បណ្តាញសង្គម

ចុះប្រមូលបញ្ហាពីប្រជាពលរដ្ឋនៅតាមមូលដ្ឋាន, អភិបាលខណ្ឌដង្កោ បន្តជួបពលរដ្ឋចង់ដឹងពីជីវភាពប្រចាំថ្ងៃ និងពិនិត្យស្ថាបនាផ្លូវនៅសង្កាត់ស្ពានថ្ម

(ភ្នំពេញ)៖ លោក នុត ពុធដារ៉ា ជំនួយការសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាអភិបាលខណ្ឌដង្កោ នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨នេះ រួមជាមួយអភិបាលរង មន្ត្រីរាជការ ខណ្ឌ-សង្កាត់ ភូមិបន្តចុះថ្លែង អំណរគុណប្រជាពលរដ្ឋ សំណេះសំណាលសួរសុខទុក្ខ ព្រមទាំងពិនិត្យមើល គម្រោងស្ថាបនាផ្លូវបេតុង០២ខ្សែ ប្រវែង ២៣៩ម៉ែត្រ ទទឹង០៤ម៉ែត្រ ដែលគ្រោងស្ថាបនា ស្ថិតក្នុងភូមិស្ពានថ្ម និងភូមិម៉ឺនត្រា សង្កាត់ស្ពានថ្ម។

លោកអភិបាលខណ្ឌ បានធ្វើការថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅ ចំពោះប្រជាពលរដ្ឋដែលបាន បោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ឲ្យទទួលបានជ័យជម្នះ ភ្លូកទឹកភ្លូកដី ក្នុងការបោះឆ្នោតកន្លងទៅ ព្រមទាំងផ្តាំផ្ញើការសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលសម្តេច ទាំងទ្វេរបានគិតគូរ និងយកចិត្តទុកដាក់ចំពោះការលំបាក បញ្ហា និងតម្រូវការនានារ បស់បងប្អូនទាំងអស់។

លោក នុត ពុធដារ៉ា ក៏បានទទួលយកសំណើ សំណូមពររបស់បងប្អូន ប្រជាពលរដ្ឋមកដោះស្រាយជូន និងបានផ្តាំផ្ញើរដល់មន្ត្រីក្រោម ឱវាទទាំងអស់ ឲ្យខិតខំយកចិត្តទុកដាក់ បម្រើសេវាជូនប្រជាពលរដ្ឋ ឲ្យបានកាន់តែល្អប្រសើរ ទ្វេរដងបន្ថែមទៀត ស្របតាមអនុសាសាន៍ ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។

ជាមួយគ្នានេះ ប្រជាពលរដ្ឋក្នុងភូមិភូមិព្រះធាតុ បានធ្វើការថ្លែងអំណរគុណ យ៉ាងជ្រាជ្រៅបំផុតជូនចំពោះសម្តេចតេជោ ហ៊ុន សែន, អភិបាលរាជធានីភ្នំពេញ អាជ្ញាធរខណ្ឌ សង្កាត់ ភូមិ ដែលបានគិតគូរពីការលំបាក របស់ប្រជាពលរដ្ឋទាំងអស់ ហើយតាមរយៈផ្លូវបេតុង នឹងជួយសម្រួលដល់ការរស់នៅ របស់ពួកគាត់យ៉ាងច្រើន ជាពិសេសសម្រួល ដល់ការធ្វើដំណើរ បញ្ជៀសការលិចលង់ នៅពេលភ្លៀង មានសោភណ្ឌភាពក្នុងការរស់នៅ និងប្រកបរបរចិញ្ចឹមជីវិត ដែលពីមុនផ្លូវនេះជាផ្លូវដី និងមានទឹកលិចនៅពេល មានភ្លៀងធ្លាក់ម្តងៗពិបាករស់នៅ និងធ្វើដំណើរទៀតផង៕

ដកស្រង់ពី៖ Fresh News