បណ្តាញសង្គម

ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា៖ ដើម្បីភ្ជាប់ទេសចរណ៍កម្ពុជាទៅនឹង បដិវត្តន៍ឧស្សាហកម្មជំនាន់៤ រាជរដ្ឋាភិបាលបានកំណត់វិធានការសំខាន់ ៣ចំណុច

(ភ្នំពេញ)៖ ក្នុងពិធីកាត់ខ្សែបូសម្ពោធបើក ពិព័រណ៍ទេសចរណ៍ កម្ពុជាអន្តរជាតិ ឆ្នាំ២០១៨ (CTM 2018) នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា ប្ដេជ្ញាចិត្តបន្តអនុវត្ត វិធានការគន្លឹះសំខាន់ៗមួយចំនួន ដើម្បីផ្សារភ្ជាប់ឧស្សាហកម្ម ទេសចរណ៍កម្ពុជា ទៅនឹងបដិវត្ តឧស្សាហកម្មជំនាន់ទី៤។

វិស័យទេសចរណ៍នៅកម្ពុជា ជាទេសចរណ៍វប្បធម៌ និងធម្មជាតិ និងជាមាសបៃតង បាននិងកំពុងបោះជំហាន រីកចម្រើនយ៉ាងខ្លាំងជាលំដាប់ ដោយរក្សាបាននូវ កំណើនជារៀងរាល់ឆ្នាំ។

រាជរដ្ឋាភិបាលកម្ពុជា បានប្ដេជ្ញាយ៉ាងមុតមាំក្នុង ការថែរក្សាឱ្យបាននូវ សុខសន្តិភាព ស្ថិរភាព ដើម្បីបន្តការអភិវឌ្ឍប្រទេស ឱ្យមានការរីក ចម្រើនលើគ្រប់វិស័យ។

ឈរលើស្មារតីនេះ រាជរដ្ឋាភិបាលកម្ពុជា បានប្ដេជ្ញាចិត្តបន្តអនុវត្ត វិធានការគន្លឹះសំខាន់ៗ មួយចំនួន ដើម្បីផ្សារភ្ជាប់ ឧស្សាហកម្មទេសចរណ៍កម្ពុជា ទៅនឹងបដិវត្តឧស្សាហកម្មជំនាន់ទី៤ ដែលផ្ដោតខ្លាំងទៅលើ ឌីជីថលូបនីយកម្ម ដើម្បីចាប់យកការ អភិវឌ្ឍជាវិជ្ជមាន និងកាត់បន្ថយកង្វល់ និងធានាឱ្យបាននូវទស្សនទាន «បច្ចេកវិទ្យាទំនើប សម្រាប់វិស័យទេសចរណ៍ វិស័យទេសចរណ៍ សម្រាប់បច្ចេកវិទ្យាទំនើប» ឬអាហៅបានថា «ការអភិវឌ្ឍវិស័យទេស ចរណ៍ប្រកបដោយភាពវៃឆ្លាត» រាជរដ្ឋាភិបាលកម្ពុជា នឹងអនុវត្តនូវវិធានការមួយចំនួន ដូចខាងក្រោម៖

១៖ ផ្សារភ្ជាប់ចក្ខុវិស័យទេសចរណ៍ ឆ្នាំ២០៣០ ជាមយបដិវត្តឧស្សាហកម្ម ជំនាន់ទី៤ ដែលមានលក្ខណៈ គ្រប់ជ្រុងជ្រោយ និងបរិយាប័ន ដោយផ្អែកលើយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ ព្រមទាំងរួមបញ្ចូល កម្មវិធីអភិវឌ្ឍសំខាន់ៗ លើផ្នែកបច្ចេកវិទ្យា ការអភិវឌ្ឍធនធានមនុស្ស ក្នុងឧស្សាហកម្មទេសចរណ៍ សំដៅធានាឱ្យបានថា «ការប្រើប្រាស់នវានុវត្តន៍ និងភាពជឿនលឿន នៃបច្ចេកវិទ្យា» នឹងផ្ដល់ឱ្យវិស័យទេស ចរណ៍នូវកាលានុវត្តភាព ដល់ការលើកកម្ពស់ប្រសិទ្ធ ភាពក្នុងវិស័យទេសចរណ៍ ការជុំវិញបរិយាប័នភាព ក្នុងឧស្សាហកម្មទេសចរណ៍ ការលើកកម្ពស់សិទ្ធិ អំណាចដល់សហគមន៍ មូលដ្ឋាន និងការគ្រប់គ្រងធនធាន ប្រកបដោយប្រសិទ្ធភាព និងការចូលរួមសម្រេច បាននូវរបៀបវារៈផ្សេងៗទៀត នៃការអភិវឌ្ឍប្រកប ដោយចីរភាព ឆ្នាំ២០៣០ និងត្រៀមទទួលភ្ញៀវ ទេសចរអន្តរជាតិ ១៥លាននាក់ នៅឆ្នាំ២០៣០។

២៖ រៀបចំកម្មវិធីពង្រឹងសមត្ថភាព មនុស្សក្នុងវិស័យទេសចរណ៍ តាមរយៈការលើកកម្ពស់ គុណភាពនៃការអប់រំកម្រិតខ្ពស់ ការបណ្ដុះបណ្ដាលជំនាញពាក់ព័ន្ធ នឹងឧស្សាហកម្មទេសចរណ៍ ឱ្យស្របតាមនិន្នាការ នៃការរីកចម្រើនបច្ចេកវិទ្យា និងឌីជីថលូបនីយកម្ម។

៣៖ លើកកម្ពស់ការស្រាវជ្រាវ និងនវានុវត្តន៍ក្នុងឧស្សាហកម្ម ទេសចរណ៍ ពង្រឹងនូវសមត្ថភាពសហគ្រិន ភាពក្នុងការរៀបចំគំរូធុរកិច្ច បង្កើតការងារថ្មី និងតម្រង់ទិសថ្មីរបស់ សេដ្ឋកិច្ចឌីជីថល នាពេលអនាគត សម្រាប់ឧស្សាហកម្ម ទេសចរណ៍កម្ពុជា។

ជាមួយគ្នានោះដែរ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងថា ព្រឹត្តិការណ៍ CTM 2018 នេះ ទទួលបានក្រុមហ៊ុនចូលរួមតាំងពិព័រណ៍ចំនួន ៥០០ក្រុមហ៊ុន មានស្តង់សរុបចំនួន ១៧៣ស្តង់ មកពី៨០ប្រទេស ដោយក្នុងនោះមានស្ថាប័ន ទេសចរណ៍ជាតិមកពីតំបន់អាស៊ាន អាស៊ាន+៣ និងតំបន់អាស៊ីប៉ាស៊ីហ្វិក សណ្ឋាគារ ទីភ្នាក់ងារទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ ក្រុមហ៊ុនអាកាសចរណ៍ និងសហគមន៍ទេសចរណ៍។

លោករដ្ឋមន្ត្រីបានបន្តថា ព្រឹត្តិការណ៍ CTM 2017 ធ្វើនៅខេត្តសៀមរាបទទួល បានជោគជ័យ យ៉ាងធំធេងគួរជាទីមោទនៈ ហើយលើកទី២ ឆ្នាំ២០១៨ នេះ កាន់តែទទួលបានជោគជ័យដ៏ធំបន្ថែមទៀត ដោយស្ដង់កើនឡើងរហូតដល់ ៥៥.៩%។

នេះបានបង្ហាញឱ្យឃើញថា ព្រឹត្តិការណ៍ពិព័រណ៍ CTM គឺជាវេទិការធុរកិច្ចទេសចរណ៍ ដ៏មានសារសំខាន់ ក្នុងការជំរុញផ្សព្វផ្សាយ លក់កញ្ចប់ទស្សនកិច្ច ក៏ដូចជាការជួបជុំគ្នា រវាងអ្នកទិញ និងអ្នកលក់ អ្នកជំនាញទេស ចរណ៍ធ្វើការរួមគ្នា ដើម្បីធ្វើបច្ចុប្បន្នភាពព័ត៌មាន លើការធ្វើដំណើរ ទេសចរណ៍ ចែករំលែកបទពិសោធន៍ នានាក្នុងអាជីវកម្មទេសចរណ៍ និងស្វែងរកវិធានការថ្មីៗរួមគ្នា ដើម្បីអភិវឌ្ឍវិស័យ ទេសចរណ៍នៅក្នុងតំបន់ ឲ្យកាន់តែរីកចំរើន ខ្លាំងឡើងបន្ថែមទៀត ពិសេសព្រឹត្តិការណ៍នេះ ក៏បានបង្ហាញថា កម្ពុជាពិតជាគោលដៅ ទេសចរណ៍ដ៏ទាក់ទាញក្នុងតំបន់ និងក្រៅពីការទស្សនា លំហែកម្សាន្ដ អាចជាគោលដៅសម្រាប់ ទទួលរៀបចំព្រឹត្តិការណ៍ទេស ចរណ៍ធំៗកម្រិតអន្តរជាតិ ដូចជា MICE Event ជាក់ស្ដែងដូចជាព្រឹត្តិ ការណ៍ពិព័រណ៍ CTM នាពេលនេះ។

លោក ថោង ខុន បន្ថែមថា មានការរៀបចំកម្មវិធីទស្សនកិច្ច Pre Tour និង Post Tour ទៅកាន់តំបន់គោលដៅ ទាក់ទាញទេសចរណ៍នានា ដូចជា តំបន់វប្បធម៌ប្រវត្តិសាស្រ្ដ តំបន់ឆ្នេរ តំបន់អេកូ រាជធានីភ្នំពេញ និងតំបន់ជុំវិញ ដើម្បីឱ្យភ្ញៀវអន្តរជាតិ បានសិក្សាស្វែងយល់អំពីភាពជាក់ស្ដែង នៃការវិវឌ្ឍរីកចម្រើន នូវផលិតផល និងសេវាទេសចរណ៍ ក្នុងតំបន់ទាំងនេះ។

តាមរយៈព្រឹត្តិការណ៍ពិព័រណ៍ ទេសចរណ៍អន្តរជាតិលើកទី២ ឆ្នាំ២០១៨នេះ គោលដៅទេសចរណ៍កម្ពុជា នឹងត្រូវបានផ្សព្វផ្សាយ កាន់តែទូលំទូលាយលើ ទីផ្សារអន្តរជាតិ និងអាចទាក់ទាញភ្ញៀវ ទេសចរអន្តរជាតិមកទស្សនាកម្ពុជា និងតំបន់កាន់តែច្រើន បន្ថែមទៀត នាពេលខាងមុខ៕

ដកស្រង់ពី៖ Fresh News