម៉ោង ៥៖៣៥នាទីល្ងាច។

ដំណើរនិវត្តន៍អមដោយ សមិទ្ធិផលបំបែកឯតទគ្គកម្មប្រវត្តិសាស្ដ្រ ៦៤ឆ្នាំនេះ នឹងមានពិធីទទួលស្វាគមន៍ យ៉ាងពិសេស ដោយមានក្បួនដង្ហែរ រថយន្ដអមដោយម៉ូតូកិត្តិយស ៦គ្រឿង ដើម្បីហែរម្ចាស់មេដាយមាស និងសំរឹទ្ធ ពីអាកាសយានដ្ឋានអន្ដរ ជាតិភ្នំពេញ ឆ្ពោះទៅវិមានសន្ដិភាព។ មិនតែប៉ុណ្ណោះថ្នាក់ដឹកនាំក្រសួងអប់រំ និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា មន្ដ្រីពាក់ព័ន្ធ និងប្រជាពលរដ្ឋជាច្រើន ក៏ត្រៀមទទួលស្វាគមន៍ផ្ទាល់ ក្រោយចុះពីលើយន្ដហោះផងដែរ។

ការប្រកួតកីឡាអាស៊ី បានចាប់ផ្តើមធ្វើឡើងពីថ្ងៃទី១៨ ខែសីហា ដល់ថ្ងៃទី០២ ខែកញ្ញា ដែលឥណ្ឌូនេស៊ីធ្វើជាម្ចាស់ផ្ទះ កម្ពុជាបានបញ្ជូនកីឡា ១៣ប្រភេទទៅចូលរួមប្រកួត។

ក្នុងចំណោមប្រភេទកីឡាទាំង ១៣ប្រភេទនេះ កម្ពុជាដណ្ដើមបានមេដាយមាស២ និងសំរឹទ្ធ១ លើប្រភេទកីឡាម៉ូតូទឹក ដោយកីឡាករ សាលី អ៊ូមើត ឈ្នះមេដាយមាស១ និងសំរឹទ្ធ១ និង កីឡាការិនី ខាន់ ចេសា ដណ្តើមបានមេដាយមាស១ លើវិញ្ញាសាកីឡាជឺជិតស៊ូ។ សូមបញ្ជាក់ថា ការប្រកួតកីឡាអាស៊ី ត្រូវបានធ្វើឡើងជាលើក ដំបូងនៅទីក្រុងញូដេលី ប្រទេសឥណ្ឌា នាឆ្នាំ១៩៥១ តាមគំនិតផ្តួចផ្តើមរបស់លោក LAHAWAL NEROUK អតីតនាយករដ្ឋមន្ត្រីឥណ្ឌា។

កម្ពុជា បានចូលរួមការប្រកួត កីឡាអាស៊ីលើកទី២ ឆ្នាំ១៩៥៤ តែពុំដណ្តើមបានមេដាយនោះទេ។

កម្ពុជាដណ្តើមបានមេដាយ សំរឹទ្ធលើកដំបូងក្នុងការ ប្រកួតកីឡាអាស៊ីលើកទី៤ នៅឆ្នាំ១៩៦២ នៅទីក្រុង Jakarta ប្រទេសឥណ្ឌូនេស៊ី ដោយកីឡាករប្រដាល់សកល គឺលោក យូ ជិនហុង ទម្ងន់ ៥៨គីឡូក្រាម។

ក្រោយមកទៀតដណ្តើម បានមេដាយប្រាក់២ និងសំរឹទ្ធ២បន្ថែមទៀតនៅឆ្នាំ១៩៧០ នៅទីក្រុងបាងកក ប្រទេសថៃ។ ដោយសារតែវិបត្តិនៃភ្លើងសង្គ្រាម កម្ពុជាត្រូវបានអវត្តមានពីការ ប្រកួតកីឡាអាស៊ីចាប់ពីឆ្នាំ១៩៧៤ រហូតដល់ឆ្នាំ១៩៩៤ ទើបបានចូលរួមប្រកួតកីឡា អាស៊ីជាផ្លូវការឡើងវិញរ ហូតមកដល់ពេលបច្ចុប្បន្ន។

ក្រោយការចូលរួមការប្រកួត ឡើងវិញនៅឆ្នាំ១៩៩៤ កម្ពុជាបានប្រឹងប្រែងអភិវឌ្ឍន៍ សមត្ថភាពលើវិស័យកីឡា ជាបន្តបន្ទាប់ រហូតសម្រេចបានលទ្ធផល ប្រកបដោយមោទនភាពជាតិដ៏ ឧត្តុងឧត្តមបំផុតក្រោមដំបូលសន្តិភាព និងការអភិវឌ្ឍនាសម័យតេជោ សែន គឺកញ្ញា ស៊ន សៀវម៉ី បានក្លាយជាវីរៈកីឡា ការិនីជាតិ ដែលបានបំបែកឯតទគ្គកម្ម ដណ្តើមបានមេដាយមាស១គ្រឿង ជាលើកដំបូងក្នុងកំណត់ត្រាប្រវត្តិសាស្ត្រ ៦០ឆ្នាំ គឺគិតពីឆ្នាំ១៩៥៤ ដែលកម្ពុជាចូលរួមប្រកួតលើកដំបូងរហូតដល់ឆ្នាំ២០១៤ ទើបដណ្តើមបានមេដាយមាស។

ការដណ្តើមបានមេដាយមាសរបស់កីឡាករ សាលី អ៊ូមើត និងកញ្ញា ខាន់ ចេសា ពីការប្រកួតក្នុងព្រឹត្តិការណ៍ កីឡាអាស៊ីលើកទី១៨ នៅប្រទេសឥណ្ឌូនេស៊ីនាពេលនេះ គឺជាការបំបែកកំណត់ត្រាជាប្រវត្តិសាស្ត្រ ថ្មីមួយទៀតសម្រាប់កម្ពុជាក្នុងរយៈពេល ៦៤ឆ្នាំចាប់តាំងពីបានចូលរួម ប្រកួតកីឡាប្រចាំទ្វីបអាស៊ីមួយនេះនាឆ្នាំ១៩៥៤។

ការប្រកួតកីឡាអាស៊ីលើកទី១៨នេះ មានប្រទេសចូលរួមចំនួន ៣៧ប្រទេស។ សម្រាប់ការដណ្តើមមេដាយ វិញប្រទេសចិនឈរនៅលំដាប់ទី១ ទទួលបានមេដាយសរុប ២៨៩គ្រឿង ក្នុងនោះមាស ១៣២គ្រឿង, ប្រាក់ ៩២គ្រឿង និងសំរឹទ្ធ ៦៥គ្រឿង។

ប្រទេសជប៉ុនឈរលំដាប់ទី២ ទទួលបានមេដាយ២០៥គ្រឿង ក្នុងនោះមាស ៧៥គ្រឿង, ប្រាក់ ៥៦គ្រឿង និងសំរឹទ្ធ ៧៤គ្រឿង ខណៈប្រទេសកូរ៉េខាងត្បូង ឈរនៅលំដាប់ទី៣ ទទួលបានមេដាយសរុប ១៧៧គ្រឿង ក្នុងនោះមាស ៤៩គ្រឿង, ប្រាក់ ៥៨គ្រឿង និងសំរឹទ្ធ ៧០គ្រឿង។

សម្រាប់កម្ពុជាវិញស្ថិតនៅលំដាប់ទី២៤ ក្នុងតារាងមេដាយនៃការប្រកួតកីឡា អាស៊ីលើកទី១៨នេះ ដោយទទួលបាន មេដាយសរុបចំនួន៣ ក្នុងនោះមេដាយមាស ២គ្រឿង និងសំរឹទ្ធ ១គ្រឿង។ សម្រាប់កីឡករ និងកីឡាការិនី ដែលដណ្តើមបាន មេដាយពីការប្រកួតនេះ ក្នុងជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន នៅល្ងាចថ្ងៃនេះ នឹងទទួលបានប្រាក់រង្វាន់លើក ទឹកចិត្តដោយផ្ទាល់ពី សម្តេចតេជោផងដែរ។

បន្ថែមលើការឧបត្ថម្ភពីសម្តេចតេជោ ហ៊ុន សែន កីឡាករ និងកីឡាការិនីទាំងពីររូបនេះ នឹងទទួលបានប្រាក់រង្វាន់ពីរាជរដ្ឋាភិបាលផងដែរ។ យោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល មេដាយមាសទទួលបានប្រាក់រង្វាន់ ៨០លានរៀល, មេដាយប្រាក់ ទទួលបាន ៤០លានរៀល និងមេដាយសំរឹទ្ធ ទទួលបាន ២៤លានរៀល៕

ដកស្រង់ពី៖ Fresh News