បណ្តាញសង្គម

រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច៖ កង់៤០០គ្រឿងជាជំនួយរបស់អង្គការកុគឹសៃជប៉ុន បានជួយសម្រួលទុក្ខលំបាកមួយកម្រិត ដល់សិស្សក្រីក្រ នៅខណ្ឌព្រែកព្នៅ

(ភ្នំពេញ)៖ លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨នេះ បានអញ្ជើញចែកកង់ចំនួន៤០០គ្រឿង ដែលជាជំនួយរបស់អង្គការកុតឹសៃ (KOKUSAI) KJO ប្រទេសជប៉ុន ជូនសិស្សានុសិស្សក្រីក្រ និងមណ្ឌលកុមារកំព្រា នៅសហគមន៍អណ្តូង សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ពិធីនេះផងដែរ ក៏មានការអញ្ជើញចូលរួមពី លោក សាណុ ប្រធានអង្គការកុគឹសៃ (KOKUSAI) KJO និងមន្រ្តីរាជការក្រសួងជាច្រើនរូបទៀត ព្រមទាំងប្រធានមន្ទីរក្រសួងសង្គមកិច្ច និងលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សយ៉ាងច្រើនកុះករ។

ឆ្លៀតនាឱកាសនោះផងដែរលោក លោក វង សូត បានសម្តែងនូវអំណរគុណ ជូនចំពោះរាជរដ្ឋាភិបាលជប៉ុន ក៏ដូចជា អង្គការកុគឹសៃ (KOKUSAI) KJO និងក្រុមការងារ ដែលបានសហការនាំយកនូវ អំណោយជាកង់ចំនួន៤០០គ្រឿង ចែកជូនសិស្សានុសិស្ស ដែលមានជីវភាពខ្វះខាត នៅនៅសហគមន៍អណ្តូង សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

រដ្ឋមន្រ្តី បានបន្ថែមថា ការចែកអំណោយនេះ គឺពិតជាមានតម្រូវការដ៏ចាំបាច់នូវកង់ សម្រាប់ជាមធ្យោបាយក្នុងការ ធ្វើដំណើរទៅមកសាលារៀន។

បន្ថែមពីលើនេះ លោករដ្ឋមន្ត្រី ក៏បានសន្យាថា នឹងបន្តកិច្ចសហប្រតិបតិ្តការ ឲ្យកាន់តែជិតស្និទ្ធជាមួយអង្គការកុគឹសៃ (KOKUSAI) KJO និងសប្បុរសជននានា ក្នុងការស្វែងរកកង់ ក៏ដូចជា សម្ភារសិក្សាចំាបាច់ដទៃទៀត មកចែកជូនសិស្សានុសិស្ស ឲ្យបានកាន់តែច្រើនបន្ថែមទៀត ព្រមទាំងផ្តាំផ្ញើឲ្យសិស្សា នុសិស្សត្រូវចេះថែរក្សា និងប្រើប្រាស់កង់ទាំងនោះ ជាប្រយោជន៍ក្នុងការសិក្សា ព្រមទាំងត្រូវខិតខំប្រឹងប្រែងបន្តការ សិក្សារៀនសូត្រ ឲ្យកាន់តែប្រសើរ ដើម្បីក្លាយជាទំពាំងស្នងឫស្សី ក៏ដូចជាសសរទ្រូងប្រទេសជាតិ នាពេលដ៏ខ្លីខាងមុខនេះ។

ជាមួយគ្នានោះ លោកស្រី កែវ សុខពិសី អភិបាលរងរាជធានីភ្នំពេញ បានថ្លែងអរគុណចំពោះ លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និង លោក សាណុ ប្រធានអង្គការកុគឹសៃ (KOKUSAI) KJO ដែលលបានសហការគ្នា ចែកជូនកង់ចំនួន៤០០គ្រឿង ដែលជាជំនួយរបស់អង្គការកុតឹសៃ (KOKUSAI) KJO ប្រទេសជប៉ុន ជូនសិស្សានុសិស្សក្រីក្រ និងមណ្ឌលកុមារកំព្រា នៅសហគមន៍អណ្តូង សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នាពេលនេះ។

លោកស្រី កែវ សុខពិសី បានឲ្យដឹងថា ការចែកជូនកង់ចំនួន៤០០គ្រឿង ដល់សិស្សានុសិស្ស និងកុមារកំព្រាក្រីក្រ នាពេលនេះ គឺជាអំណោយដ៏មានសារ:សំខាន់ ក្នុងការជួយដល់កុមារក្រីក្រ ដែលគ្មានមធ្យោបាយធ្វើដំណើរទៅសាលារៀន។

បន្ថែមពីលើនេះ លោកស្រី ក៏សូមថ្លែងអំណរគុណដល់ អង្គការកុគឹសៃ (KOKUSAI) KJO និងសប្បុរសជននានា ដែលបានជួយឧបត្ថម្ភកង់ចំនួន៤០០គ្រឿង ចែកជូនដល់សិស្សានុសិស្ស និងកុមារកំព្រាក្រីក្រ នៅរាជធានីភ្នំពេញ នាពេលនេះ៕

ដកស្រង់ពី៖ Fresh News