បណ្តាញសង្គម

រដ្ឋបាលខណ្ឌសែនសុខ ប្រារព្ធពិធីប្រកាស ចូលកាន់មុខតំណែង ក្រុមប្រឹក្សា និងអភិបាលរង

ភ្នំពេញ៖ ឯកឧត្តម  សេង រតន: អភិបាលរង រាជធានីភ្នំពេញ នៅរសៀលថ្ងៃទី០៩ ខែ មិថុនា ឆ្នាំ២០១៤ នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាស ទទួលស្គាល់ និងចូលកាន់តំណែង ក្រុមប្រឹក្សា ខណ្ឌសែនសុខ និងប្រកាសចូលកាន់ដំណែង អភិបាលរងខណ្ឌ ។ យោងអនុក្រិត្យ របស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវបានតែងតាំង លោក ថេង សុថុល ជាអភិបាលរង នៃគណ:អភិបាល ខណ្ឌសែនសុខ ជំនួសលោក ជា ខេមា។

ប្រធានក្រុមប្រឹក្សា ខណ្ឌសែនសុខ បានបញ្ជាក់ថា សម្រាប់ក្រុមប្រឹក្សា ខណ្ឌសែនសុខ នឹងអនុវតន៍តាមភារកិច្ច តួនាទីរបស់ខ្លួន ដោយសហការល្អជាមួយ គណៈអភិបាល ក្នុងការបម្រើ សេវាសាធារណ: តាមការិយាល័យច្រកចេញ ចូលតែមួយ ជូនប្រជាពលរដ្ឋ ឱ្យបានល្អ ស្របទៅតាមគោលការណ៍ របស់ក្រសួង មហាផ្ទៃ ។

សម្រាប់អាណត្ដិទី២នេះ ក្រុមប្រឹក្សា នឹងខិតខំបន្ដអនុវត្ដន៍ តាមសេចក្តីណែនាំ របស់សាលារាជធានី និងតាមនីតិវិធីនៃ ភារកិច្ចរបស់ក្រុមប្រឹក្សា ដើម្បីបម្រើឱ្យប្រយោជន៍ ប្រជាពលរដ្ឋ និងសង្គមជាតិ ។

មានមតិសំណេះសំណាល និងផ្ដាំផ្ញើក្នុងពិធីនេះ ឯកឧត្តម សេង រតន: អភិបាលរង រាជធានីភ្នំពេញ បានថ្លែងទៅកាន់ អង្គពិធីយ៉ាងដូច្នេះថា បន្ទាប់ពីចូល កាន់តំណែង សមាជិកក្រុមប្រឹក្សា ត្រូវអនុត្ដន៍ភារកិច្ច ឱ្យបានប្រសើរឡើងថែមទៀត នៅក្នុងដែនរដ្ឋបាលរបស់ ខ្លួន គោលដៅចម្បង ក្រុមប្រឹក្សា គណៈអភិបាល ត្រូវរួមគ្នាអនុវត្ដន៍ ភារកិច្ចឱ្យបានល្អថែមទៀត ដើម្បីបម្រើប្រជាពលរដ្ឋ ពិសេសមាន ការសហការផ្ទៃក្នុងល្អ កុំមើលបំណាំគ្នា រួមគ្នាបំពេញការងារ តាមយុទ្ធសាស្ដ្រចតុកោណ របស់រាជរដ្ឋាភិបាល អាណត្ដិទី៥ ។

ឯកឧត្តមអភិបាលរង បានបន្ដថា ភារកិច្ចរបស់ក្រុមប្រឹក្សា ត្រូវបានក្រសួង មហាផ្ទៃតែងតាំង ច្បាស់លាស់ ហើយត្រូវបំពេញ ទៅតាមតួនាទី ភារកិច្ចរបស់ ខ្លួន មិនត្រូវធ្វើអ្វីឱ្យ លើសពីភារកិច្ច របស់ខ្លួននោះទេ ត្រូវមានការសហការ រវាងគណៈអភិបាល និងប្រជាពលរដ្ឋ ដើម្បីអនុវត្ដន៍ គោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាព ឱ្យមានប្រសិទ្ធភាព ដើម្បីបម្រើដល់ប្រជាពលរដ្ឋ ៕