បណ្តាញសង្គម

ប្រាសាទអង្គរ និងតំបន់ទេសចរណ៍ល្បីៗរបស់អាស៊ាន ដែលសាងសង់លើដីចិន ទទួលបានការចាប់អារម្មណ៍ខ្លាំងពីពលរដ្ឋចិន

(ក្វាងស៊ី, ចិន)៖ ដើម្បីរួមចំណែកផ្សព្វផ្សាយ តំបន់ទេសចរណ៍ល្បីៗ របស់ប្រទេសសមាជិកអាស៊ាននោះ រដ្ឋាភិបាលប្រទេសអាស៊ាន និងរដ្ឋាភិបាលចិន បានព្រមព្រៀងគ្នាសាងសង់ គំរូនៃតំបន់ទេសចរណ៍ល្បីៗ របស់ប្រទេសសមាជិកអាស៊ានទាំង ១០នៅលើទឹកដីចិន ក្នុងទីក្រុងណាននីង ខេត្តក្វាងស៊ី។

តំបន់ទេសចរណ៍ល្បីៗ ទាំងអស់នោះ រួមទាំងប្រាសាទអង្គរវត្តរបស់ខ្មែរផង កំពុងទទួលបានការចាប់អារម្មណ៍ ខ្លាំងពីប្រជាពលរដ្ឋចិន។

ថ្លែងប្រាប់គណៈប្រតិភូព័ត៌មាន កម្ពុជាក្នុងពេលចុះបំពេញ ទស្សនកិច្ចនៅក្នុងមណ្ឌល ទេសចរណ៍នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨នេះ អ្នកគ្រប់គ្រងនៅ មណ្ឌលទេសចរណ៍ បានអះអាងថា ក្នុងមួយថ្ងៃមានប្រជាពលរដ្ឋ ចិនចូលទស្សនាចន្លោះពី ៣ពាន់ ទៅ៤ពាន់នាក់។

ក្នុងចំណោមនោះ មានប្រជាពលរដ្ឋមកពី បណ្តាប្រទេសសមាជិក អាស៊ានខ្លះផងដែរ។ អ្នកគ្រប់គ្រងដដែលនេះ បានឲ្យដឹងផងដែរថា ចាប់តាំងថ្ងៃបើកឲ្យ ដំណើរពីអំឡុងខែសីហា ឆ្នាំ២០១៨ រហូតដល់ពេលបច្ចុប្បន្ន មានអ្នកចូលទស្សនាប្រមាណជា ៤០ម៉ឺននាក់ហើយ។

បើទោះបីអ្នកចូលទស្សនា ភាគច្រើនជាជនជាតិចិនក៏ដោយ តែមិនបានអនុញ្ញាតឲ្យ ទស្សនាដោយមិនគិត ថ្លៃនោះឡើយ ពោលក្នុងម្នាក់ត្រូវចំណាយ ថ្លៃសំបុត្រប្រមាណ ៣៥ដុល្លារ។

តម្លៃសំបុត្រ ៣៥ដុល្លារ គឺពួកគេអាចដើរទស្សនា គ្រប់ទីកន្លែងទាំងអស់ ហើយអាចទស្សនាវីដេអូ 3D មើលប្រាសាទអង្គរ មើលតំបន់ ទេសចរណ៍ល្បីៗរបស់អាស៊ាន ដែលមានសភាពហាក់បាន ទៅឃើញផ្ទាល់ភ្នែកពិតៗផងដែរ។

បើតាមមន្ត្រីគ្រប់មណ្ឌល ទេសចរណ៍នេះ បានអះអាងថា មណ្ឌលទេសចរណ៍មួយនេះ ត្រូវបានសាងសង់ឡើងលើផ្ទៃជាង ៦៦ហិកតា ដោយចំណាយថវិកា សាងសង់ប្រមាណ ៥០០លានដុល្លារអាមេរិក ហើយចំណាយពេលសាងសង់ ៣ឆ្នាំ។

ក្នុងមណ្ឌលទេសចរណ៍នេះ គ្រប់តំបន់ទេសចរណ៍ល្បីៗ របស់ប្រទេសសមាជិក អាស៊ាន គឺត្រូវបានសាងសង់ ឡើងដោយមានទ្រង់ទ្រាយ ដូចស្ទើរទាំងស្រុងជាមួយ តំបន់ទេសចរណ៍ដើមទាំងនោះ ហើយដូចជាកន្លែងជិះ កន្ត្រកផ្សេងៗនៅក្នុង ម៉ាឡេស៊ីជាដើមនោះ គឺអាចជិះបាន ដូចគ្នាផងដែរ។

ក្នុងមួយឆ្នាំៗពលរដ្ឋចិន ជាច្រើនបានចេញទៅលេង នៅក្រៅប្រទេសជាពិសេស បណ្តាប្រទេសនៅឯនាយ សមុទ្រដូចជាអូស្ត្រាលី អាមេរិក និងអឺរ៉ុបជាដើម។
តាមរយៈការបង្ហាញ ពីសក្តានុពលទេសចរណ៍ របស់ប្រទេសអាស៊ាន នៅលើទឹកដីចិននេះ នឹងក្លាយជាចំណែក មួយទាក់ទាញពលរដ្ឋ ចិនឲ្យទៅទស្សនា តំបន់ទេសចរណ៍ទាំងនោះ៕

ដកស្រង់ពី៖  Fresh News