បណ្តាញសង្គម

រដ្ឋមន្ត្រីការងារ ប្រាប់និយោជកចម្ការកៅស៊ូវៀតណាមនៅកម្ពុជាថា ការអនុវត្តច្បាប់ចំពោះកម្មករចម្ការកៅស៊ូ ក៏ដូចកម្មករក្នុងរោងចក្រដែរ

(ភ្នំពេញ)៖ ក្រុមនិយោជកចម្ការកៅស៊ូ វៀតណាមនៅកម្ពុជា បានបង្ហាញការព្រួយបារម្ភ ពីការអនុវត្តច្បាប់ការងារ និងលិខិតបទដ្ឋានគតិយុត្តនានា ចំពោះកម្មករចម្ការកៅស៊ូនៅកម្ពុជា ស្របពេលដែលកម្ពុជាកំពុង មានការអភិវឌ្ឍ លើវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ហើយមានការប្រែប្រួល ការអនុវត្តមួយចំនួន។

ឆ្លើយតបនឹងការព្រួយបារម្ភនេះ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក អ៉ិត សំហេង បានអះអាងប្រាប់ក្រុម និយោជកចម្ការកៅ ស៊ូវៀតណាមនៅកម្ពុជាថា ការអនុវត្តច្បាប់ស្ដីពីការងារ និងលិខិតបទដ្ឋានគតិយុត្តនានា ចំពោះកម្មករក្នុងចម្ការ កៅស៊ូនៅប្រទេសកម្ពុជា គឺស្របទៅនឹងការអនុវត្ត ចំពោះកម្មករនិយោជិតក្នុងរោងចក្រ សហគ្រាសដូចគ្នាដែរ។

ការពន្យល់បំភ្លឺបែបនេះ ត្រូវបានធ្វើឡើងក្នុងឱកាស ដែលលោករដ្ឋមន្ត្រី អ៉ិត សំហេង ទទួលជួបពិភាក្សាការងារ ជាមួយលោក ជឿង មិញជុង (TRUONG MINH TRUNG) នាយករងសម្ពន្ធឧស្សា ហកម្មកៅស៊ូវៀតណាម (VRG) នៅទីស្ដីការក្រសួងការងារ នាថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨។

ក្រោយបញ្ចប់កិច្ចពិភាក្សាខាងលើ លោក ហ៊ូ វុឌ្ឍី អនុរដ្ឋលេខាធិការក្រសួងការងារ បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា បន្ទាប់ពីភាគីវៀតណាមបង្ហាញ ការព្រួយបារម្ភខាងលើនោះរួចមក លោករដ្ឋមន្ត្រី អ៉ិត សំហេង បានអះអាងតបវិញថា ការអនុវត្តច្បាប់នា ពេលបច្ចុប្បន្ននៅកម្ពុជា គឺគ្របដណ្ដប់ទាំងអស់ មិនថានៅក្នុងរោចងចក្រ ឬនៅក្នុងចម្ការកៅស៊ូនោះទេ ដូចជាការបើកប្រាក់ខែ២ដងក្នុងមួយខែ បើកប្រាក់អតីតភាព២ដងក្នុងមួយឆ្នាំ ការអនុវត្តការងារពាក់ព័ន្ធនឹង បេឡាជាតិរបបសន្តិសុខសង្គម ការផ្ដល់នូវអត្ថប្រយោជន៍ផ្សេងៗទៀត។

រដ្ឋមន្ត្រីក្រសួងការងារ បានសង្កត់ធ្ងន់ថា ការប្រែប្រួលនូវការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានានេះ គឺធ្វើឡើងដើម្បីការពារផល ប្រយោជន៍របស់កម្មករនិយោជិត និងការបង្កើនផលិតភាពការងារ នៅតាមមូលដ្ឋានការងារ ឱ្យកាន់តែខ្ពស់។

ក្រោយពីទទួលបានការបកស្រាយ ពីសំណាក់លោករដ្ឋមន្ត្រី អ៉ិត សំហេង រួចមក តំណាងភាគីនិយោជកចម្ការ កៅស៊ូវៀតណាមនៅកម្ពុជា ហាក់រសាយនូវក្ដីកង្វល់ ហើយបានជម្រាបបន្ថែមថា ប្រសិនបើមានបញ្ហាអ្វីផ្សេង ទៀតពាក់ព័ន្ធវិស័យការងារនេះ ភាគីវៀតណាមនឹង ទាក់ទងមកក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈផ្ទាល់។

លើសពីនេះ តំណាងនិយោជកចម្ការកៅ ស៊ូវៀតណាមនៅកម្ពុជា លោក ជឿង មិញជុង ក៏បានជម្រាបជូន លោករដ្ឋមន្ត្រី អ៉ិត សំហេង ដែរថា សមាគមចម្ការកៅ ស៊ូវៀតណាមនៅកម្ពុជា នឹងរៀបចំឱ្យសមាគមរបស់គេឱ្យ ស្របច្បាប់ពេញលេញ ពិសេសគឺការរៀបចំបែប បទចុះបញ្ជីនៅក្រសួងការងារ ដើម្បីងាយស្រួលក្នុងការ អនុវត្តច្បាប់ជាមួយភាគីកម្ពុជា៕

ដកស្រង់ពី៖ Fresh News