បណ្តាញសង្គម

ខណ្ឌព្រែកព្នៅ នៃរាជធានីភ្នំពេញ ប្រកាសរចនាសម្ព័ន្ធ និងដាក់ឲ្យដំណើរការ រដ្ឋបាលខណ្ឌថ្មីនេះ ជាផ្លូវការ

ភ្នំពេញ៖ ពិធីប្រកាស តែងតាំង ក្រុមប្រឹក្សា អភិបាលខណ្ឌ ព្រមទាំងការ បើកឱ្យដំណើរ ប្រព័ន្ធរដ្ឋបាល សាលាខណ្ឌព្រែកព្នៅ ដែលទើបនឹងបង្កើតនេះ ត្រូវបានធ្វើឡើង នៅរសៀលថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៤នេះ។ ពិធីប្រកាសតែងតាំង លោក សុខ សម្បត្តិ ជាអភិបាល ខណ្ឌព្រែកព្នៅ ព្រមទាំងការ ដាក់ឱ្យដំណើរប្រព័ន្ធ រដ្ឋបាលសាលាខណ្ឌថ្មី នេះ បានធ្វើឡើង ក្រោមអធិបតីភាព ឯកឧត្តម ឃួង ស្រេង អភិបាលរង រាជធានីភ្នំពេញ ព្រមទាំងមានការ ចូលរួមពីសំណាក់ ថ្នាក់ដឹកនាំ និងមន្ដ្រីពាក់ព័ន្ធ មួយចំនួនទៀត ។

ដោយឡែក លោក ម៉ៅ បូរ៉ា ត្រូវបានប្រកាសតែងតាំង ជាប្រធានក្រុមប្រឹក្សា ខណ្ឌទើបនឹង បង្កើតថ្មីមួយនេះផងដែរ ។ ជាមួយគ្នានេះ ក៏មានការប្រកាសលោក ជា ខេមា ជាអភិបាលរងខណ្ឌព្រែកព្នៅនេះផងដែរ ។

សម្រាប់ពិធីប្រកាស ដាក់ឱ្យដំណើរការរដ្ឋបាល សាលាខណ្ឌព្រែកព្នៅ ក្រោយពីត្រូវបាន កាត់ចេញពីចំណែកដី របស់ខណ្ឌឫស្សីកែវ និងខណ្ឌសែនសុខ និងខណ្ឌពោធិ៍សែនជ័យនោះ ឯកឧត្តម ឃួង ស្រេង បានផ្ដាំផ្ញើ និងជំរុញឱ្យថ្នាក់ ដឹកនាំអាជ្ញាធរ ខណ្ឌមួយនេះ ព្រមទាំង កម្លាំងសមត្ថកិច្ច ពាក់ព័ន្ធទាំង នគរបាលនិងអាវុធហត្ថ ត្រូវរួមសហការជាមួយគ្នាឱ្យបានល្អ ដើម្បីបម្រើ ការងារជូនរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ មូលដ្ឋាន ជាពិសេសនោះ គឺការផ្ដល់សេវា សាធារណៈជូនប្រជាជន មិនឱ្យមានការទើស ទាល់ចិត្ដនោះឡើយ ។

ជាមួយគ្នានេះ អភិបាលខណ្ឌព្រែកព្នៅ លោក សុខ សម្បត្តិ បានប្ដេជ្ញានិងសន្យានៅ ចំពោះមុខថ្នាក់ដឹកនាំ ក្នុងការបម្រើនិងជួយ ដោះស្រាយរាល់ បញ្ហារបស់ប្រជាពលរដ្ឋ ដែលកើតមានឡើង នៅក្នុងមូលដ្ឋាន ។

សូមបញ្ជាក់ថា ខណ្ឌចំនួន៣ផ្សេងទៀត ត្រូវបានបង្កើតនៅ រាជធានីភ្នំពេញ នោះរួមមាន ខណ្ឌជ្រោយចង្វារ ដែលមានលោក ឃ្លាំង ហួត ជាអភិបាលខណ្ឌ ខណ្ឌព្រែកព្នៅ ដែលមានលោកសុខ សម្បត្ដិ ជាអភិបាលខណ្ឌ និងខណ្ឌច្បារអំពៅ ដែលមានលោក ពេជ្រ កែវមុនី ជាអភិបាលខណ្ឌ ។

ការបង្កើត ខណ្ឌថ្មីថែមទៀត សម្រាប់រាជធានីភ្នំពេញនោះ ក្នុងគោលបំណងងាយស្រួល លើការគ្រប់គ្រង ប្រព័ន្ធរដ្ឋបាល ស្របពេលដែល កំណើនប្រជាជន មានការកើនឡើង ជាបន្ដបន្ទាប់ ៕