បណ្តាញសង្គម

អង្គការកុមារអាស៊ីប្រចាំនៅប្រទេសបារាំង បង្ហាញឆ​ន្ទៈបន្តការសហការ ជាមួយក្រសួងសង្គមកិច្ច ជួយដល់កុមារកំព្រាគ្មានទីពឹងនៅកម្ពុជា

(ភ្នំពេញ)៖ លោក នឹម ថូត រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា តំណាងលោក វង សូត រដ្ឋមន្ត្រី បានជួបពិភាក្សាការងារជាមួយ លោក Alain Dugueyt ប្រធានអង្គការកុមារអាស៊ី ប្រចាំនៅប្រទេសបារាំង និងលោកស្រី Beatrice Kuhn ក្រុមប្រឹក្សាភិបាល នៃអង្គការកុមារអាស៊ី ប្រចាំនៅប្រទេសបារាំង ព្រមទាំងសហការីមួយចំនួនទៀត នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងសង្គមកិច្ច។

នៅក្នុងកិច្ចសំណេះសំណាលនោះ លោក នឹម ថូត បានលើកឡើងថា ក្រសួងសង្គមកិច្ច នៅតែមានត្រូវការមណ្ឌល បន្ថែមទៀត ដើម្បីបំពេញនូវ តម្រូវការចាំបាច់ ក្នុងការជួយដល់កុមារកំព្រា នៅកម្ពុជា ឲ្យមានទីជម្រករស់នៅ ដោយសមរម្យ និងមានការយកចិត្ តទុកដាក់ពីភាគីពាក់ព័ន្ធ។

ការបន្ថែមមណ្ឌលនៅតែជាតម្រូវ តែសម្រាប់ជួយតែកុមារណា ដែលគ្មានជម្រើសក្នុងកា ររស់នៅជាមួយគ្រួសារ ឬអាចនិយាយបានថា ជាកុមារកំព្រា និងគ្មាន ទីកន្លែងរស់នៅពិតប្រាកដ។

បន្ថែមពីលើនេះ លោក នឹម ថូត បានលើកឡើងថា មុននឹងក្រសួងបន្ថែម មណ្ឌលទៀតនោះ ក្រសួងសង្គមកិច្ច នឹងចុះត្រួតពិនិត្យ ហើយកាត់បន្ថយមណ្ឌលឲ្យនៅតិចបំផុត តាមដែលអាចធ្វើបាន ដោយសារតែមណ្ឌលមួយចំនួន ចិញ្ចឹមកុមារច្រើន តែកុមារទាំងនោះ មានឪពុក ម្តាយ និងបងប្អូន សាច់ញាតិដែលអាច រស់នៅជាមួយបាន។

ក្រោយមានការចុះត្រួតពិនិត្យ ក្រសួងសង្គមកិច្ច រកឃើញថា កុមាររហូតទៅដល់៨៥ភាគរយ គឺសុទ្ធតែមានក្រុមគ្រួសារ ឪពុកម្តាយ បងប្អូន និងមីងមា និងសាច់ញាតិ អាចរស់នៅជាមួយបាន។

ជាមួយគ្នានោះ លោក Alain Dugueyt និងលោកស្រី Beatrice Kuhn ក៏បានសម្តែងការពេញចិត្តព្រមៗគ្នាថា នឹងបន្តកិច្ចសហការល្អជាមួយ ក្រសួងសង្គមកិច្ចបន្តទៀត ដើម្បីអាចជួយដល់កុមារគ្មាន ទីពឹងនៅក្នុងប្រទេសកម្ពុជា។ លោក នឹម ថូត បានជម្រាបជូនប្រធានអង្គការ កុមារអាស៊ីប្រចាំនៅប្រទេសបារាំងថា កន្លងមក ក្រសួងសង្គមកិច្ច និងមន្ទីរក្រសួងនៅតាមបណ្តាខេត្ត តែងតែតាមដានពីស្ថាន ភាពរបស់កុមារ ថាតើកុមារទទួល បានការរៀនសូត្រ ត្រួតពិនិត្យស្ថានភាពសុខភាព និងការរសៀនៅជាមួយក្រុមគ្រួសារ ជាក់ស្តែង។ ក្នុងករណីដែលមានបញ្ហាណាមួយ គឺមានអង្គការ និងមន្ទីរសង្គម កិច្ចជួយដោះស្រាយ។

តំណាងរដ្ឋមន្រ្តីក្រសួងសង្គមកិច្ចលោក នឹម ថូត បានស្នើឲ្យអង្គការមួយនេះ បន្តជួយដល់កម្ពុជាដូចពេលកន្លងមក តែគ្រាន់តែស្នើឲ្យការជួយ ទៅមណ្ឌល មកជាការជួយក្មេង នៅតាមក្រុមគ្រួសារ ឬសហគមន៍វិញ។

សម្រាប់មណ្ឌលដែលមិនត្រូវដាក់កុមារ ក្រសួងសង្គមកិច្ច នឹងបង្វែរមណ្ឌលនោះ ទៅជាកន្លែងផ្តល់សេវាផ្សេងៗ ក្នុងការជួយដល់កុមារ ពេលមានបញ្ហាវិញ និងអាចក្លាយទៅជាមណ្ឌល មនុស្សចាស់ជាដើម។ លោក នឹម ថូត ក៏បានថ្លែងអរគុណ ដល់អង្គការកុមារអាស៊ី ប្រចាំនៅប្រទេសបារាំង ដែលបានជួយដល់កម្ពុជា នាពេលកន្លងមកនេះ ហើយសង្ឃឹមថា អង្គការមួយនេះ នឹងនៅតែបន្តកិច្ចសហប្រតិបត្តិការល្អ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសជាមួយ ក្រសួងសង្គមកិច្ច ឲ្យដំណើរការជួយកុមារ កាន់តែមានប្រសិទ្ធិភាពបន្ថែមទៀត៕

ដកស្រង់ពី៖ Fresh News