បណ្តាញសង្គម

មន្ត្រីរាជរដ្ឋាភិបាល ទទួលការបណ្តុះបណ្តាលពង្រឹងសមត្ថភាពស្តីពី «ភាពជាដៃគូរវាងរដ្ឋ និងវិស័យឯកជន» ដោយយកបទពិសោធន៍តាមប្រទេសចិន

(ភ្នំពេញ)៖ មន្ត្រីរាជការដែល ជាថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន នាយកដ្ឋាន មកពីតាមក្រសួងស្ថាប័ន ពាក់ព័ន្ធនៃរាជរដ្ឋាភិបាល កម្ពុជាជាច្រើនរូប នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានទទួលការបណ្តុះបណ្តាល ពង្រឹងសមត្ថភាពបន្ថែមស្តីពី «ភាពជាដៃគូរវាងរដ្ឋ និងវិស័យឯកជន» ដោយយកបទពិសោធន៍ តាមប្រទេសចិន។

ពិធីបើកវគ្គបណ្តុះបណ្តាល នេះត្រូវបានធ្វើឡើងក្រោម អធិបតីភាពលោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, លោកបណ្ឌិត Liu Qin អនុប្រធានវិទ្យាស្ថាន ជាតិគណនេយ្យសៀងហៃ និង លោក Sie Fei នាយកមជ្ឈមណ្ឌល ភាពជាដៃគូរវាងរដ្ឋ និងឯកជន នៃសាធារណរដ្ឋប្រជាមានិតុចិន។

បណ្ឌិត Liu Qin អនុប្រធានវិទ្យាស្ថាន ជាតិគណនេយ្យសៀងហៃ បានលើកឡើងថា កម្មវិធីបណ្តុះបណ្តាលនេះ គឺសំដៅចែករំលែក និងផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍រវាងកម្ពុជានិងចិន ក្នុងក្របខណ្ឌនៃភាព ជាដៃគូរវាងរដ្ឋនិងវិស័យ ឯកជន ។

បណ្ឌិត Liu Qin បានលើកឡើងទៀតថា «ការរីកចម្រើនទីក្រុងសៀង ហៃសព្វថ្ងៃនេះ គឺមានការចូលរួមចំណែក ដ៏សំខាន់ពីទំនាក់ទំនងភាព ជាដៃគូរវាងរដ្ឋនិងវិស័យឯកជន ដែលតាមរយៈយន្តការនេះ គឺបានបង្កើតឱ្យមានប្រភព មូលនិធិសម្រាប់អភិវឌ្ឍ ទីក្រុងខ្នាតធំ, មានស្ថាប័នវិនិយោគ អភិវឌ្ឍ និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធ, មានការប្រកួតប្រជែងក្នុង វិស័យថាមពលនៅ តំបន់ទីក្រុង, មានយន្តការកិច្ចលទ្ធកម្ម សាធារណៈដ៏មានប្រសិទ្ធ ភាពក្នុងសេវាសាធារណៈ, មានយន្តការកែសម្រួល តម្លៃក្នុងការផ្តល់សេវាសាធារណៈ និងយន្តការគ្រប់គ្រងជំនាញ ប្រកបដោយវិជ្ជាជីវៈ និងបច្ចេកវិទ្យាកម្រិតខ្ពស់ ដើម្បីបង្កើនគុណភាព សេវាសាធារណៈ»។

ថ្លែងក្នុងពិធីបើកសិក្ខាសាលានោះ លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៉ីប បានថ្លែងអំណរគុណ និង កោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់វិទ្យាស្ថានហិរញ្ញវត្ថុ និងអភិវឌ្ឍន៍អាស៊ី-ប៉ាស៊ីហ្វិក និងមជ្ឈមណ្ឌលភាព ជាដៃគូរវាងរដ្ឋនិងឯកជនប្រទេសចិន ដែលបានសហការជាមួយ វិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃក្រសួង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុកម្ពុជា ក្នុងការរៀបចំការបណ្តុះបណ្តាល ដ៏មានសារសំខាន់នេះ ជូនដល់មន្ត្រីរាជការកម្ពុជា។

លោកបណ្ឌិតសភាចារ្យ បានរំលឹកថា ប្រទេសកម្ពុជា និងប្រទេសចិន មានចំណងមិត្តភាព និង សាមគ្គីភាពជាប្រពៃណីល្អប្រសើរយូរអង្វែង ហើយប្រទេសទាំងពីរ មានកិច្ចសហប្រតិបត្តិការឈានដល់ ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ លើគ្រប់វិស័យថែមទៀត ។

បណ្ឌិតសភាចារ្យរដ្ឋលេខាធិការ ក៏បានគូសបញ្ជាក់ដែរថា «ក្នុងទំនាក់ទំនងសហប្រតិបត្តិការ លើការបណ្តុះបណ្តាល និង អភិវឌ្ឍធនធានមនុស្ស ប្រទេសចិនបាន និងកំពុងផ្តល់ការគាំទ្រយ៉ាងសកម្ម តាមរយៈការផ្តល់អាហារូបករណ៍ និងកម្មវិធី ផ្តាស់ប្តូរទស្សនកិច្ចសិក្សា ឱ្យសិស្ស និស្សិត សាស្រ្តាចារ្យ និងមន្ត្រីរាជការកម្ពុជាជាច្រើន បានទៅសិក្សារៀនសូត្រ និង ស្វែងយល់ ព្រមទាំងដកស្រង់បទ ពិសោធន៍នៅប្រទេសចិន»។

«រាជរដ្ឋាភិបាលកម្ពុជា បានអនុម័តដាក់ឱ្យប្រើប្រាស់ ឯកសារគោលនយោបាយស្តីពី [ការអភិវឌ្ឍបន្តយន្ត ការភាពជាដៃគូរវាងរដ្ឋនិងវិស័យឯកជន (PPP) សម្រាប់គ្រប់គ្រងគម្រោង វិនិយោគសាធារណៈ ២០១៦-២០២០] ហើយបានបង្កើត [អង្គភាពនៃភាពជាដៃគូ រវាងរដ្ឋនិងឯកជនថ្នាក់កណ្តាល] នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រួចហើយ សម្រាប់សម្របសម្រួលការ អនុវត្តគម្រោងវិនិយោគក្នុង ក្របខណ្ឌភាពជាដៃគូរវាងរដ្ឋនិងឯកជន ។

ការណ៍នេះ, ឆ្លុះបញ្ចាំងពីការយកចិត្តទុក ដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ក្នុងការបន្តអភិវឌ្ឍហេដ្ឋា រចនាសម្ព័ន្ធសាធារណៈ សំដៅជំរុញការចូល រួមការវិនិយោគពីវិស័យឯកជន ចូលរួម ស្ថាប័នហិរញ្ញវត្ថុ ដើម្បីរួមចំណែកទ្រទ្រង់ចីរ ភាពនៃកំណើនសេដ្ឋកិច្ចរយៈពេលវែង និង បង្កើនសមត្ថភាពប្រកួតប្រជែងកម្ពុជា, ទាំងក្នុងតំបន់ និង អន្តរជាតិ»។ លោកបណ្ឌិតសភាចារ្យរដ្ឋលេខាធិការ ក៏បានគូសបញ្ជាក់បន្ថែម។

លោបណ្ឌិតសភាចារ្យរដ្ឋលេខាធិការ ក៏បានគូសបញ្ជាក់ទៀតថា កម្ពុជាត្រូវការស្វែង យល់បន្ថែមទៀត នូវបទពិសោធន៍ និង ឧត្តមានុវត្តន៍អន្តរជាតិ ពាក់ព័ន្ធនឹងភាពជាដៃគូរវាងរដ្ឋ និងឯកជននេះ ។

ដូច្នេះការបណ្តុះបណ្តាល «ភាពជាដៃគូរវាងរដ្ឋនិងវិស័យឯកជន៖ បទពិសោធន៍ប្រទេសចិន» នៅពេលនេះ គឺឆ្លើយតបទៅនឹងតម្រូវ ការជាក់ស្តែង សម្រាប់ការអនុវត្តនៅកម្ពុជា ជាពិសេស ការអនុវត្តការកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលកំពុងស្ថិត ក្នុងដំណាក់កាលទី ៣ ក្នុងគោលដៅបង្កើនការផ្សារ ភ្ជាប់ថវិកាទៅនឹងគោលនយោបាយ ជាអាទិភាពរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ។

លោកបណ្ឌិត សភាចារ្យរដ្ឋលេខាធិការ បានផ្តាំផ្ញើ និងលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ ត្រូវចូលរួមពិភាក្សាឱ្យបានសកម្ម និងផុលផុស ប្រមូលផ្តុំបទពិសោធន៍និងមេរៀនល្អៗពីវគ្គបណ្តុះបណ្តាល សំដៅពូតផ្តុំជាធាតុចូល ដើម្បី តម្រង់ទិសអនុវត្តការងារឱ្យមានប្រសិទ្ធភាព តាមភារកិច្ចរៀងៗខ្លួន និង ឈានទៅចូលរួម សម្រេចគោលដៅយុទ្ធសាស្ត្រ ចតុកោណ- ដំណាក់កាលទី ៤ របស់រាជរដ្ឋាភិបាល ដើម្បីកំណើន ការងារ សមធម៌ និងប្រសិទ្ធភាព និង កសាងមូលដ្ឋានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ២០៥០៕

ដកស្រង់ពី៖ Fresh News