បណ្តាញសង្គម

ម្តាយ​ និងកូនប្រុសពិការ​ពីកំណើត រស់នៅជាមួយមេរោគអេដស៍ នៅខេត្តកំពង់ឆ្នាំង​ ទទួលបានការឧបត្ថម្ភ​ពីកាកបាទក្រហមកម្ពុជា

(កំពង់ឆ្នាំង)៖ ក្រោយពីបានចុះទៅជួបផ្ទាល់ ពីស្ថានភាពជីវិតរស់នៅប្រចាំថ្ងៃ ពិនិត្យឃើញថា ជីវភាពក្នុងគ្រួសារ ជួបការលំបាក និងដោយក្តីអាណិតអាសូរ នៅរសៀលថ្ងៃចន្ទ ៨រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ២០១៨ នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យក្រុមការងារដឹកនាំដោយ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី ១ ចុះសួរសុខទុក្ខ និងនាំយកអំណោយជា គ្រឿងបរិភោគ សម្ភារប្រើប្រាស់ ស័ង្កសី ៤០សន្លឹក និងថវិកាចំនួន ៥លានរៀល ទៅផ្តល់ជូនអ្នកស្រី នេត វ៉ាន់ អាយុ ៤៣ឆ្នាំ និងកូនប្រុសឈ្មោះ អ៊ន ធីម អាយុ ១៦ឆ្នាំ ពិការពីកំណើតស្វិតដៃជើងនិយាយមិនកើត ហើយមានផ្ទុកមេរោគអេដ ស៍ទាំងពីរនាក់ម្តាយ-កូន កំពុងរស់នៅផ្ទះទ្រុឌទ្រោម ស្ថិតនៅភូមិជ្រៃ កោងលិច ឃុំខ្នាឆ្មារ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

អំណោយដែលបាន ផ្ដល់ជូនទាំងនេះ គឺដើម្បីជួយសម្រាលការ លំបាកក្នុងជីវភាពគ្រួសារ របស់អ្នកស្រី នេត វ៉ាន់ ដែលមានមុខរបរ ជាអ្នកដេរស្លឹកត្នោតលក់ និងថវិកាឧបត្ថម្ភទុក សម្រាប់ទិញគោញី ២ក្បាល មាន់មួយចំនួន ដើម្បីចិញ្ចឹម និងបង្កបង្កើន ផលដំណាំផ្សេងៗ ។

ក្នុងឱកាសចុះសួរសុខទុក្ខនោះ លោកស្រីអគ្គលេខាធិការរងទី ១ បានពាំនាំនូវប្រសាសន៍របស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ និងផ្តាំផ្ញើឱ្យខិតខំថែទាំ សុខភាពឱ្យបានល្អ មានអនាម័យស្អាត ក្នុងការរស់នៅ បរិភោគអាហារ មានជីវជាតិ ទៅទទួល និងលេបឱសថប្រឆាំង មេរោគអេដស៍ឱ្យ បានទៀតទាត់ និងខិតខំប្រកបរបរ ចិញ្ចឹមជីវិតបន្តទៅទៀត។

អ្នកស្រី នេត វ៉ាន់ បានថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែមានមេត្តាធម៌ មានក្តីករុណា គិតគូរ និងលើកទឹកចិត្តដល់ ប្រជាជនរងគ្រោះដោយ គ្មានការរើសអើង។

នៅពេលចុះទៅសួរសុខទុក្ខនោះ លោកស្រី អគ្គលេខាធិការរងទី ១ បានជួបសំណេះសំណាល ជាមួយលោកតា លោកយាយដែល រស់នៅក្បែរខាងចំនួន ៤៤នាក់ ព្រមទាំងបានជូន ពួកគាត់ក្នុងម្នាក់ៗ ខោ ឬសំពត់សឹង ១ និងអាវ ឬអាវប៉ាក់ ១ និងថវិកា ២ម៉ឺនរៀល ជាអំណោយរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្រាប់ក្នុងឱកាស ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនា ពេលខាងមុខនេះផងដែរ ៕

ដកស្រង់ពី៖  Fresh news