បណ្តាញសង្គម

រូបសំណាកសម្តេចសង្ឃរាជ ជួន ណាត ត្រូវបានរៀបចំ​ពិធីអភិសេក ទុកគោរពបូជា ក្នុងវិទ្យាល័យទួលទំពូង ក្រោមវត្តមានលោក អ៊ាង សុផល្លែត

(ភ្នំពេញ)៖ នាបរិវេណវិទ្យាល័យទួលទំពូង រាជធានីភ្នំពេញ នាយកវិទ្យាល័យ និងបុគ្គលិកក្រោមឱវាទ សិស្សានុសិស្ស ព្រមទាំងគណៈអធិបតី បានមកជួបជុំគ្នាសម្ពោធដាក់ឲ្យ ប្រើប្រាស់រូបសម្តេចសង្ឃ ជួន ណាត ជាផ្លូវការ ដើម្បីរំឭកគុណបិតា អក្សរសាស្ត្រខ្មែរ ដ៏មានស្នាដៃសម្រាប់ កុលបុត្រកុលធីតា ជំនាន់ក្រោយ កាលពីរសៀលថ្ងៃទី៣ កញ្ញា ឆ្នាំ២០១៨ នេះ ក្រោមវត្តមានរបស់លោក អ៊ាង សុផល្លែត ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន និងជាអនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន។

ថ្លែងក្នុងឱកាសនោះ លោក អ៊ាង សុផល្លែត ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន និងជាអនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន និងជាអតីតសិស្ស បាក់ឌុបជំនាន់ឆ្នាំ១៩៨០ជាង បានបញ្ជាក់ឲ្យដឹងថា ការកសាងរូបសំណាកសម្តេចសង្ឃរាជ ជួន ណាត នេះឡើង ក្នុងវិទ្យាល័យទួលទំពូង គឺលោកបានកៀងគរប្រមូល ថវិកាពីសិស្សរួមជំនាន់ ក្នុងនិងក្រៅប្រទេស ដើម្បីដឹងគុណលោក គ្រូអ្នកគ្រូ កាលបង្រៀនកន្លងទៅ ព្រមទាំងលោកគ្រូអ្នកគ្រូបច្ចុប្បន្ននេះ។

លោកបានថ្លែងបន្តថា កម្មវិធីនេះបានប្រារព្ធឡើង ដោយសិស្សបាក់ឌុបជំនាន់ទី១ ដោយប្រមូលបានបច្ច័យ ចំនួន១ម៉ឺនដុល្លារ កសាងរូបសំណាកនេះឡើង ក្នុងន័យទុកជាការតម្កល់ជានិមិត្តរូប ក្នុងការគោរពនូវចំណេះដឹង សីលធម៌ ព្រមទាំងគុណតម្លៃ។

លោកបន្តថា ដោយធ្លាប់រៀនសូត្រ ក្នុងវិទ្យាល័យនេះតាំងពីឆ្នាំ១៩៨២មក ទើបឃ្លាតឆ្ងាយបែបណា ក៏នៅតែដក់ជាប់នូវភាព កម្សត់កម្រអនុស្សាវរីយ៍ ជាច្រើនពេលសិក្សា។

កន្លងមកលោកបាន បង្កើតមូនិធិ សម្រាប់សិស្សពូកែ សិស្សល្អ១០ឆ្នាំ កន្លងមកហើយ ក៏បានបញ្ចប់ទៅ និងមានផែនការរៀប ចំឡើងវិញ ទៅថ្ងៃក្រោយទៀត។

ពីមុនៗធ្លាប់ជួយកសាងដែរ ប៉ុន្តែនេះជាសមិទ្ធផល ដែលធំជាងគេ ព្រោះយល់ថា សម្តេចសង្ឃជួនណាត ពិសេសណាស់ឲ្យកូន ខ្មែរជំនាន់ក្រោយ ចងចាំព្យាយាមធ្វើគំរូតាមគាត់ ទាំងសីលធម៌ អក្សរសាស្ត្រ ទាំងការបណ្តុះបណ្តាល វប្បធម៌ខ្មែរយើងផងដែរ។ បន្ថែមពីលើនេះ លោកក៏ឆ្លៀតឧបត្ថម្ភ ចំនួន៤០០០ពាន់ដុល្លារ ដល់បណ្ណាល័យក្នុង វិទ្យាល័យទួលទំពូង ដើម្បីទិញកៅអីតុ។

ដោយឡែក លោក កុយ សេដា នាយកវិទ្យាល័យទួលទំពូង បានសម្តែងការអរគុណ ចំពោះម្ចាស់ជំនួយ ជាអតីតសិស្ស វិទ្យាល័យទួលទំពូង ដែលបាននឹកអាល័យ នឹកគិតជួយសាលា មិនទុកចោល ទៅដល់ទីណាកន្លែង ណានៅតែនឹកឃើញ។

រូបសំណាកខាង លើធ្វើពីស្ព័ន នឹងក្លាយជាតំណាងភាព ចេះដឹងគោរពស្រឡាញ់ របស់សិស្សជំនាន់ ក្រោយឲ្យធ្វើគម្រូតាម ផងដែរ៕

ដកស្រង់ពី៖  Fresh News