Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កម្ពុជាប្តេជ្ញាចិត្តពង្រឹងសន្តិសុខស្បៀង សុវត្ថិភាពនិងគុណភាពចំណីអាហារ ដើម្បីសម្រេចឲ្យបាននូវទស្សនវិស័យសាកល កាត់បន្ថយភាពអត់ឃ្លាន និងកង្វះអាហារូបត្ថម្ភ នៅឆ្នាំ២០៣០

  • បោះពុម្ព

(ស្វីស)៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងនូវការប្តេជ្ញាចិត្រ បស់កម្ពុជា ក្នុងការចូលរួម ពង្រឹងសន្តិសុខស្បៀង សុវត្ថិភាព និងគុណភាពចំណីអាហារ ដើម្បីចូលរួមចំណែក សម្រេចឲ្យបាននូវទស្សន វិស័យសាកល ក្នុងការកាត់បន្ថយ ភាពអត់ឃ្លាន និងកង្វះអាហារូបត្ថម្ភ នៅឆ្នាំ២០៣០។

ការថ្លែងនូវការប្តេជ្ញាចិត្តយ៉ាងដូច្នេះ ធ្វើឡើងក្នុងជំនួបពិភាក្សាការងារ ពាក់ព័ន្ធនឹងប្រធានបទ នៃចលនាបង្កើនកិច្ច អន្តរាគមន៍អាហារូបត្ថម្ភ (Scaling Up Nutrition Movement) ជាមួយលោកស្រី Gerda Verburg អគ្គលេខាធិការរង អង្គការសហប្រជាជាតិ និងជាអ្នកសម្របសម្រួល ចលនាបង្កើនកិច្ច អន្តរាគមន៍អាហារូបត្ថម្ភ នៅរសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។

លោកបានបញ្ជាក់ថា «កម្ពុជាក៏ដូចជាបណ្តាប្រទេស ក្នុងតំបន់កំពុងផ្តោត លើការយកចិត្តទុកដាក់ ក្នុងការពង្រឹង សន្តិសុខស្បៀង សុវត្ថិភាព និងគុណភាពចំណីអាហារ ដើម្បីចូលរួមចំណែក សម្រេចឲ្យបាននូវទស្សនវិស័យសាកល ក្នុងការកាត់បន្ថយភាពអត់ឃ្លាន និងកង្វះអាហារូបត្ថម្ភ ក៏ដូចជាកាត់បន្ថយនូវភាពក្រីក្រ និងភាពងាយរងគ្រោះ របស់ប្រជាពលរដ្ឋផងដែរ»។

មានប្រសាសន៍ នៅក្នុងកិច្ចជំនួបនេះ លោកស្រី Gerda Verburg បានបង្ហាញនូវទស្សន វិជ្ជមានជាច្រើននៅកម្ពុជា ក្នុងការអភិវឌ្ឍន៍ នូវវិស័យកសិកម្ម ជាពិសេសទៅលើការអភិវឌ្ឍន៍ និងវិនិយោគផ្នែកសន្តិសុខ ស្បៀងនិងអាហារូបត្ថម្ភ ព្រោះកម្ពុជាជាទឹកដី ដែលអំណោយផល សម្រាប់វិស័យកសិកម្ម។

លោកស្រីក៏បានសង្កត់ធ្ងន់ ទៅលើការរៀបចំប្រព័ន្ធ ស្បៀងអាហារ រវាងកសិកម្ម ជលផល និងព្រៃឈើ នៅកម្ពុជា ដោយត្រូវធ្វើការកំណត់ ភូមិសាស្រ្តនៃការអភិវឌ្ឍន៍ ការកំណត់ប្រភេទដំណាំ ការពិនិត្យមើលស្ថាន ភាពនៃការគ្រប់គ្រងទឹក ស្ថានភាពនៃការប្រែប្រួល អាកាសធាតុ និងប្រព័ន្ធជីវចម្រុះ ដើម្បីធ្វើការវាយតម្លៃ នូវសក្តានុពលនៃការអភិវឌ្ឍន៍ និងការវិនិយោគ។

លោកស្រីបានបន្តថា យើងត្រូវរួមគ្នាគាំទ្រ ដល់ភាពជាដៃគូ នៃចលនាបង្កើនកិច្ចអន្ត រាគមន៍អាហារូបត្ថម្ភ ដោយចាប់ផ្តើមពីតម្រង់ ទិសតាមប្រទេសនីមួយៗ ដើម្បីចូលរួមកាត់ បន្ថយភាពអត់ឃ្លាន និងកង្វះអាហារូបត្ថម្ភ នៅក្នុងឆ្នាំ២០៣០ ទាំងអស់គ្នា។

នាពេលខាងមុខអង្គការសហប្រជាជាតិ នឹងមានរៀប ចំវគ្គបណ្តុះបណ្តាល អំពីការកាត់បន្ថយភាពអត់ឃ្លាន និងកង្វះអាហារូបត្ថម្ភ នៅទីក្រុងបាងកក ហើយលោកស្រី សង្ឃឹមថាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនឹងចាត់មន្រ្តីបង្គោលចូលរួមផងដែរ។ ឆ្លៀតក្នុងឱកាសនេះ លោករដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះ អង្គការសហប្រជាជាតិ ដែលបានផ្តល់កិច្ចសហការ ល្អជាមួយកម្ពុជា ហើយលោករដ្ឋមន្រ្តី ក៏បានសម្តែងនូវការស្វាគមន៍ ចំពោះគម្រោងអភិវឌ្ឍនានា និងការវិនិយោគក្នុងវិស័យ កសិកម្មនៅកម្ពុជាផងដែរ។

លោករដ្ឋមន្រ្តី បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានបន្តយកចិត្តទុកដាក់ ទៅលើការលើកទឹកចិត្ត ដល់វិស័យឯកជន ជាពិសេសការវិនិយោគ ទៅលើវិស័យកសិកម្ម ហើយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទក៏មានឆន្ទៈ ក្នុងការសហការ និងគាំទ្រដល់ គម្រោងអភិវឌ្ឍ និងការវិនិយោគ កសិកម្មនៅកម្ពុជា ព្រោះកម្ពុជាត្រូវការ ធនធានជាច្រើនទៀត ដើម្បីពង្រឹកសក្តានុពល ទាំងក្នុងផលិតកម្ម ការកែច្នៃ និងនាំចេញនូវ ផលិតផលកសិកម្ម។

ចំពោះវគ្គបណ្តុះបណ្តាល ស្តីពីការកាត់បន្ថយភាពអត់ឃ្លាន និងកង្វះអាហារូបត្ថម្ភ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងចាត់ចែងទៅតាម ការអញ្ជើញរបស់អង្គការ សហប្រជាជាតិ ហើយលោករដ្ឋមន្រ្តី បានស្នើឲ្យអង្គការ សហប្រជាជាតិ បន្តកិច្ចសហប្រតិបត្តិ ការឲ្យកាន់ជិតស្និទ្ធបន្ថែមទៀត ក្នុងការជំរុញចលនាបង្កើន កិច្ចអន្តរាគមន៍អាហារូបត្ថម្ភនៅកម្ពុជា។

សូមបញ្ជាក់ថា ចលនាបង្កើនកិច្ចអន្តរាគមន៍ អាហារូបត្ថម្ភនេះ ជាចលនានៃទស្សនវិស័យ ក្នុងការធានានូវការកាត់ បន្ថយទាំងស្រុង នូវកង្វះអាហារូបត្ថម្ភ ត្រឹមឆ្នាំ២០៣០ ដែលទាមទារឲ្យមានការចូល រួមពីភាគីពាក់ព័ន្ធដូចជា រដ្ឋាភិបាល សង្គមស៊ីវិល វិស័យឯកជន គ្រឹះស្ថានស្រាវជ្រាវ និងអ្នកពាក់ព័ន្ធផ្សេងទៀត ដែលចូលរួមដោះស្រាយ នូវបញ្ហាសន្តិសុខស្បៀង និងអាហារូបត្ថម្ភ។

តាមការសិក្សារបស់ សេដ្ឋវិទូមួយចំនួន បានបង្ហាញថា ការកាត់បន្ថយកង្វះអាហារូបត្ថម្ភ បានផ្តល់នូវផលប្រយោជន៍ ជាច្រើនដូចជា ការកើនឡើងនូវ ផលិផលក្នុងស្រុកសរុប ទប់ស្កាត់បាននូវមរណភាពកុមារ ប្រចាំឆ្នាំពីកង្វះអាហារូបត្ថម្ភ ការប្រសើរឡើងនូវ គុណភាពអប់រំ ការកើនឡើងនូវ ប្រាក់បៀរវត្ស កាត់បន្ថយភាពក្រីក្រតាមវ័យ និងការកើនឡើងនូវ ចំនួនស្រ្តីក្នុងការធ្វើអាជីវកម្ម។

បន្ទាប់ពីបានអញ្ជើញចូល ជួបពិភាក្សាការងារ ពាក់ព័ន្ធនឹងប្រធានបទ នៃចលនាបង្កើន កិច្ចអន្តរាគមន៍អាហារូបត្ថម្ភ (Scaling Up Nutrition Movement) ជាមួយ លោកស្រី Gerda Verburg អគ្គលេខាធិការរងអង្គការ សហប្រជាជាតិ និងជាអ្នកសម្របសម្រួល ចលនាបង្កើន កិច្ចអន្តរាគមន៍អាហារូបត្ថម្ភ រួចមក លោករដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញចូលរួមជាវាគ្មិននៅក្នុងកិច្ចប្រជុំ ការវិនិយោគកសិកម្ មប្រកបដោយការទទួលខុសត្រូវ ដោយមាន តំណាងរដ្ឋាភិបាល វិស័យឯកជន សង្គមស៊ីវិល គ្រឹះស្ថានស្រាវជ្រាវ និងអង្គការ មកពីបណ្តាប្រទេស លើពិភពលោកសរុបប្រមាណជាង ១០០នាក់។

វេទិកានៃកិច្ចប្រជុំនេះ មានបំណងចែករំលែក នូវបទពិសោធន៍នៃការ វិនិយោគកសិកម្មប្រកប ដោយការទទួលខុសត្រូវ រវាងរដ្ឋាភិបាល វិស័យឯកជន សង្គមស៊ីវិល គ្រឹះស្ថានស្រាវជ្រាវ និងអង្គការ។ អង្គប្រជុំបានបញ្ជាក់ថា ការវិនិយោគកសិកម្មប្រកប ដោយការទទួលខុសត្រូវ សំដៅទៅលើការវិនិយោគ ដែលប្រកបដោយបរិយាប័ន្ន ការលើកទឹកចិត្ត ការគាំទ្រដល់កសិករ ដែលជាអ្នកផលិត ការលើកកម្ពស់ជីវភាព និងការរស់នៅរបស់កសិករ កុមារ និងស្រ្តី និងកាត់បន្ថយផល ប៉ះពាល់ដល់បរិស្ថាន។

ទន្ទឹមនឹងនេះ ការអនុវត្តផលិតកម្មក សិកម្មតាមកិច្ចសន្យា ក៏ជាយន្តការមួយដែល មានភាពទទួលខុសត្រូវ ទៅលើទីផ្សារផលិតផល និងការគាំទ្រដល់ខ្សែ ច្រវ៉ាក់នៃការផលិត ប្រកបដោយនិរន្តភាព។

លើសពីនេះ ការវិនិយោគលើវិស័យ កសិកម្មក៏ត្រូវយកចិត្តទុកដាក់ ទៅលើការគ្រប់គ្រងកាកសំណល់ និងការបាត់បង់នូវទិន្នផល ដើម្បីបង្កើនផលិតភាព បង្កើនតម្លៃបន្ថែម និងកាត់បន្ថយផលប៉ះពាល់បរិស្ថាន។

អង្គប្រជុំបានស្នើដល់គ្រប់ ភាគីពាក់ព័ន្ធទាំងអស់ បន្តជួបប្រជុំ និងពិភាក្សាអំពីការរៀបចំផែនការ សកម្មភាពរួមគ្នារវាងរដ្ឋ ឯកជន សង្គមស៊ីវិល គ្រឹះស្ថានស្រាវជ្រាវ និងដៃគូអភិវឌ្ឍន៍ ដើម្បីសម្រេចបាននូវ ទស្សនវិស័យរួម របស់សាកលលោក ក្នុងការកាត់បន្ថយ ភាពអត់ឃ្លានត្រឹមកម្រិត សូន្យនៅក្នុងឆ្នាំ២០៣០៕

ដកស្រង់ពី៖  Fresh News