បណ្តាញសង្គម

ទូតអាមេរិកចប់អាណត្តិ៖ កម្ពុជាបានខិតខំលើកកម្ពស់សិទ្ធិកម្មករ និងទំនាក់ទំនងថៅកែ-កម្មករ ហើយរក្សាទំនុកចិត្តរបស់អ្នកបញ្ជាទិញ

(ភ្នំពេញ)៖ លោក William A. Heidt ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ដែលទើបផុតអាណត្តិ បានកត់សម្គាល់ឃើញថា កម្ពុជាបានខិតខំពង្លឿនកំណែទម្រង់ ដើម្បីលើកកម្ពស់សិទ្ធិកម្មករ និងទំនាក់ទំនងរវាងថៅកែ-កម្មករ និងរក្សាបាននូវទំនុកចិត្ត របស់អ្នកបញ្ជាទិញអន្តរជាតិ និងលទ្ធភាពក្នុងការចូលទៅ ក្នុងទីផ្សារនៅក្រៅប្រទេស។

លោក William A. Heidt ថ្លែងបែបនេះ ត្រូវបានធ្វើឡើងក្នុង ជំនួបសម្តែងការគួរសម និងជម្រាបលាលោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅទីស្តីការក្រសួងការងារ នាព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨។

ក្នុងឱកាសនោះ លោកឯកអគ្គរដ្ឋទូត បានអបអរសាទរចំពោះជោគជ័យ ដែលកម្ពុជាសម្រេចបានក្នុងការ ពង្រីកវិស័យកម្មន្តសាលរបស់កម្ពុជា ហើយកែលម្អស្ថានភាព ការងារនៅតាមរោងចក្រ។

លោក William A. Heidt បានថ្លែងទៀតថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាដៃគូសហប្រតិបត្តិការ ដ៏ល្អដែលបានខិតខំរួមគ្នា ក្នុងការដោះស្រាយបញ្ហាប្រឈម បញ្ហាធ្វើឱ្យមានការរីកចម្រើនជាច្រើនជាមួយគ្នា ដែលវាបានឆ្លុះបញ្ចាំង នូវកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងសហរដ្ឋអាមេរិកជាមួយកម្ពុជា។

ជាមួយគ្នានោះ លោករដ្ឋមន្ត្រី អ៉ិត សំហេង បានឱ្យដឹងថា រយៈពេលមួយអាណត្តិរបស់លោក William A. Heidt កន្លងមកនេះ កម្ពុជា-អាមេរិក មានទំនាក់ទំនងទៅលើវិស័យពាណិជ្ជកម្ម លក្ខខណ្ឌការងារជាដើម។

ក្នុងនាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោករដ្ឋមន្ត្រី អ៉ិត សំហេង បានវាយតម្លៃខ្ពស់ចំពោះ បេសកម្មរបស់លោក William A. Heidt ដែលបានរួមវិភាគទានដ៏សំខាន់ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅកម្ពុជា៕

ដកស្រង់ពី៖ Fresh News