បណ្តាញសង្គម

សមាគមមន្ត្រីរាជការ ស្នើក្រសួងសង្គមកិច្ច ពន្លឿនការអនុវត្តច្បាប់ របបសន្តិសុខសង្គម

ភ្នំពេញ៖ សមាគមមន្ត្រីរាជការ ឯករាជ្យកម្ពុជា ស្នើដល់រដ្ឋមន្ត្រី ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ពន្លឿនការអនុវត្តច្បាប់ របបសន្តិសុខសង្គម សម្រាប់មន្ត្រីរាជការស៊ីវិល ដើម្បីទទួលបានសេវាធានារ៉ាប់រង ទៅលើគ្រោះថ្នាក់ការងារ។

យោងតាមលិខិតមួយច្បាប់ របស់ប្រធានសមាគម មន្ត្រីរាជការឯករាជ្យកម្ពុជា លោក កៅ ពឿន ផ្ញើជូនរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តម វង សូត ចុះនៅថ្ងៃទី១០ ខែមិថុនានេះ លើកឡើងថា មន្ត្រីរាជការសព្វថ្ងៃ មានការលំបាកយ៉ាងខ្លាំង ដោយសារប្រាក់ខែមានកម្រិតទាប មិនអាចផ្គត់ផ្គង់ នឹងការចំណាយប្រចាំថ្ងៃបានឡើយ ហើយភាពលំបាកនឹងកើតឡើងទ្វេដង ប្រសិនបើមន្រី្តរាជការ ជួបប្រទះគ្រោះថ្នាក់ការងារ ដោយចៃដន្យណាមួយ។

លិខិតដដែលបន្តថា ដើម្បីរួមចំណែកក្នុងការដោះស្រាយ ការលំបាកដែលបាននឹង កំពុងជួបប្រទះ និងដើម្បីលើកទឹកចិត្ត ផ្តល់កម្លាំងចិត្ត ចំពោះមន្ត្រីរាជការ ទទួលបានប្រសិទ្ធភាព និងប្រសិទ្ធផលការងារនោះ សមាគមមន្ត្រីរាជការឯករាជ្យកម្ពុជា ស្នើដល់រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ពន្លឿនការអនុវត្តច្បាប់ របបសន្តិសុខសង្គម ស្របតាមមាត្រា២ នៃអនុក្រឹត្យរាជរដ្ឋាភិបាល។

អនុក្រឹត្យរបស់រាជរដ្ឋាភិបាល ស្តីពីការបង្កើតបេឡាជាតិសន្តិសុខសង្គម សម្រាប់មន្ត្រីរាជការ ចែងថា បេឡាជាតិសន្តិសុខសង្គម (បសស) មានកាតព្វកិច្ចគ្រប់គ្រង និងធានាការបើកផ្តល់ របបសន្តិសុខសង្គមជូនមន្ត្រីរាជការស៊ីវិល និវត្តជន និងជនបាត់បង់ សម្បទាវិជ្ជាជីវៈ ក្នុងករណីចូលនិវត្តន៍ បាត់បង់សម្បទាវិជ្ជាជីវៈ មាតុភាព គ្រោះថ្នាក់ការងារ និងមរណភាព និងអ្នកនៅក្នុងបន្ទុកនៃជនទាំងនោះ៕