បណ្តាញសង្គម

ប្រកាស​ ចូលកាន់​មុខតំណែង​ ប្រធាន​ និង​សមាជិក​ក្រុមប្រឹក្សា ​ខេត្ដ​កំពង់ចាម អាណត្តិទី២

កំពង់ចាម៖ នាព្រឹក ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៤ នៅសាលាខេត្ដ កំពង់ចាម បានរៀបចំ ពិធីប្រកាស ចូលកាន់មុខតំណែង ប្រធាន និងសមាជិក ក្រុមប្រឹក្សាខេត្ដ នៅក្នុងអាណត្ដិទី២ ។

ពិធីនេះប្រព្រឹត្ដទៅ ក្រោមអធិបតីភាព ឯកឧត្តម យឹម ឆៃលី ឧបនាយករដ្ឋមន្ដ្រី ប្រធាន ក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍ វិស័យកសិកម្ម និងជនទ និងជាប្រធាន ក្រុមការងារថ្នាក់ជាតិ ចុះជួយមូលដ្ឋាន ខេត្ដកំពង់ចាម និងមានការចូលរួមពី ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន គណៈអភិបាល  អភិបាលរងខេត្ដ និងមន្ដ្រីថ្នាក់ដឹកនាំតាម  មន្ទីរ អង្គភាព ជុំវិញខេត្ដជាច្រើនរូប ។

ពិធីប្រកាស ចូលកាន់មុខតំណែង ប្រធានក្រុមប្រឹក្សាខេត្ដថ្មីនេះ គឺ ឯកឧត្តម ខ្លូត ផន ជំនួស  ឯកឧត្តម ឡាន់ ឆន ដែលត្រូវទៅកាន់ជា ប្រធានក្រុមប្រឹក្សា ខេត្ដត្បូងឃ្មុំ ដែល ទើបនឹងបំបែកចេញ ពីខេត្ដកំពង់ចាម ។ ចំពោះសមាជិកក្រុមប្រឹក្សា ខេត្ដកំពង់ចាម មានចំនួន២១រូប ដោយមកពីគណ បក្សប្រជាជនកម្ពុជា ចំនួន១២រូប និងមក ពីគណបក្សសង្គ្រោះជាតិ៩រូប ។

ក្នុងឱកាសនោះដែរ ឯកឧត្តម យឹម ឆៃលី បានមានមតិផ្ដាំផ្ញើ ដល់ក្រុមប្រឹក្សាខេត្ដ និងគណៈអភិបាលខេត្ដ ត្រូវរួមសហការ គ្នាបម្រើ ផលប្រយោជន៍ជាតិ និងប្រជា ពលរដ្ឋឱ្យបានល្អ និងរួមគ្នាអភិវឌ្ឍន៍រាល់ ហេដ្ឋារចនាសម្ព័ន្ធ ក្នុងមូលដ្ឋានបានរីកចម្រើន ៕