បណ្តាញសង្គម

ប្រជាពលរដ្ឋចំនួន ៦៩៣គ្រួសារ ក្នុងខេត្តស្ទឹងត្រែង និងក្រចេះ ទទួលបានអណ្ដូងទឹកស្អាតចំនួន២៩ ពីកាកបាទក្រហមកម្ពុជា

(ស្ទឹងត្រែង-ក្រចេះ)៖ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានផ្តល់ អណ្តូងទឹកស្អាតចំនួន២៩ ជូនដល់ប្រជាពលរដ្ឋខ្វះខាត ទឹកស្អាតប្រើប្រាស់ចំនួន ៦៩៣គ្រួសារ ស្ថិតក្នុងខេត្តស្ទឹងត្រែង និងខេត្តក្រចេះ។

នៅខេត្តស្ទឹងត្រែង កាកបាទក្រហមកម្ពុជា បានសម្ពោធដាក់ឲ្យ ប្រើប្រាស់អណ្តូងចំនួន១៤ ជូនប្រជាពលរដ្ឋខ្វះខាត ទឹកប្រើប្រាស់ចំនួន ៣០៨គ្រួសារ (ស្មើនឹងមនុស្ស ១២៩៣នាក់) មកពីឃុំចំនួន៤ នៃស្រុក/ក្រុងចំនួន ២ របស់ខេត្តស្ទឹងត្រែង ពិធីប្រគល់អណ្ដូងនេះ ប្រព្រឹត្តទៅនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៨។

សម្រាប់ខេត្តក្រចេះ កាកបាទក្រហមកម្ពុជា បានសម្ពោធដាក់ឲ្យប្រើប្រាស់ អណ្តូងចំនួន១៥ ជូនប្រជាពលរដ្ឋខ្វះខាតទឹក ប្រើប្រាស់ចំនួន ៣៨៥គ្រួសារ (ស្មើនឹងមនុស្ស ១២០៤នាក់) មកពីឃុំចំនួន៣ របស់ស្រុកចំនួន ២ នៃខេត្តក្រចេះ ពិធីប្រគល់ប្រព្រឹត្ត ទៅនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨។

មានមតិសំណេះសំណាល ក្នុងឱកាសនោះដែរ លោកវេជ្ជ. អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រង គ្រោះមហន្តរាយ កាកបាទក្រហមកម្ពុជា បានពាំនាំនូវប្រសាសន៍របស់ សម្តេចកិតិ្តព្រឹទ្ធបណ្ឌិតប្រធាន ដែលបានផ្តាំផ្ញើសួរសុខទុក្ខ ក្ដីនឹករលឹក និងបានជម្រាបជូនសារ អប់រំមួយចំនួន ដល់ប្រជាពលរដ្ឋ ដែលមកចូលរួមក្នុង ពិធីដោយមានខ្លឹមសារថា សូមបងប្អូនយកចិត្តទុកដាក់ ថែរក្សាសុខភាពឲ្យបានល្អ មានអនាម័យក្នុងការរស់នៅ ដោយប្រកាន់ខ្ជាប់នូវ ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត គេងក្នុងមុងជានិច្ច ការពារកុំឲ្យកើត ជំងឺគ្រុនចាញ់-គ្រុនឈាម និងជំងឺឆ្លងផ្សេងៗ ស្ត្រីមានផ្ទៃពោះត្រូវទៅពិនិត្យ សុខភាពឲ្យបានទៀងទាត់ និងលេបថ្នាំឲ្យបាន គ្រប់ចំនួន ទៅតាមការណែនាំ របស់គ្រូពេទ្យ។

បញ្ឈប់ផលិតស្រាដោយ ប្រើប្រាស់ជាតិមេតាណុល ព្រោះតំបន់នេះ ធ្លាប់មានប្រជាជន បានបាត់បង់ជីវិត ដោយសារពិសារស្រា មានជាតិមេតាណុល និងសូមចូលរួមជួយថែរក្សា អណ្ដូងឱ្យបានគង់វង្សយូរអង្វែង។

ក្រោយពីទទួលបាន សមិទ្ធផលទាំងនេះ ប្រជាពលរដ្ឋទាំងអស់ មានសេចក្ដីរំភើបរីករាយក្រៃលែង និងបានសម្ដែងនូវ សេចក្ដីដឹងគុណ និងថ្លែងអំណរគុណ ចំពោះសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលតែង តែគិតគូរពីសុខទុក្ខប្រជាពលរដ្ឋ ដោយមិនប្រកាន់វណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយឡើយ។

បងប្អូនទាំងអស់ សូមជូនពរដល់សម្ដេច កិត្តិព្រឹទ្ធបណ្ឌិត សូមជួបតែសេចក្ដីសុខ ក្នុងក្រុមគ្រួសារ និងទទួលបាននូវពុទ្ធពរ ទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូមជម្រាបថា ប្រជាពលរដ្ឋ ដែលបានមកចូល រួមក្នុងពិធីនោះ ក្នុងម្នាក់ៗទទួលបានក្រមា១ សារុង១ និងថវិកាមួយចំនួនផងដែរ៕

ដកស្រង់ពី៖ Fresh News