បណ្តាញសង្គម

កសិករក្រីក្រ៦៤គ្រួសារ នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ទទួលបានគោពូជយកទៅចិញ្ចឹម, រដ្ឋមន្រ្តីកសិកម្ម ជំរុញឲ្យមន្ទីរជួយផ្តល់បច្ចេកទេស លើការថែទាំសុខភាពសត្វ ជូនកសិករ

(កំពង់ឆ្នាំង)៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានស្នើដល់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង ឲ្យបន្តយកចិត្តទុកដាក់ខ្ពស់ ក្នុងការជួយឧបត្ថម្ភផ្តល់ សេវាបច្ចេកទេស លើការថែទាំសុខភាពសត្វ និងការបង្កាត់ពូជសិប្បនិមិត្ត ជូនដល់ប្រជាកសិករ ដើម្បីលើកកម្ពស់ក្នុងការ បង្កើនចំណូល របស់កសិករបន្ថែមទៀត។

ការស្នើយ៉ាងដូច្នេះ បានធ្វើឡើងក្នុងឱកាសដែលលោក វេង សាខុន អញ្ជើញជាអធិបតីក្នុងពិធី ចែកគោពូជ ជូនប្រជាកសិករក្រីក្រចំនួន៦៤គ្រួសារ នៅភូមិច្រករមៀត ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ដើម្បីយកទៅចិញ្ចឹម ដែលគោពូជទាំងអស់ ជាអំណោយរបស់អង្គការ Muslim Aid។

តាមសេចក្តីរាយការណ៍របស់ អង្គការ Muslim Aid បានបញ្ជាក់ឲ្យដឹងថា គម្រោងរបស់អង្គការ Muslim Aid នៅកម្ពុជា បានចាប់ដំណើរសកម្មភាពរបស់ខ្លួន ចាប់តាំងពីឆ្នាំ២០០៧មកម៉្លេះ។ រាយការណ៍ដដែលបានបន្ថែមថា ចំពោះគម្រោងកម្មវិធីចែកគោនាថ្ងៃនេះ គឺជាគម្រោងកម្មវិធីថ្មី ដែលមានរយៈពេល៣ឆ្នាំ គឺ២០១៨-២០២១ ដែលត្រូវអនុវត្តក្នុងភូមិចំនួន៣០ ក្នុងស្រុកកំពង់ត្រឡាច នោងស្រុករលាប្អៀរ និងក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ដែលមានកសិករក្រីក្រចំនួន៦០៥គ្រួសារ នឹងទទួលផលពីគម្រោង ដោយត្រង់ និងដោយប្រយោល ប្រមាណ៤៩,១៥០គ្រួសារ។

ការចែកគោជូនប្រជាជននាថ្ងៃនេះ គឺជាកម្មវិធីទី២ ដែលចែកគោជូនចំនួន១២៨ ក្បាល ជូនប្រជាជនចំនួន៦៤គ្រួសារ ដោយគ្រួសារនីមួយៗទទួលបានគោពីរក្បាល ញីមួយ និងឈ្នោលមួយ (ចែកជូន១ក្បាល និង១ក្បាលទៀតធ្វើការប្រវ៉ាស់គ្នា)។

ដោយឡែកកម្មវិធីទី១ គឺបានប្រព្រឹត្តនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ កន្លងទៅ ដែលបានចែកគោចំនួន១១២ក្បាល ជូនប្រជាកសិករក្រីក្រចំនួន ៥៦គ្រួសារ មកពី១២ភូមិ ក្នុង៤ឃុំ ក្នុងស្រុកកំពង់ត្រឡាច ក្រោមអធិបតីភាព លោកស្រី ហោ ម៉ាលីន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ហើយក្នុងអំឡុងខែធ្នូខាងមុខ អង្គការនឹងធ្វើការបែងចែក៤០គ្រួសារបន្ថែមថែមទៀត សរុបទាំង៣លើក មានចំនួន១៦០គ្រួសារ។ បើយោងតាមលក្ខខ័ណ្ឌរបស់អង្គការនេះ ការចែកជូនគោជូនប្រជាកសិករ គឺបានផ្តល់អាទិភាពទៅលើ៖

១៖ ស្រ្តីដឹកនាំគ្រួសារមាន លទ្ធភាពតិចតួច ក្នុងការទទួលបានទ្រព្យសម្បត្តិ

២៖ គ្រួសារមានជនពិការ និងត្រូវចុះឈ្មោះជាជនក្រីក្រ

៣៖ គ្រួសាររបស់ជនជាតិដើមភាគស

៤៖ គ្រួសារមានជនជាតិភាគតិច ដែលមានទ្រព្យសម្បត្តិតិចតួច ជាជនជាតិខ្មែរឥស្លាម។

តាមការបញ្ជាក់របស់ លោកនាយកអង្គការនេះ បានឲ្យដឹងថា មុនចែកជូនគោយកទៅចិញ្ចឹម អង្គការនេះ បានធ្វើការបណ្តុះបណ្តាលបច្ចេកទេសជាមូលដ្ឋាន ដល់ប្រជាកសិករដើម្បីធានាថា ពួកគាត់ចេះមើលថែរក្សាសត្វបានល្អ ទាំងការផ្តល់ចំណី ការការពារ និងព្យាបាលជំងឺ។

នាឱកាសនេះ លោករដ្ឋមន្រ្តី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងនូវការកោតសរសើរ និងអំណរគុណ និងបានវាយតម្លៃយ៉ាងខ្ពស់ ចំពោះអង្គការ Muslim Aid ដែលបានផ្តល់ជំនួយ សប្បុរសជាពូជគោ ដល់ប្រជាកសិករក្រីក្រ នៅថ្ងៃនេះ។

ជាមួយគ្នានោះ លោក វេង សាខុន ក៏បានស្នើសុំអង្គការពិនិត្យលទ្ធភាព ពង្រីកកម្មវិធីគម្រោង ឲ្យបានច្រើនបន្ថែមទៀត នៅតាមតំបន់ ឬខេត្តមានបងប្អូនជនជាតិ ឥស្លាមរស់នៅច្រើនប្រយោជន៍ ដើម្បីកាត់បន្ថយភាពក្រីក្រ និងបានសំណូមពរឲ្យបងប្អូន ប្រជាកសិករដែលទទួល បានគោនាថ្ងៃនេះ សូមយកចិត្តទុកដាក់មើលថែរក្សា គង់វង្ស និងទទួលបានការរីកចម្រើន បានល្អប្រសើរ ដើម្បីជាប្រយោជន៍ក្នុងការបង្កើន ប្រាក់ចំណូលក្នុងគ្រួសារ។

លោករដ្ឋមន្រ្តីបានស្នើដល់មន្ទីរកសិកម្ម ខេត្តកំពង់ឆ្នាំង ឲ្យបន្តយកចិត្តទុកដាក់ខ្ពស់ ក្នុងការជួយឧបត្ថម្ភផ្តល់ សេវាបច្ចេកទេស លើការថែទាំសុខភាពសត្វ និងការបង្កាត់ពូជសិប្បនិមិត្ត ជូនដល់ប្រជាកសិករ ដែលទទួលបាន គោនាថ្ងៃនេះ ដើម្បីលើកកម្ពស់ក្នុងការ បង្កើនចំណូលរបស់កសិករបន្ថែមទៀត ហើយលោកក៏បានស្នើ សុំអង្គការពិនិត្យលទ្ធភាព ពង្រីកកម្មវិធីគម្រោងឲ្យ បានច្រើនបន្ថែមទៀត ទៅកាន់តំបន់ផ្សេងទៀតផងដែរ៕

ដកស្រង់ពី៖ Fresh news