បណ្តាញសង្គម

ព្រឹកថ្ងៃពុធនេះសម្តេចតេជោ ហ៊ុន សែន បន្តអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ និយោជិតជាង ២ម៉ឺននាក់នៅក្នុងខេត្តតាកែវ

(តាកែវ)៖ នៅព្រឹកថ្ងៃពុធ ១៤រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បន្តអញ្ជើញចុះជួប សំណេះសំណាលជាមួយកម្មករ និយោជិតប្រមាណ ២៣,៤៦៦នាក់ទៀតមកពីរោងចក្រ សហគ្រាសចំនួន២០មកតាម ស្រុកនានានៅក្នុងខេត្តតាកែវ។

ពិធីសំណេះសំណាល នេះធ្វើឡើងនៅភូមិថ្នល់ទក្សិណ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ។

ជំនួបសំណេះសំណាល នៅព្រឹកថ្ងៃនេះ គឺជាការជួបសំណេះសំណាល លើកទី២សម្រាប់កម្មករ និយោជិតនៅក្នុងខេត្តតាកែវ។

រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជា លោក អ៉ិត សំហេង បានឲ្យដឹងថា រោងចក្រ សហគ្រាសទាំង២០ ដែលអនុញ្ញាតឲ្យកម្មករ កម្មការិនីជួបសំណេះសំណាល ដោយផ្ទាល់ជាមួយសម្តេចតេជោ ហ៊ុន សែន នេះ មានរោងចក្រកាត់ដេរ សម្លៀកបំពាក់ចំនួន១៣, ផលិតស្បែកជើងចំនួន៦ និងបោះពុម្ពលើ សម្លៀកបំពាក់ចំនួន១។

លោករដ្ឋមន្ត្រី បានឲ្យដឹងដែរថា ផលិតទាំងអស់ត្រូវបាន នាំចេញទៅកាន់ទីផ្សារអន្តរជាតិ និងផ្គត់ផ្គង់ទីផ្សារ ក្នុងប្រទេស។

បើតាមលោករដ្ឋមន្ត្រី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បច្ចុប្បន្នខេត្តតាកែវ មានសហគ្រាស គ្រឹះស្ថានចំនួន១១៤ មានកម្មករ និយោជិត ៤៦,៩៩០នាក់។

ក្នុងនោះរោងចក្រ កាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើងមានចំនួន៣៧ មានកម្មករ និយោជិតចំនួន ៣៨,១៥៨នាក់ ដែលមានប្រាក់ ឈ្នួលសរុបប្រមាណជិត ៩២លានដុល្លារក្នុងមួយឆ្នាំ។

លោក អ៉ិត សំហេង បានចាត់ទុកវត្តមានរោងចក្រ សហគ្រាសនៅក្នុងខេត្តតាកែវ គឺជាជោគជ័យនៃគោល នយោបាយទាក់ទាញ វិនិយោគ, ការពង្រាយរោង ចក្រទៅតាមបណ្តាខេត្ត, គោលនយោបាយជាតិស្តីពីមុខរបរ និងការងារ, គោលនយោបាយអភិវឌ្ឍន៍ វិស័យឧស្សាហកម្មកម្ពុជា, គោលនយោបាយស្តីពីការ អប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងក្របខណ្ឌគោល នយោបាយជាតិគាំពារសង្គម របស់រាជរដ្ឋាភិបាលកម្ពុជា។

សូមបញ្ជាក់ថា ដើម្បីជំរុញវិស័យឧស្សាហកម្ម ឲ្យមានសន្ទុះទៅមុខកាន់តែ ខ្លាំងក្លាសម្តេចតេជោ ហ៊ុន សែន បានចាប់ផ្តើមចុះជួប សំណេះសំណាល ដោយផ្ទាល់ជាមួយកម្មករ កម្មការិនីតាំងពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧។

មកដល់បច្ចុប្បន្នសម្តេចតេជោ ហ៊ុន សែន បានអញ្ជើញជួបជាមួយកម្មករ កម្មការិនី ប្រធានរដ្ឋបាល ប្រធានផ្នែក ប្រធានក្រុមសរុបចំនួន ៥៨លើក ដែលមានអ្នកចូលរួមសរុប ៨២៤,០៣៤នាក់។

តាមរយៈជំនួបជាបន្តបន្ទាប់នេះ សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញគោល នយោបាយជាផលប្រយោជន៍ ជាច្រើនសម្រាប់កម្មករ កម្មការិនី ហើយបញ្ហាមួយចំនួន ដែលប្រឈមសម្រាប់ការ រស់នៅរបស់កម្មករ កម្មការិនី ក៏ត្រូវបានដោះស្រាយជាបន្តបន្ទាប់ផងដែរ៕

ដកស្រង់ពី៖ Fresh News