Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រដ្ឋមន្រ្តីពាណិជ្ជកម្ម៖ ការចូលរួមព្រឹត្តិការណ៍ពិព័រណ៍នាំចូលអន្ដរជាតិចិន ជាការគាំទ្រគោលនយោបាយសកលភាវូបពាណិជ្ជកម្ម

  • បោះពុម្ព

(សៀងហៃ)៖ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់ថា ការចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍ នាំចូលអន្ដរជាតិចិន គឺជាការបង្ហាញនូវ ការគាំទ្ររបស់កម្ពុជា ចំពោះគោលជំហរ របស់ចិនទៅលើការជំរុញ សាកលភាវូបពាណិជ្ជកម្ម និងការបើកចំហរទីផ្សារ ដើម្បីធ្វើសមាហរណកម្ម សេដ្ឋកិច្ចទៅក្នុងពិភពលោក។

លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ដូច្នេះ នាឱកាសដឹកនាំគណៈប្រតិភូ ពាណិជ្ជកម្ម និងសហព័ន្ធស្រូវអង្ករ កម្ពុជាចូលរួមពិធីកាត់ខ្សែបូ រសម្ពោធពន្លាជាតិកម្ពុជា នៅក្នុងពិព័រណ៍នាំចូល អន្តរជាតិចិននាថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅក្នុងទីក្រុងសៀងហៃ នៃសាធារណ រដ្ឋប្រជាមានិតចិន។

ក្នុងឱកាសនោះ លោក ប៉ាន សូរស័ក្តិ បានជម្រាបភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ដែលមានវត្តមាននៅក្នុងពិធីថា ព្រឹត្តិការណ៍ពិព័រណ៍ នាំចូលអន្ដរជាតិចិន គឺជាវេទិកាដ៏សំខាន់បំផុតមួយ សម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិ អន្តរជាតិរវាងប្រទេស ចូលរួមទាំងអស់ ដើម្បីបង្ហាញពីស្នាដៃ និងវឌ្ឍនភាពទាក់ទងវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម។

លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានបន្តទៀតថា ព្រឹត្តិការណ៍ពិព័រណ៍ដ៏ធំនេះ បានទាក់ទាញក្រុមហ៊ុនច្រើនជាង ៣,០០០ មកពីប្រទេសចំនួន១៣០ នៃទ្វីបអាមេរិក អឺរ៉ុប និងអាស៊ី។

សម្រាប់កម្ពុជា មានក្រុមហ៊ុន ១០ បានចូលរួមផ្សព្វផ្សាយ និងកំពុងស្វែងរកដៃគូ វិនិយាគលើផលិតផលអង្ករ ដំឡូងមី នំស្រួយលីលី ម្រេច ស្ករត្នោត ស្រាទំពាំងបាយជូរ ស្វាយចន្ទីរ សណ្តែកដី និងទឹកមាត់ត្រចៀកកាំ។ «ក្រៅពីវិស័យពាណិជ្ជកម្ម យើងបានខិតខំផ្សព្វផ្សាយ អំពីសក្តានុពលវិស័យវប្បធម៌ និងទេសចរណ៍ ដើម្បីទាក់ទាញភ្ញៀវទេសចរចិន ឱ្យធ្វើដំណើរទៅទស្សនា ប្រទេសកម្ពុជាកាន់តែច្រើន យើងនឹងចូលរួមនៅក្នុង ព្រឹត្តិការណ៍ពិព័រណ៍អន្តរជាតិនេះទៀត ទៅតាមការអញ្ជើញរបស់ភាគីចិន»។

លោករដ្ឋមន្រ្តី បានអះអាងបន្ថែម។ សូមជម្រាបថា ពន្លាជាតិរបស់កម្ពុជា ដែលបានសម្ពោធថ្ងៃនេះមានទំហំ ១៣៦ម៉ែត្រការ៉េ (១៧មX៨ម) ត្រូវបានសាងសង់ និងតុបតែងតាមរចនា បទព្រះបរមរាជវាំងខ្មែរ ដោយនៅចំពីមុខមានដាក់រូបព្រះសង្ហារ ដំបូលមានដាក់ជ្វា និងប្រក់ក្បឿងពណ៌ ស្រកាលីញច្រើនជាន់ ព្រមទាំងមានបុស្បុក ជាប្រាង្គប្រាសាទនៅចំកណ្តាល ដែលជានិមិត្តរូប នៃការរីកចម្រើនឥតឈប់ឈរ។

លើសពីនេះសំណង់ដំបូល បានរំលេចនូវឈ្មោះពន្លាជាតិ «ព្រះរាជាណាចក្រកម្ពុជា» ជាបីភាសា (ខ្មែរ ចិន និងអង់គ្លេស) និងមានទង់ជាតិប្រទេសកម្ពុជា ជាមួយផ្ការំដួលដែលជានិមិត្តរូបជាតិ។

ចំណែកឯនៅខាងក្នុងពន្លាជាតិ មានធ្នើសម្រាប់ដាក់តាំង ផលិតផលខ្មែរចម្រុះដូចជា៖ អង្ករ ដំឡូងមី ម្រេច ពោត ស្វាយចន្ទី សណ្តែក ស្ករត្នោត មី ទឹកត្រី ទឹកស៊ីអ៊ីវ កាហ្វេ តែ ភេសជ្ជៈ ក្រម៉ា សូត្រ ផ្តៅ និងវត្ថុអនុស្សាវរីយ៍ ព្រមទាំងឯកសារផ្សព្វផ្សាយអំពីវិស័យពាណិជ្ជកម្ម និងវិនិយោគ វប្បធម៌ និងទេសចរណ៍៕

ដកស្រង់ពី៖ Fresh News