បណ្តាញសង្គម

រដ្ឋមន្ដ្រីសុខាភិបាល៖ ក្រសួងនឹងប្រឹងប្រែងបន្ដពង្រឹង-ពង្រីក គុណភាព សេវាកម្ម និងហេដ្ឋារចនាសម្ព័ន្ធមន្ទីរពេទ្យ បំពេញតំរូវការជូនពលរដ្ឋទូទាំងប្រទេស

(ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានថ្លែងទៅកាន់អ្នកជំងឺ នៅមន្ទីរពេទ្យព្រះអង្គឌួង នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨នេះថា ក្រសួងសុខាភិបាល នឹងបន្ដខិតខំប្រឹងប្រែងពង្រឹង និងពង្រីក គ្រប់សេវាកម្មទាំងអស់ ទាំងគុណភាពពិនិត្យព្យាបាល សម្ភារបរិក្ខារពេទ្យ និងហេដ្ឋារចនាសម្ព័ន្ធ ឲ្យបានកាន់តែប្រសើរបន្ថែមទៀត ជូនប្រជាពលរដ្ឋ ។

រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានថ្លែងបញ្ជាក់ថា «រាល់ការពិនិត្យព្យាបាល របស់ក្រុមគ្រូពេទ្យរបស់យើង ជូនដល់ប្រជាពលរដ្ឋ គឺស្មើរៗគ្នា ទោះក្រ មាន ឬគិតលុយ និងឥតគិតលុយក្ដី គឺពេទ្យយើងយក ចិត្ដទុកដាក់ដូចៗគ្នា។

ជាក់ស្ដែងនៅព្រឹកនេះ ឃើញហើយថា ប្រជាពលរដ្ឋយើង ភាគច្រើនមកទទួលសេវា ព្យាបាលដោយឥតគិតថ្លៃ ដោយខ្លះប្រើប្រាស់នូវប័ណ្ណ ប.ស.ស ខ្លះទៀតប្រើប្រាស់នូវប័ណ្ណមូល និធិសមធម៌របស់រាជរដ្ឋាភិបាល គឺពួកគាត់ទទួលបានការព្យា បាលដូចនឹងអ្នកមកបង់លុយដែរ ដោយមានការចាប់លេខរៀង ដើម្បីទទួលការព្យាបាលពីគ្រូពេទ្យ» ។

លោកសាស្ដ្រាចារ្យ ថ្លែងបន្ដថា «ជាងនេះទៅទៀត កម្មករ-កម្មការិនី ត្រូវថែរក្សាសុខភាព ជាប្រចាំផងដែរ បើមានស្ថានភាពមិនស្រួល មកទទួលសេវាពិនិត្យសុខភាព នៅមន្ទីររដ្ឋមក មិនអស់ថវិកាព្យាបាលទេ ហើយគ្រូពេទ្យ នឹងយកចិត្ដទុកដាក់បងប្អូន ដូចនឹងអ្នកបង់ថ្លៃ សេវាព្យាបាលដូចគ្នា គឺមិនទុកបងប្អូនចោលនោះទេ ហើយបើមានចំនុច ខ្វះខាតណាមួយ យើងនឹងបំពេញ ជូនប្រជាពលរដ្ឋ ដូច្នេះសូមបងប្អូន ជួយសហការជាមួយផង»។

ទន្ទឹមនឹងនោះ អ្នកស្រី សម្ជស្ស ជាកម្មការិនីរោងចក្រមួយ កន្លែងនៅរាជធានីភ្នំពេញ បានលើកឡើងថា «ខ្ញុំមកវះកាត់សាច់ដុំក្នុងច្រមុះ នៅមន្ទីរពេទ្យព្រះអង្គឌួង ដោយអត់អស់លុយទេ ព្រោះខ្ញុំប្រើប័ណ្ណ ប.ស.ស, សម្រាប់ការព្យាបាល របស់គ្រូពេទ្យវិញ គឺល្អ គាត់យកចិត្ដទុកដាក់ សំដីសំដៅគាត់ក៏ល្អដែរ មិនប្រកាន់ថាខ្ញុំអត់បង់លុយ។

ខ្ញុំសប្បាយចិត្ដណាស់ អត់អស់លុយហើយ ព្យាបាលជាទៀត។ ខ្ញុំអរគុណណាស់ដល់លោកគ្រូ អ្នកគ្រូពេទ្យ ដែលបានព្យាបាល ពួកខ្ញុំបានជាសះស្បើយនេះ»។

ប្អូនស្រីថាវី ដែលបានប្រើនូវប័ណ្ណក្រីក្រ យកកូនមកព្យាបាលជំងឺនៅ មន្ទីរពេទ្យនៅព្រឹកនេះផងដែរ ក៏បានលើកឡើងថា «កូនខ្ញុំឈឺភ្នែក ខ្ញុំមកព្យាបាលនៅ ពេទ្យជិត១សប្ដាហ៍ហើយ សម្រាប់សេវាកម្មរបស់ពេទ្យ ឃើញថាល្អ មិនរើសអើងក្រមាននោះទេ ហើយគាត់យកចិត្ដទុកដាក់ ដល់កូនខ្ញុំទៀត។

ថ្ងៃនេះ ដល់ថ្ងៃកូនខ្ញុំចេញពីពេទ្យហើយ ដូចនេះ ខ្ញុំមកបើកថ្នាំ ឲ្យកូនខ្ញុំលេប ទៅតាមអ្វីដែលអ្នកគ្រូពេទ្យប្រាប់ ។ ចំពោះអ៊ុស្រី អ៊ី ដែលមកពីស្រុក បារាយ ខេត្ដកំពង់ធំ បានសម្ដែងអារម្មណ៍សប្បាយ និងពេញចិត្ដថា «អ៊ុមកព្យាបាលនៅតែ នៅមន្ទីរពេទ្យនឹងទេ ព្រោះគាត់មាន ឯកទេស ភ្នែក ត្រចៀក បំពង់ករ ដែលត្រូវនឹងជំងឺរបស់ខ្ញុំ ពិសេសការព្យាបាលនេះ គឺមិនអស់លុយនោះទេ ព្រោះខ្ញុំមានប័ណ្ណមូល និធិសមធម៌របស់រាជរដ្ឋាភិបាល។

សម្រាប់ការព្យាបាលរបស់លោកគ្រូ គឺគាត់បានយកចិត្ដទុកដាក់ ទោះអស់លុយក៏ដោយ ពិសេសនោះ ខ្ញុំចាស់ជរាទៀត គាត់ព្យាបាលខ្ញុំមុន ចឹងខ្ញុំមានភាពងាយ ស្រួលច្រើនណាស់»។

ព្រមជាមួយគ្នានោះ ប្រធានមន្ទីរពេទ្យព្រះអង្គឌួង លោកសាស្ដ្រាចារ្យ លូ លីឃាង បានថ្លែងផងដែរ «ជុំវិញនឹងការព្យាបាល ទៅលើអ្នកជំងឺ គឺយើងបានរៀបចំសេវាព្យាបាល យ៉ាងយកចិត្ដទុកដាក់ណាស់ មិនថាបងប្អូនប្រជា ពលរដ្ឋយើង មកព្យាបាល ដោយគិតថ្លៃ និងតាមរយៈបេឡា ជាតិសន្តិសុខសង្គម និងជាប្រជាជនក្រីក្រ ដែលទទួលបានការគាំពារ ពីមូលនិធិសមធម៌ របស់រាជរដ្ឋាភិបាលទេ គឺយើងតែងតែ ពិនិត្យព្យាបាលថែរក្សា បានល្អណាស់ ទៅតាមតួនាទីរបស់លោក គ្រូពេទ្យ-អ្នកគ្រូពេទ្យ ពិសេសសម្រាប់ កម្មករ-កម្មការិនីរោងចក្រ សហគ្រាស គឺយើងមិនដែលយក ថវិកានោះឡើយ»។

លោកប្រធានមន្ទីរពេទ្យ ក៏បានអំពាវនាវដល់ ប្រជាពលរដ្ឋផងដែរថា ក្រៅពីជំងឺទូទៅ នៅមន្ទីរពេទ្យព្រះអង្គឌួង ក៏មានទទួលពិនិត្យ និងព្យាបាលជំងឺ គ-ថ្លង់ពីកំណើត និងបាត់សម្លេង ស្ដាប់មិនសូវលឺ (ត្រចៀកធ្ងន់) ឲ្យជាសះស្បើយឡើងវិញ ដែលវះកាត់ដោយ វេជ្ជបណ្ឌិតឯកទេស គ-ថ្លង់ ជាតិ និងអន្ដរជាតិ ពិសេសជាមួយ បច្ចេកទេសទំនើបៗ ៕

ដកស្រង់ពី៖ Fresh News