បណ្តាញសង្គម

ស្នងការរងនគរបាលចរាចរណ៍ខេត្តស្ទឹងត្រែង ព្រមានបណ្តេញមន្ត្រីចេញពីក្របខ័ណ្ឌ បើពិន័យអ្នកបើកខុសច្បាប់មិនបានត្រឹមត្រូវ

(ស្ទឹងត្រែង)៖ លោក អូត ស៉ីវុត្ថា ស្នងការរងទទួលផែនចរាចរណ៍ នៃស្នងការដ្ឋាននគរបាល ខេត្តស្ទឹងត្រែង បានព្រមានបណ្តេញ មន្ត្រីចេញពីក្របខ័ណ្ឌ បើមន្ត្រីណាម្នាក់ ធ្វើការផាកពិន័យប្រជាពលរដ្ឋ ដោយមិនអនុវត្តន៍តាមច្បាប់ ដែលបានកំណត់ពោលយក លុយទៅដាក់ហោប៉ៅផ្ទាល់ខ្លួន។

ការព្រមានរបស់លោក អូត ស៉ីវុត្ថា បានធ្វើឡើងនៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្នុងឱកាសលោក បានបើកការប្រជុំរឹតបន្តឹង អនុវត្តន៍ច្បាប់ ចរាចរណ៍ផ្លូវគោក នៅស្នងការដ្ឋាន នគរបាលខេត្តស្ទឹងត្រែង ដើម្បីឲ្យច្បាប់ចរាចរណ៍ផ្លូវគោក មានប្រសិទ្ធិភាពលើអ្នកអនុវត្តន៍។

លោកស្នងការរង បានបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងនាមយើងជាមន្រ្តីនគរបាលចរាចរណ៍ ក្នុងឯកសណ្ឋានអ្នកអនុវត្តច្បាប់ គឺជាអ្នកបម្រើប្រជាពលរដ្ឋ មិនមែនជាម្ចាស់លើប្រជាពលរដ្ឋនោះទេ ហើយបើសិនជាមន្រ្តីណា មួយដែលមិនគោរព និងអនុវត្តន៍ទៅតាមច្បាប់នោះទេ គឺត្រូវប្រឈមនឹងការពិន័យ របស់កងកម្លាំង ឬក៏អាចប្រឈមនិងការ បណ្តេញចេញពីក្របខ័ណ្ឌ»។

លោក អូត ស៊ីវុត្ថា បានលើកឡើងថា ការដែលឲ្យមន្រ្តីនគរបាលចរាចរណ៍ទាំងអស់ ចុះទៅអនុវត្តន៍ច្បាប់ពាក់ព័ន្ធ ទៅនឹងផ្នែកចរាចរណ៍ផ្លូវគោក គឺមិនមែនឲ្យទៅរឹត បន្តឹងក្នុងការយកប្រាក់ ពីអ្នកល្មើសច្បាប់ចរាចរណ៍នោះទេ។

លោកថា ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនេះ គឺលោកបារម្មណ៍ខ្លាចប៉ះពាល់ ដល់ឈ្មោះថ្នាក់ដឹកនាំ ដោយមន្រ្តីក្រោមឱវាទ យកឈ្មោះថ្នាក់ដឹកនាំ ទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន។

ចុងក្រោយលោកស្នងការរង បានបញ្ជាក់ថា ការរឹតបន្តឹងច្បាប់ ចរាចរណ៍ផ្លូវគោកនេះ គឺបានបង្កើតក្រុមចំរុះ មួយពាក់ព័ន្ធនិងការទប់ស្កាត់ ក៏ដូចជាការបង្រ្កាបបទល្មើសផងដែរ រីឯផ្នែកសមត្ថកិច្ចចរាចរណ៍នេះ គឺសំខាន់ណាស់ក្នុង ការអនុវត្តនៅលើដងផ្លូវ៕

ដកស្រង់ពី៖ Fresh News